adverise with khmeread Image1

រថយន្ត​បើក​បុក​ម៉ូតូ ២​គ្រឿង បណ្ដាលឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​

    សៀមរាប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​បុក​ម៉ូតូ ២​ គ្រឿង​បើក​បញ្ច្រាស់ទិស​គ្នា​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​យកទៅជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​នៅលើ​កំណត់​ផ្លូវជាតិ​លេខ​៦៧​ចាស់ ស្ថិត​ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ខាងត្បូង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ទាយស្រី​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ។​

    លោក​អនុសេនីយ៍ឯក ជៀម រក្សា អធិការ​ស្តីទី​ប៉ូលិស​ស្រុក​បន្ទាយស្រី​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​​ ៤ ​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

    លោក​អធិការ​ស្តីទី​បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ សាន ណាគ្រី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ត្រី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្លាប់​) និង​ម្នាក់ទៀត​ជា​មន្ត្រី​អជ្ញាធរ​អ​ប្សា​រា មិន​ស្គាល់​អត្តសញ្ញាណ (​រងរបួស​ធ្ងន់​) ត្រូវបាន​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

    លោក​បន្តថា ករណីនេះ​បណ្តាលមកពី​រថយន្ត​បើកបរ​ល្បឿន​លឿន​ក្នុងស្ថានភាព​ផ្លូវ​អន្ទង់អាំង (​រៀង​ជា​អក្សរ N) បណ្ដាលឱ្យ​ជ្រុល​ចង្កូត​ទៅបុក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ទាំង​០២​នាក់ បណ្ដាលឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​កើតហេតុ​រថយន្ត​បន្ត​បើក​រត់គេច​បាត់។​

    បច្ចុប្បន្ន​សព​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ឃើញ​ហើយ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ពួកគាត់​កំពុងធ្វើដំណើរ​មក​ទទួល​យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។​

    ចំពោះ​រថយន្ត​បង្ក​កម្លាំង​ប៉ូលិស​ស្រុក​បន្ទាយស្រី​កំពុងធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។ ​រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​២​គ្រឿង ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ទាយស្រី៕

adverise with khmeread

មតិយោបល់