adverise with khmeread 5802610cc461889c1c8b45da

កង​ល្បាត​រុស្ស៊ី​បាញ់​នាវា​នេសាទ​កូរ៉េខាងជើង មាន​ស្លាប់ និង​របួស​ទាំងសងខាង​

    ​កង​ល្បាត​ព្រំដែន​រុស្ស៊ី​បាន​បង្ខំចិត្ត​បើក​ការបាញ់ប្រហារ​អំឡុង​ការត្រួតពិនិត្យ​នាវា​នេសាទ​មួយគ្រឿង ដែលមាន​សុទ្ធតែ​ជនជាតិ​កូរ៉េខាងជើង​ជិះ​លើ​នោះ​។ នាវិក​ទាំងនោះ​ចចេស​មិនឱ្យ​កង​ល្បាត​រុស្ស៊ី​ឆែកឆេរ​ទេ ហើយ​បាន​ប្រព្រឹត្ត​យ៉ាង​គឃ្លើន និង​ព្យាយាម​បើក​នាវា​គេចខ្លួន ដោយ​ទាំង​កងកម្លាំង​រុស្ស៊ី​ប៉ុន្មាន​នាក់​ជិះ​លើ​នោះ​ទៀត​។ នេះ​បើតាម​ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធរុស្ស៊ី (FSB)​។​

​    ​មន្ត្រី​ល្បាត​រុស្ស៊ី​ម្នាក់​បាន​រងរបួស និង​អ្នកនេសាទ​កូរ៉េខាងជើង ៩ នាក់​រងរបួស​ក្នុងការ​ប្រឈមមុខគ្នា​នេះ​។ អ្នកនេសាទ​ម្នាក់​ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។ 

​     ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម៉ោង ២២:២០ នាទី​ម៉ោង​នៅ​មូ​ស្គូ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រុស្ស៊ី​ក្នុង​តំបន់​ចុង​បូព៌ា​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់ FSB ចេញផ្សាយ​លើ​អន​ឡាញ​កាលពី​ថ្ងៃ​សៅរ៍​។ 

​    ​FSB និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា "​អំឡុងពេល​ឆែកឆេរ ឆ្មាំ​ព្រំដែន​សមុទ្រ​រុស្ស៊ី​រកឃើញ​ប្រភពទឹក​ជីវសាស្ត្រ​ខុសច្បាប់​លើ​នាវា​នេសាទ​នោះ​។ នាវិក​របស់​នាវា​នេសាទ​បាន​ប្រព្រឹត្ត​បែប​គឃ្លើន​ដាក់​សមាជិក​ក្រុម​ឆែកឆេរ ដោយ​បដិសេធ​អនុវត្តតាម​ច្បាប់​តម្រូវ​"​។ 

​    ​នាវា​នោះ​មាន​សមាជិក​នាវិក​កូរ៉េ​ខាងជើង ៤៨ នាក់​។ 

​    ​FSB ប្រកាសថា បន្ទាប់ពី​ក្រុម​ឆែកឆេរ​ត្រូវបាន​ប​ញ្ជូ​ល​ឡើង​ទៅលើ​នាវា​នេសាទ​នោះ នាវា​ក៏​ប៉ុនប៉ង​ចាកចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​រុស្ស៊ី​ឆ្ពោះទៅ​កូរ៉េខាងជើង​។ 

​    ​ឆ្មាំ​ការពារ​ព្រំដែន​រុស្ស៊ី​បាន​បង្ខំចិត្ត​បាញ់​ព្រមាន​នាវា​នោះ​ជាច្រើន​គ្រាប់​ដើម្បីឱ្យ​នាវា​នោះ​ឈប់ ប៉ុន្តែ​នាវា​នៅតែ​បន្តដំណើរ​ទៅមុខ​យ៉ាង​គឃ្លើន​។ 

​    ​នាវិក​លើ​នាវា​កូរ៉េខាងជើង​បាន​វាយដំ​លើ​សមាជិក FSB ដែល​ស្ថិតនៅលើ​នាវា​ពួកគេ​។ ជា​លទ្ធផល​បណ្តាលឱ្យ​សមាជិក​ក្រុម​ឆែកឆេរ​រុស្ស៊ី​ម្នាក់​រងរបួស​ក្បាល​។ 

​    ​គ្រានោះ ភ្នាក់ងារ FSB នៅ​នាវា​ផ្សេងទៀត​បាន​បាញ់រះ​លើ​នាវា​នេសាទ​កូរ៉េខាងជើង​តែម្តង​ដើម្បី​ទប់ស្កាត់​ពួក​នោះ​កុំឱ្យ​ដកហូត​អាវុធ​ពី​សមាជិក FSB នៅលើ​នាវា​ពួកគេ ហើយ​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​អ្នក​ទាំងនោះ​។ 

​    ​FSB និយាយថា "​សមាជិក​នាវា​ឈ្លានពាន ៩ នាក់​រងរបួស ហើយ​ម្នាក់​ក្នុងចំណោម​នោះបាន​ស្លាប់​នៅ​ពេទ្យ​"​។ 

​    ​បន្ទាប់ពី​ព្យាបាល​រួច សមាជិក​នាវិក​កូរ៉េខាងជើង​ទាំងអស់​ត្រូវបាន​នាំទៅ​កាន់​នាវា​ឆ្មាំ​ការពារ​ដែនសមុទ្រ​រុស្ស៊ី​។ 

​    ​ហើយ​ខាង FSB ក៏បាន​ជូនដំណឹង​អំពី​ហេតុការណ៍​នេះ​ដល់​អគ្គ​កុងស៊ុល​កូរ៉េខាងជើង​ក្នុង​ទីក្រុង Vladivostok រួចរាល់​ហើយ​។ ហើយ​នាវា​នេសាទ​កូរ៉េខាងជើង​កំពុង​បញ្ជូនទៅ​ទឹកដី Primorsky ដើម្បី​ស៊ើបអង្កេត​បន្តទៀត​៕ 

​ប្រភព​៖ RT 

adverise with khmeread

មតិយោបល់