adverise with khmeread 0

ថ្ងៃនេះ​ជា​ខួប​គំរប់​ទី ៤ នៃ​ការយាង​ចូល​ទិវង្គត​របស់ ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​

    ​ថ្ងៃនេះ​ជា​ខួប​ទី​៤ នៃ​ការ​សោយ​ទិវង្គត​របស់ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រត​កោដ្ឋ​ដែល​ប្រជានុរាស្ត្រ​ទូទាំងប្រទេស​កម្ពុជា​នៅ​ចងចាំ​មិន​ភ្លេច​ឡើយ​។ យើងខ្ញុំ​ជា​ប្រជានុរាស្ត្រ​សូម​ថ្វាយ​មហា​ព្រះ​រាជកុសល ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​វរោកាស​បុណ្យខួប​គម្រប់​៤​ព្រះវស្សា នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះករុណា ព្រះមហា​បុរស​រដ្ឋ​ដ៏​មហិមា​របស់​កម្ពុជា​។​

​    ​ប្រជានុរាស្ត្រ​ខ្មែរ​ក្រោក​ឡើង​ស្រក់​ទឹកភ្នែក ស្លុត​ស្លុង​ប្រមា ក្ដុកក្ដួល​ឆួល​ឱរា ស្រណោះ​អាឡោះអាល័យ​ពេលឮ​ដំណឹង​ថា ព្រះមហាវីរក្សត្រ ព្រះបាទ ន​រោ​ត្ដម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ បាន​សោយ​ទិវង្គត​ដ៏​គួរឱ្យ​សោកស្ដាយ​ជា​ពន់ពេក​នៅវេលា​ម៉ោង​ជិត​២​ព្រឹក ថ្ងៃទី​១៥ តុលា ២០១២ ម៉ោង​នៅ​ទីក្រុង​ប៉េកាំង ត្រូវ​នឹង​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ ម៉ោង​នៅ​ភ្នំពេញ​។ ព្រះអង្គ​បាន​សុគត​ប៉ុន្មាន​នាទី​ក្រោយពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទំនើប​ប្រចាំ​ព្រះកាយ​ព្រះអង្គ​ដោយសារ​រោគ​គាំងបេះដូង​។​

​    ​ព្រះមហាវីរក្សត្រ ព្រះបាទ ន​រោ​ត្ដម សីហនុ បាន​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា​នៅក្នុង​ការព្យាបាល​អស់រ​យៈ​ពេល​រាប់សិប​ឆ្នាំ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​គ្រាប់​ឈាម ដែលជា​ញឹកញយ​ព្រះមហាវីរក្សត្រ​តែងតែ​ចេញចូល​ផ្លាស់ប្ដូរ​វេន​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​ព្រះ​កិច្ច​ប្រទេសជាតិ និង​នៅ​ទីក្រុង​ប៉េកាំង ដើម្បី​ព្យាបាល​ជំងឺ​។​

​    ​ព្រះរាជកិច្ច​ដ៍​ធំធេង​ដែល​ពលរដ្ឋ​ខ្មែរ​មិនអាច​សង​រួច​អស់​មួយជីវិត គឺ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ជាតិ​ពី​អាណាព្យាបាល​បារាំង ហើយ​ទទួលបាន​ជោគជ័យ ទទួលបាន​ឯករាជ្យ​ជាតិ​ពេញលេញ នៅ​ថ្ងៃទី​៩​វិច្ឆិកា​១៩៥៣​។ ក្រៅពីនេះ​នៅមាន​ស្នា​ព្រះហស្ដ​ធំធេង​ទៀត​នោះ គឺ​បង្រួបបង្រួម​ជាតិ និង​ផ្សះផ្សា​ជាតិ​-​អន្តរជាតិ​។​

​    ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ រាជ​ហរិ​វង្ស ឧភតោ​សុជាតិ វិសុទ្ធ​ពង្ស អគ្គ​មហា​បុរស​រតន៍ និក​រោ​ត្ដម ធម្មិក​មហា​រាជា​ធិ​រាជ បរមនាថ បរមបពិត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី (៣១ តុលា ១៩២២ – ១៥ តុលា ២០១២) ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​១៩៤១​ដល់​១៩៥៥ និង​ម្ដងទៀត​ចាប់ពី ឆ្នាំ​១៩៩៣ ដល់ ២០០៤​។​

     ​ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិ​ក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ ១៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ 

​    ​គោ​រម្យ​ងារ​ជា​កិត្តិយស​ជា​ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ​ក្រោយពី​ព្រះអង្គ​បានដាក់​រាជ្យ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​នរោត្តម​-​សីហមុនី ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី មាន​គោ​រម្យ​ងារ​ថា ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់