adverise with khmeread Thai crown prince 3

នាយករដ្ឋមន្ត្រី​ថៃ​និយាយថា រាជទាយាទ​សុំ​ចំណាយពេល​កើតទុក្ខ​ជាមួយ​ប្រទេស​សិន មិនទាន់​ចង់​ឡើង​ធ្វើ​ស្តេច​ភ្លាមៗ​ទេ​

    ​នាយករដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​បានទទួល​សិទ្ធិ​ចូល​ស្តាប់​រាជទាយាទ ដែល​ប្រាប់​លោក​ថា ទ្រង់​ចង់​ចំណាយពេល​ដើម្បី​សម្តែង​ទុក្ខសោក​ជាមួយ​ប្រទេសជាតិ មុនពេល​ទទួលយក​ការអញ្ជើញ​ឱ្យ​ក្លាយជា​ស្តេច​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍ Prayut Chan-o-cha និយាយថា "​ទ្រង់​ចង់​រង់ចាំ​ពេលវេលា​សមរម្យ​មកដល់​សិន​"​។ 

​    ​នៅ​ម៉ោង ៩ យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ តុលា រដ្ឋសភា​នីតិបញ្ញត្តិ​បានទទួល​ស្គាល់​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ហើយ​ប្រធានសភា​នឹង​អញ្ជើញ​រាជទាយាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន (Maha Vajiralongkorn) ឱ្យ​ឡើងគ្រងរាជ្យសម្បត្តិ​តាមច្បាប់​និង​ប្រពៃណី​ឆាប់ៗ​នេះ​។ 

​    ​សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​រាជវាំង​អំពី​ការ​សោយ​ទិវង្គត​របស់​ស្តេច​បាន​អាន​ឮៗ​នៅ​រដ្ឋសភា​នីតិបញ្ញត្តិ ហើយ​សមាជិកសភា​ទាំងអស់​បាន​ឈរ​ស្ងាត់ស្ងៀម​អស់​ចំនួន ៩ នាទី​។ តាមច្បាប់​ធម្មនុញ្ញ ដំណាក់កាល​បន្ទាប់​គឺ​ទុកឱ្យ​ប្រធានសភា​អញ្ជើញ​រាជទាយាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន ធ្វើជា​ស្តេច​ថ្មី​។ 

​    ​យោងតាម​មាត្រា​ទី ២៣ នៃ​ច្បាប់​ធម្មនុញ្ញ​ឆ្នាំ ២០០៧ ពេល​រាជបល្ល័ង្ក​ទំនេរ ហើយ​ស្តេច​បានតែងតាំង​រាជទាយាទ​រួចរាល់ ក្រោម​ច្បាប់​វាំង​ឆ្នាំ ១៩២៤ ស្តីពី​ការ​ស្នងរាជ្យ​បល្ល័ង្ក គណៈរដ្ឋមន្ត្រី​ត្រូវ​ជូនដំណឹង​ដល់​ប្រធានសភា ដែល​នឹង​កោះប្រជុំ​សមាជិក​របស់ខ្លួន​សម្រាប់​ទទួលស្គាល់​ការឡើង​គ្រងរាជ្យសម្បត្តិ​។​

​    ​ក្រោយមកទៀត ប្រធានសភា​នឹង​អញ្ជើញ​រាជទាយាទ​ឱ្យ​ឡើង​គ្រងរាជ្យ​បល្ល័ង្ក និង​ប្រកាស​ទ្រង់​ជា​ស្តេច ផ្អែក​តាមច្បាប់​។​

​    ​ដោយហេតុថា​ឥឡូវនេះ​មិនមាន​ព្រឹទ្ធសភា ឬ សភា​តំណាង ដូច្នេះ​រដ្ឋសភា​នីតិបញ្ញត្តិ​ដែលមាន ២៥០ សមាជិក​នឹង​ដើរតួ​ជាស​ភា​។ 

​    ​ព្រះមហាក្សត្រ​ភូមិបុល​បានតែងតាំង​ព្រះអង្គម្ចាស់​វិ​ជ្ជ​រ៉ា​ឡុងកន​ជា​រាជទាយាទ​ស្នងរាជ្យ​នៅ​ថ្ងៃទី ២៨ ធ្នូ ឆ្នាំ​១៩៧២៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

មតិយោបល់