adverise with khmeread Unnamed

ស្ត្រី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​កូរ៉េ​ម្នាក់ គាំងបេះដូង​ស្លាប់​នៅ​ខេត្តសៀមរាប​

    សៀមរាប ៖ ស្ត្រី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ស្លាប់​បន្ទាប់ពី​បញ្ជូនទៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ​ខេត្តសៀមរាប​ដើម្បី​ជួយសង្គ្រោះ​កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​។​

    ក្រោយពី​ទទួលបាន​ដំណឹង​ខាងលើនេះ​កម្លាំង​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​សាកសព ហើយ​បាន​សន្និដ្ឋាន​ជាមួយ​ក្រុមគ្រូពេទ្យ​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ពីព្រោះ​ជនរងគ្រោះ​មាន​អាកា​រៈ​ថប់ដង្ហើម​ខ្លាំង​។​

    លោក​វរសេនីយ៍ទោ វ៉ាន់ រិ​ទ្ធ នាយប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ខេត្តសៀមរាប បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ YOO BOK SOON ភេទ​ស្រី អាយុ​ ៧២ ​ឆ្នាំ ជនជាតិ​កូរ៉េ ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ​M64340966 ធ្វើដំណើរ​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ក្នុងប្រទេស​កម្ពុជា​។​

    ស្ត្រី​រងគ្រោះ​បានមក​ដល់​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ តាម​ជើងយន្តហោះ​ពី​ទីក្រុង​ហាណូយ​មក​ខេត្តសៀមរាប ហើយ​បាន​ស្នាក់នៅ​សណ្ឋាគារ​ឈ្មោះ ស្តា​រី​អង្គរ បន្ទប់​លេខ​១៤៣ ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។​

    បងប្រុស​សព បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា ពេលដែល​ជនរងគ្រោះ​មកដល់​ខេត្តសៀមរាប​ភ្លាម និយាយប្រាប់​គាត់​ថា មាន​អា​ការៈមិន​ស្រួលខ្លួន​។ រហូតដល់​ថ្ងៃទី​១២ ខែ​ឆ្នាំ​ដដែល​បាន​ប្រាប់​ក្រុមហ៊ុន​ធួរ​ដឹកយក​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ។​

    ក្រោយពី​ពិនិត្យ​ព្យាបាល​រួច ជនរងគ្រោះ​បាន​ត្រឡប់មក​សម្រាក​នៅ​សណ្ឋាគារ​វិញ រហូតដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​យប់​ជនរងគ្រោះ​បាន​ប្រាប់​បងប្រុស​គាត់​ទៀតថា មាន​អាកា​រៈ​ថប់ដង្ហើម​ខ្លាំង និង​បាន​ដឹក​យកទៅជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​វិញ​ភ្លាមៗ​។​

    តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​នៅវេលា​ម៉ោង៨​ និង​៣៨​នាទី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​។​ បច្ចុប្បន្ន​សព​ត្រូវបាន​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ ដើម្បី​រងចាំ​ការសម្រេច​ពី​ស្ថានទូត និង​ក្រុមគ្រួសារ​ជាមុនសិន​៕

adverise with khmeread

មតិយោបល់