adverise with khmeread 14699410 1146418205445053 1986745935 o

ឃាត់​ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​៣​នាក់​នៅ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុងព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​១​ករណី ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ ​នាក់ ដកហូត​បាន​ថ្នាំញៀន​ចំនួន ​៤៩ ​កញ្ចប់​តូច​ទម្ងន់ ​៣,៦១ ​ក្រាម និង ០១​ កញ្ចប់​ធំ​ទម្ងន់​ ៧,៧០ ​ក្រាម​កាលពី​រាត្រី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

    លោក​វរសេនីយ៍ឯក​ ស៊ុន សុផាត​ ស្នងការរង​ទទួល​ផែន​កណ្តាល​ប្រឆាំង​បទល្មើស បាន​ឱ្យ​ដឹងថា ដំបូង​ឡើយ​នៅ​ម៉ោង​៧​និង​៣០​នាទី យប់​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ នៅ​ចំណុច​ផ្លូវ​អូរ​ទី​១ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

    ជនសង្ស័យ​ទី​១ ឈ្មោះ ណាំ ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​១ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មុខរបរ​រត់​ម៉ូតូឌុប និង​ទី​២ ឈ្មោះ សុខ សុវណ្ណ​ដាលីន ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ មុខរបរ​បំរើកា​រងារ ក្នុង​រង្គសាល​ខារ៉ាអូខេ ។​ដោយ​ចាប់​ឆែកឆេរ​យកបាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤៩​ កញ្ចប់​តូច មាន​ទម្ងន់​ ​៣,៦១​ ក្រាម​។​

    លោក ​ស៊ុន សុផាត បាន​បន្តថា ក្រោយពី​បានធ្វើ​ការសាកសួរ រក​បណ្តាញ​បក្ខពួក​រួចមក នៅ​យប់​ដដែល​វេលា​ម៉ោង​១០ ​និង​៣០​នាទី កម្លាំង​ប៉ូលិស​បាន​បន្តទៅ​ចាប់​មេក្លោង​ម្នាក់ទៀត នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​១ សង្កាត់​៤ ឈ្មោះ អ៊ុំ ពីសី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ នៅ​គល់ស្ពាន​ព្រែកត្រែង ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយ​ចាប់​យកបាន​ថ្នាំញៀន ០១​កញ្ចប់​ធំ​ទម្ងន់​ ៧,៧០ ​ក្រាម​។​

    បច្ចុប្បន្ន​ន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ខាងលើ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ៕

adverise with khmeread

មតិយោបល់