adverise with khmeread 14699838 1147815238638683 1527259662 n

អ្នកកាសែត​ជើងចាស់​លោក​ សេក បរិសុទ្ធ​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ស្លា​ប់

    ក្រចេះ ៖ អ្នកកាសែត​ជើងចាស់​ម្នាក់ និង​កំពុង​បម្រើ​ការងារ​នៅ​អង្គការ AEA លោក សេក បរិសុទ្ធ អាយុ​៥៣​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត នៅ​ទឹកដី​អូរ​គ្រៀង​ស្រុក​សំបូរ ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ រហូត​បាត់​បង់ជីវិត​។​

    លោក សេក បរិសុទ្ធ រួម​ដំណើរ​ជាមួយ​បុគ្គលិក​២​នាក់​ទៀត របស់លោក កំពុងធ្វើដំណើរ​ទៅ​បំពេញបេសកកម្ម​ការងា​រ​នៅ​ខេត្តរតនគិរី (​លោក​អង្គុយ​ខាងមុខ​ជាប់​តៃកុង​) ស្រាប់តែ​ដល់​ស្រុក​សំបូរ ខេត្តក្រចេះ ក៏​ជួប​គ្រោះ​អកុសល​តែម្តង​។​

    លោក​អធិការ​ប៉ូលិស​ស្រុក​សំបូរ ខេត្តក្រចេះ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣​ និង​៣៥​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​អូរ​កណ្តៀរ ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង​។​

    លោក​អធិការ​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង នៅពេល​រថយន្ត​ម៉ាក​ហ្វ​ត​ពណ៌​មាស​ពាក់​ស្លាក​លេខ OMG-442002 របស់​អង្គការ AEA ធ្វើដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​។​

    លុះដល់​ចំណុចកើតហេតុ​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ ហើយ​រថយន្ត​បើក​គេច​បណ្តាលឱ្យ​ក្រឡាប់ ចំណែក​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅខាងមុខ ជាប់​ជាមួយ​តៃកុង​កៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ និងស្រាល​ម្នាក់​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្តក្រចេះ បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ​ភ្លាមៗ លោក​បាន​បញ្ជា​ឱ្យកម្លាំង​ប៉ូលិស​ទាំង​ថ្នាក់​ស្នងការ ថ្នាក់​អធិការ និង​មូលដ្ឋាន​ចុះទៅ​ជួយ​អន្តរាគមន៍​ហើយ ដោយ​ជួយ​បញ្ជូន​ជនរងគ្រោះ​ដែល​រងរបួស​ទៅ​មន្ទីរពេទ្យ ហើយ​ជួយ​រក្សា និង​ទុកដាក់​សព ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​។​

    គួររំលឹកថា លោក សេក បរិសុទ្ធ គឺជា​គ្រូបង្រៀន​អ្នកសារព័ត៌មាន នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​លោក​ក៏​ធ្លាប់បាន​បង្រៀន​វគ្គ​ខ្លីៗ ដល់​អ្នកកាសែត​កម្ពុជា​ជាច្រើន​នាក់​ផងដែរ​។ សូម​ដួង​វិញ្ញាណក្ខន្ធ​របស់លោក ទៅកាន់​សុខ​គតិ​ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

adverise with khmeread

មតិយោបល់