ភ្នំពេញ ៖ មានករណីអំពើហិង្សាដោយចេតនាមួយកើតឡើងនៅថ្ងៃទី១៥ តុលា ឆ្នាំ២០១៦ ម៉ោង៥ និង២០នាទីល្ងាចនៅចំណុចតារាងបាល់ទាត់បុរីលុច្សសារី ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅបណ្តាលឱ្យរបួសម្នាក់ ហើយប៉ូលិសឃាត់បាន២នាក់។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផាន់ ដារ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីប៉ូលិសស្នាក់នៅ ផ្ទះលេខ៩៩ ផ្លូវ៣៥៥ ភូមិដើមអំពិល សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យ២នាក់គឺ ១-ឈ្មោះ ឌុច ចាន់មករា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និង២-ឈ្មោះ ឌុច ចាន់លីដា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប៉ូលិសបន្តថា នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១៦ ម៉ោង៥ និង២០នាទីល្ងាចជនរងគ្រោះ និងជនសង្ស័យនាំគ្នាលេងបាល់ទាត់។ ពេលជនរងគ្រោះបណ្តើរបាល់ ស្រាប់តែជនសង្ស័យឈ្មោះ ឌុច ចាន់លីដា យកជើងទៅឆ្កឹះបាល់ចេញក៏ប៉ះជើងគ្នា រួចជនសង្ស័យឈ្មោះ ឌុច ចាន់លីដា ក៏ស្ទុះទៅវាយជនរងគ្រោះ មួយដៃចំ ចញ្ចើមខាងស្តាំបណ្តាលឱ្យបែកចេញឈាម រួចក៏មានការប្រតាយប្រតប់គ្នាដួលទៅលើដី ទាំងអស់គ្នា។
ពេលនោះជនសង្ស័យឈ្មោះ ឌុច ចាន់មករា បានរត់ចូលទៅធាក់ជនរងគ្រោះមួយជើងចំដើម ទ្រូង បណ្តាលឱ្យរយះចេញឈាម រួចក៏ត្រូវបានអ្នកលេងបាល់ផ្សេងទៀតជួយឃាត់បំបែកចេញ។
បន្ទាប់មក សមត្ថកិច្ចប៉ូលិសចុះទៅដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ធ្វើការសាកសួរ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបណ្តោះ អាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕
ជនរងគ្រោះ
ជនសង្ស័យ
