adverise with khmeread 1

ទាហាន​ក្រីក្រ​ម្នាក់នេះ​លង់​ស្រឡាញ់​កូនស្រី​អ្នកមាន​! តែដោយសារ​គាត់​ក្លាហាន ឪពុកម្តាយ​ខាង​ស្រី​ពេញចិត្ត​គាត់​ជាខ្លាំង​, ជា​អកុសល​សង្គ្រាម​ផ្ទុះឡើង ខាង​ស្រី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មួយឆ្នាំ​ក្រោយមក​រឿង​មិនគួរ​ឱ្យ​ជឿ​បានកើត​ឡើង​

    ​ថ្ងៃមួយ បុរស​ស្ត្រី​វ័យក្មេង​មួយគូ​លង់​ស្រឡាញ់គ្នា​ដកចិត្ត​មិន​រួច​។ ប៉ុន្តែ​ខាង​ប្រុស​មកពី​គ្រួសារ​ក្រីក្រ​។ ហើយ​ឪពុកម្តាយ​ខាង​ស្រី​មិន​សប្បាយ​ចិត្តនឹង​អ្នក​ទាំងពីរ​ដែល​ស្រឡាញ់គ្នា​នោះឡើយ​។ 

​    ​ដូច្នេះ​ខាង​ប្រុស​បាន​សម្រេចចិត្តថា​គាត់​ត្រូវតែ​យកឈ្នះ​ចិត្ត​ឪពុកម្តាយ​នាង​ឱ្យ​ទាល់តែ​បាន ដោយ​ប្រើ​មុខ​ដ៏​ក្រាស់​របស់គាត់​ចូលទៅ​ជួប​រាក់ទាក់​ឪពុកម្តាយ​នាង​រាល់ថ្ងៃ​។ ទីបំផុត ឪពុកម្តាយ​នាង​មើលឃើញថា អ្នក​កំលោះ​ក្រីក្រ​ម្នាក់នេះ​ជា​បុរស​ល្អ និង​ស័ក្តិសម​នឹង​កូនស្រី​របស់គាត់​ណាស់​។ 

​    ​ប៉ុន្តែ​នៅមាន​បញ្ហា​មួយទៀត គឺ​បុរស​វ័យក្មេង​នេះ​ជា​ទាហាន​។ មិនយូរប៉ុន្មាន សង្គ្រាម​បាន​ផ្ទុះឡើង ហើយ​គាត់​ត្រូវ​រដ្ឋាភិបាល​បញ្ជូនទៅ​ក្រៅ​ស្រុក​ចេញ​ច្បាំង​១​ឆ្នាំ​។ មួយ​សប្តាហ៍ មុនពេល​គាត់​ចាកចេញ​ក្រៅប្រទេស បុរស​ជា​សង្សារ​បាន​លុតជង្គង់​សុំ​ស្នេហ៍​ពី​នារី​របស់គាត់ ដោយ​និយាយថា "​តើ​អូន​យល់ព្រម​រៀបការ​ជាមួយ​បង​ទេ​?"​។ ខាង​ស្រី​ជូត​ទឹកភ្នែក រួច​និយាយថា "​ពិតជា​បាន អូន​នឹង​រៀបការ​ជាមួយ​បង​"​។ ហើយ​ឪពុកម្តាយ​ទាំងសងខាង​ក៏បាន​រៀបចំ​ភ្ជាប់ពាក្យ​ឱ្យ​អ្នក​ទាំងពីរ​ក្នុងអំឡុង​សប្តាហ៍​ដដែល​។ គូស្នេហ៍​ទាំងពីរ​សន្យាថា ពេល​គាត់​ត្រឡប់​ពី​ច្បាំង​វិញ នឹង​រៀបការ​ជាមួយគ្នា​។ 

​      ប៉ុន្តែ​សោកនាដកម្ម​មួយ​បាន​កើតឡើង​។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ខាង​ប្រុស​ចាក​ចេញទៅ​បរទេស ខាង​ស្រី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​រថយន្ត​។ 

​    ​ពេល​នាង​ក្រោក​ឡើង​ក្នុង​មន្ទីរពេទ្យ នាង​ឃើញ​ឪពុកម្តាយ​យំ​ទាំងពីរ​នាក់​។ ភ្លាមនោះ នាង​ដឹងថា​ច្បាស់​ជាមាន​រឿង​មិន​ស្រួល​កើតឡើង​ចំពោះ​នាង​។ 

​    ​ក្រោយមក​នាង​បានដឹងថា​នាង​បាន​រងរបួស​ខួរក្បាល​។ ផ្នែក​មួយ​នៃ​ខួរក្បាល​របស់​នាង ដែល​គ្រប់គ្រង​សាច់ដុំ​ផ្ទៃមុខ​បាន​ខូច​។ មុខ​ដ៏​គួរឱ្យ​ស្រឡាញ់​របស់​នាង​ខូច​ទ្រង់ទ្រាយ​អស់រលីង​។ នាង​យំ​នៅមុខ​កញ្ចក់ ដោយ​ពោល​ពាក្យ​ក្រៀមក្រំ​ថា "​ម្សិលមិញ ខ្ញុំ​ជា​ស្រី​ស្អាត ថ្ងៃនេះ​ខ្ញុំ​ជា​ស្រី​បិសាច​"​។ ហើយ​រាងកាយ​របស់​នាង​ក៏​ពោរពេញ​ដោយ​ស្នាមរបួស​គ្រប់កន្លែង​ផងដែរ​។ 

