adverise with khmeread Unnamed %285%29

អ្នកស្រុក​ចាប់បាន​ចោរឆក់ ​២ ​នាក់​បែរជា​ប៉ុស្តិ៍​បឹងរាំង​និង​ផ្សារ​ថ្មី​៣​រុញ​ដាក់គ្នា​

    ភ្នំពេញ ៖ ចោរឆក់​កាបូប​ជនជាតិ​បរទេស ​២​ នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ហើយ​ដួល​ម៉ូតូ​បំណង​រត់គេចខ្លួន ប៉ុន្តែ​នៅពេល​ចាប់បាន​ហើយ​បែរជា​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ និង​ប៉ុស្តិ៍​បឹងរាំង រុញ​ដាក់គ្នា​ទៅវិញទៅមក​រឿង​ទឹកដី​ជាប់​គ្នា។​

    អំពើ​ឆក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​២០០ ស្ថិតក្នុង​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    ជនរងគ្រោះ​ជា​ជនបរទេស​ទាំង ​២​ នាក់​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគាត់​បាននាំគ្នា​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ​ខណៈ​មកដល់​ចំណុចកើតហេតុ​កែង​ផ្លូវ​លេខ​២០០ ស្រាប់​តែមាន​ជនសង្ស័យ ​២ ​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-1330 ជិះ​មកពី​ក្រោយ​ហើយ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​នឹង​ស្មា​។​

    ពេលនោះ​គាត់​ក៏បាន​ឆក់​មកវិញ​បណ្តាលឱ្យ​ជនសង្ស័យ​ទាំង ​២​ នាក់​ដួល​ម៉ូតូ។ បន្ទាប់ពី​ដួល​ម៉ូតូ​ជនសង្ស័យ​ទាំង​ ២ ​នាក់​បាន​ព្យាយាម​រត់ចោល​ម៉ូតូ​បំណង​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ដេញ និង​ស្ទាក​ចាប់បាន​ទាំង ​២ ​នាក់ និង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​។​

    ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​នៅពេល​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់​ប៉ូលិស​ហើយ បែរជា​ប៉ូលិស​ប៉ុស្តិ៍​បឹងរាំង និង​ផ្សារ​ថ្មី​៣ រុញ​គ្នា​ទៅវិញទៅមក ដោយ​មុនដំបូង​ដឹកយក​ជនសង្ស័យ និង​ជនរងគ្រោះ​ទៅ​ប៉ុស្តិ៍​បឹងរាំង  ប៉ូលិស​ប៉ុស្តិ៍​ថា​ជា​ទឹកដី ផ្សារ​ថ្មី​៣ ហើយ​ពេល​ដឹក​កង់​បី​ទៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ប៉ូលិស​ប៉ុស្តិ៍​ថា​ទឹកដី​បឹងរាំង។​

    មួយសន្ទុះ​ក្រោយមក​ទើប​សមត្ថកិច្ច​ដឹក​ជនរងគ្រោះ​ទាំង​២​នាក់មក​ចង្អុល​កន្លែង​កើតហេតុ ថា​ជា​ទឹកដី​របស់​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ទើប​យល់ព្រម​ទទួល​ពាក្យ​ប​ណ្តឹ​ជនរងគ្រោះ ។​

    គួរ​រំលឹក​ផងដែរ​ថា នៅពេល​កើតមានឡើង​នូវ​ករណី​អ្វីមួយ​សមត្ថកិច្ច​មូលដ្ឋាន​តែងតែ​បញ្ចាំ​គ្នា​ទៅវិញទៅមក ដោយ​ថា​ទឹកដី​អ្នកនេះ​អ្នកនោះ និង​រុញ​ដាក់គ្នា​ទៅមក ជាក់ស្តែង​ករណី​ខាងលើ​ប្រជាពលរដ្ឋ​ដេញចាប់​ចោរ​បាន​ហើយ នៅ​ឆ្លើយ​ដាក់គ្នា​ទៀត។ អ្នកស្រុក​ចាប់ចោរ​ប្រគល់ឱ្យ​ហើយ​ពិបាក​ដល់​ម្លឹ​ង!៕

adverise with khmeread

មតិយោបល់