1

កុមារា​អាយុ ​៩​ ឆ្នាំ​លង់ទឹក​ព្រែក​បាត់​មួយ​យប់​ទើប​សព​អណ្តែត​

    កណ្តាល ៖ មាន​ករណី​កុមារា​អាយុ​ ៩​ ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅ​ថ្ងៃទី​១៣​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ ១២ ​នៅ​ចំណុច​ក្នុង​ទឹក​ព្រែក​ប្រ​ធាតុ​ជម្រៅ ​៣​ ម៉ែត្រ មុខផ្ទះ​របស់​ឈ្មោះ ញែ ត្រៃ ខាង​លិច​ផ្លូវជាតិ​លេខ​២១ ​ចម្ងាយ​១២០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ប្រ​ធាតុ​ (​ក​) ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល រហូតដល់​ថ្ងៃទី​១៤ ​តុលា​ទើប​សព​អណ្តែត។​

    ប៉ូលិស​បានឱ្យ​ដង​ថា កុមារា រងគ្រោះ​ឈ្មោះ ម៉េង កុសល អាយុ ០៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៣ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​១១​ និង​៤០​នាទី កុមារា​រងគ្រោះ​បាន​ហែល​ឆ្លង​ទឹក​ព្រែក​ប្រ​ធាតុ​នៅខាងមុខ​ផ្ទះ​ឈ្មោះ ច្រឹង ផល ឆ្លង​ទឹក​ព្រែក​ពី​ត្រើយ​ខាងជើង​ទៅ​ត្រើយ​ខាងត្បូង ក្នុង​គោលបំណង​ទៅ​មើល​ក្រពើ​នៅផ្ទះ​របស់​ឈ្មោះ ញែ ត្រៃ ដែល​នៅជាប់​ខាងត្បូង​ព្រែក​។​

    ពេល​ជនរងគ្រោះ​កំពុង​ហែល​ឆ្លង​ទឹក​ព្រែក​កំពុង​ហូរ​ជិត​ដល់ត្រើយ​ខាងត្បូង ស្រាប់តែ​ជនរងគ្រោះ​លង់ទឹក​វ័ន​ជាប់​និង​ត្រកួន ភ្លាមនោះ​ឈ្មោះ សែន សី ភេទ​ប្រុស​ អាយុ​ ១០​ ឆ្នាំ ដើរទៅ​ទិញ​ផ្លែ​សន្ទូច​តាម​ខ្នង​ព្រែក​ត្រើយ​ខាងត្បូង ឃើញ​ជនរងគ្រោះ​កំពុង​លង់ទឹក​វ័ន​ជាប់​នឹង​ត្រកួន​ក៏​យក​ដើម​ឬ​ស្សី​បោះ​ឱ្យ​ជនរងគ្រោះ​ឈោងដៃចាប់​តោង​ឬ​ស្សី រួច​ទាញ​ជនរងគ្រោះ​ឡើងគោក​។ បន្ទាប់មក​ជនរងគ្រោះ បាន​ដើរ​តាម​ខ្នង​ព្រែក​ត្រើយ​ខាងត្បូង​ទៅ​មើល​ក្រពើ​នៅ​ចំណុច​ផ្ទះ ញែ ត្រៃ​។​

    រហូតដល់​វេលា​ម៉ោង​ប្រមាណ​១២​ ​ថ្ងៃខែ​ឆ្នាំ​ដដែល បន្ទាប់ពី​ជនរងគ្រោះ​មើល​ក្រពើ​រួច ដើរ​ចុះ​ទឹក​ឆ្លង​ទឹក​ព្រែក​ខាងមុខផ្ទះ​ឈ្មោះ ញែ ត្រៃ តាម​ដើម​រាំង ពី​ត្រើយ​ខាងត្បូង​ទៅ​ត្រើយ​ខាងជើង​វិញ​ពេលនោះ​កុមារា រងគ្រោះ បាន​លង់ទឹក​ព្រែក​ក្នុង ពេលនោះ​តែម្តង​។ ក្រោយមក​ក្រុមគ្រួសារ​សាច់ញាតិ​បាន​ដើរ​រកតែ​រក​ពុំ​ឃើញ​។​

    លុះ​មកដល់​ថ្ងៃទី​១៤​​ តុលា​ ឆ្នាំ​២០១៦ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ប្រទាក់​ខ្សែ​តាម​ទឹក​ព្រែក​ប្រ​ធាតុ​ទៅ​ចុង​ព្រែក​។ រហូតដល់​វេលា​ម៉ោង​ប្រមាណ​១៣ ​និង​១០​នាទី​ ពេល​កំពុង​ប្រទាក់​ខ្សែ​ក្នុង​ទឹក​ព្រែក ស្រាប់តែ​ជនរងគ្រោះ​ផុស​ទឹក​អណ្តែត​ឡើង​ចម្ងាយ ពី​​កន្លែង​កុមារា រងគ្រោះ​ដើរ​ចុះ​ទឹក​ឆ្លង​ទឹក​ព្រែក​ខាងមុខផ្ទះ​ឈ្មោះ ញែ ត្រៃ ប្រមាណ ​៣០០ ​ម៉ែត្រ​។ ក្រុមគ្រួសារ បាន​យក​សព កុមារា រងគ្រោះ​មក​ផ្ទះ និង​រាយការណ៍​មក​សមត្ថកិច្ចឱ្យ​ដឹង​ព័ត៌មាន​។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះទៅ​ដល់ផ្ទះ​ជនរងគ្រោះ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ និង​ក្រុម​គ្រួ​សារ កុមារា​រងគ្រោះ​ដើ​ម្បី​ធ្វើការ​ពិនិត្យ​សាកសព ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់ ពាក់ព័ន្ធ​ករណី ផ្សេង​ឡើយ​គឺ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន។ ​សមត្ថកិច្ច​បានប្រគល់ សាកសព​ជូន​ក្រុមគ្រួសារ​រងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់