​    ​តាំងពី​ពេលនោះ​មក នាង​សម្រេចចិត្ត​ឈប់​គោរព​តាម​សន្យា​រៀបការ​ជា​មួយគូ​ដណ្តឹង​របស់​នា​ង​។ នាង​ដឹងថា​គាត់​ច្បាស់​ជា​លែង​ចង់បាន​នាង​តទៅទៀត​ជាមិនខាន​។ នាង​បង្ខំចិត្ត​បំភ្លេច​រូបគាត់​ទាំង​ទឹកភ្នែក និង​ស្បថ​លែង​ជួប​មុខ​គាត់​ជា​រៀងរហូត​។ 

​    ​អំឡុង​រយៈពេល​មួយឆ្នាំ​នោះ ទាហាន​វ័យក្មេង​បាន​សរសេរ​សំបុត្រ​គរ​ដូច​ភ្នំ​ផ្ញើមក​នាង តែ​នាង​មិនបាន​ឆ្លើយតប​វិញ​ទេ​។ គាត់​បាន​តេ​មក​នាង​ច្រើនលើក ក៏​នាង​មិន​ខ្ចី​លើក​ទូរស័ព្ទ​ទៀត​។ 

​    ​ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក ម្តាយ​នាង​បាន​ចូលមក​បន្ទប់​នាង​ហើយ​ប្រកាសប្រាប់​នាង​ថា "​គាត់​មកពី​ច្បាំង​វិញ​ហើយ​"​។ 

​    ​នារី​ម្នាក់​នោះ​ស្រែកថា "​កុំ​អី​ម៉ាក់​! កុំ​ប្រាប់​រឿង​របស់ខ្ញុំ​ដល់​គាត់​។ កុំ​ប្រាប់​គាត់​ថា​ខ្ញុំ​នៅទីនេះ​!"​។ 

​    ​ម្តាយ​និយាយថា "​គាត់ (​ខាង​ប្រុស​) ជិត​រៀបការ​ហើយ​" ហើយ​ម្តាយ​ក៏​ហុច​សំបុត្រ​អញ្ជើញ​ចូលរួម​មង្គលការ​ដល់​កូនស្រី​គាត់​។ 

​    ​បេះដូង​របស់​នារី​ម្នាក់​នោះ​ធ្លុះធ្លាយ​លិច​ដល់​បាតសមុទ្រ​។ នាង​ដឹងថា​នាង​នៅតែ​ស្រឡាញ់​គាត់ ប៉ុន្តែ​នាង​ត្រូវតែ​បំភ្លេច​គាត់​ពី​ឥឡូវ​ទៅ​។ 

​    ​នាង​បាន​បើក​សំបុត្រ​អញ្ជើញ​នោះ​ទាំង​ទឹកភ្នែក​រហាម​។ បន្ទាប់មក នាង​ស្រាប់តែ​ឃើញ​ឈ្មោះ​នាង​នៅលើ​សំបុត្រ​អញ្ជើញ​នោះ​! 

​    ​ដោយ​ស្រឡាំងកាំង​ផង និង​អរ​ផង​ភ័យ​ផង នាង​សួរ​ខ្លួនឯង​ថា "​នេះ​ជា​អ្វី​?"​។​

​    ​ពេលនោះ​ស្រាប់តែ​គូ​ដណ្តឹង​នាង​ចូលមកក្នុង​បន្ទប់​នាង​ដោយ​កាន់​បាច់ផ្កា​មួយ​ក្នុង​ដៃ​របស់គាត់​។ គាត់​បាន​លុតជង្គង់​ចំពោះមុខ​នាង និង​និយាយថា "​តើ​អូន​ព្រម​រៀបការ​ជាមួយ​បង​ទេ​?"​។ 

​    ​នារី​នោះ​យកដៃ​គ្រប​មុខ​នាង ហើយ​និយាយថា "​ខ្ញុំ​ជា​ស្រី​មុខ​អាក្រក់​ណាស់​!"​។​

​    ​បុរស​នោះ​និយាយថា "​ម្តាយ​អូន លួច​ផ្ញើ​រូបថត​របស់​អូន​មក​បង ដោយ​គ្មាន​ការអនុញ្ញាត​។ ពេល​បង​ឃើញ​រូបថត​របស់​អូន បង​នៅតែ​យល់ថា​គ្មានអ្វី​អាច​ផ្លាស់ប្តូរ​សេចក្តីស្រឡាញ់រ​បស់បង​ចំពោះ​អូន​បានទេ​។ អូន​នៅតែ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បង​លង់​ស្នេហ៍​។ អូន​នៅតែ​ជា​នារី​ស្រស់ស្អាត​បំផុត​ចំពោះ​បង​។ ព្រោះ​បង​ស្រឡាញ់​អូន​"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់