adverise with khmeread Too much stress

សញ្ញា​ ១០ បង្ហាញថាអ្នកកំពុងស្ថិតក្រោមសម្ពាធស្ត្រេស៍យ៉ាងខ្លាំង

ប្រសិនបើអ្នកធ្លាប់បានឆ្លងកាត់ពេលវេលាមួយក្នុងជីវិត ដែលក្នុងនោះអ្នកបានកើតអាការៈស្ត្រេស៍ឥតឈប់ឈរ អ្នកប្រហែលជាកាន់តែមានអារម្មណ៍ថាមិនមែនខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ និងកាន់តែហាក់ដូចជាមនុស្សដែលសល់តែសំបកកាយទទេរ។ ខណៈដែលអ្នកអាចគិតថា "ស្ត្រេស៍នេះកំពុងតែសម្លាប់ខ្ញុំ" អ្នកទំនងជាកំពុងស៊ូទ្រាំយ៉ាងខ្លាំងឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនេះដោយមិនបានធ្វើអ្វីមួយសោះដើម្បីកាត់បន្ថយការឈឺចាប់នេះ។ ទោះយ៉ាងណា ការដែលធ្វើដូច្នេះគឺបានត្រឹមតែពន្យារពេលកាន់តែយូរ និងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ និងបង្កឲ្យមានឥទ្ធិពលមិនល្អរយៈពេលយូរអង្វែងដល់រាងកាយប្រសិនបើទុកចោលមិនបានពិនិត្យ។ ដូច្នេះត្រូវដឹងពីសញ្ញានៃភាពស្ត្រេស៍ឲ្យបានមុនពេលវាវាយលុកលើអ្នកទាំងស្រុង។ 

១- អស់កម្លាំងល្ហិតល្ហៃ
ប្រសិនបើអ្នកជួបបញ្ហាពេលងើបពីគេងរៀងរាល់ថ្ងៃ ថ្វីបើបានដេកឆ្អែតពេញមួយយប់ អ្នកប្រហែលជាអស់កម្លាំងដោយសារបញ្ហាភាពស្ត្រេស៍ហើយ។ លោក Jane Pernotto Ehrman អ្នកជំនាញសុខភាពឥរិយាបថនៅវិទ្យាស្ថាន Cleveland Clinic’s Wellness Institute បាននិយាយថា "ស្ត្រេស៍គឺជាអ្នកបង្ហូតថាមពលចេញពីរាងកាយ ព្រោះវាបានធ្វើឲ្យរាល់ប្រព័ន្ធរាងកាយរបស់អ្នកប្រឹងធ្វើការសកម្មដោយសំងាត់។ ដោយសាររាងកាយរបស់អ្នកមានអារម្មណ៍ថាវាកំពុងធ្វើការហួសម៉ោង ទោះបីជាដេកបានឆ្អែតពេញមួយយប់ក៏មិនទាន់គ្រប់គ្រាន់ដើម្បីបង្គ្រប់ថាមពលឡើងវិញសម្រាប់ថ្ងៃបន្ទាប់ដែរ។ ត្រូវមានចំណាត់ការណាមួយដើម្បីកាត់បន្ថយស្ត្រេស៍ក្នុងជីវិតរបស់អ្នក។ រាងកាយរបស់អ្នកនឹងអរគុណអ្នកជាខ្លាំង។ 

២- ដេកអត់លក់
គួរឲ្យហួសចិត្តដែរ បើទោះបីជាអស់កម្លាំងពេញមួយថ្ងៃទៅហើយក្តី នៅពេលអ្នកចាប់ផ្តើមស្ត្រេស៍ភ្លាម ការដេកឲ្យលក់គឺរឹតតែលំបាកទៅវិញ។ ការគេងមិនលក់ដែលពាក់ព័ន្ធនឹងស្ត្រេស៍កើតចេញដោយសារមិនអាចបញ្ឈប់ការគិតអំពីកាតព្វកិច្ចទាំងឡាយក្នុងជីវិតរបស់អ្នក គួបផ្សំនឹងការពិតដែលថារាងកាយរបស់អ្នកនៅតែ "កំពុងស្ថិតក្នុងអារម្មណ៍ធ្វើការយ៉ាងសកម្ម" ដោយមិនខ្វល់ពីម៉ោងពេលណានោះឡើយ។ ហើយជាការពិតដោយសារតែអ្នកដេកមិនលក់ អ្នកនឹងកាន់តែអស់កម្លាំងនៅថ្ងៃបន្ទាប់ ដែលវានឹងបានត្រឹមតែបង្កើនភាពស្ត្រេស៍កាន់តែខ្លាំងប៉ុណ្ណោះ។ 

៣- ឧស្សាហ៍ឈឺ
ជាការពិត ប្រសិនបើអ្នកមានបញ្ហាក្នុងការដេក នោះជំងឺនឹងតាមមកពីក្រោយភ្លាមបន្ទាប់ពីការគេងមិនលក់ចូលមកគ្របដណ្តប់អ្នកបានទាំងស្រុង។ ដោយសាររាងកាយរបស់អ្នកបានធ្វើការលើសម៉ោងអំឡុងពេលនៃការកើតអារម្មណ៍ស្ត្រេស៍ វាពុំមានពេលវេលាណាមួយដើម្បីរើបឡើងពីជំងឺតូចតាច ឬជំងឺប្រចាំកាយ ដែលបានកើតក្នុងរាងកាយនោះទេ ហើយអ្នកនឹងជួបពេលវេលាដ៏លំបាកក្នុងការកម្ចាត់ចេញសូម្បីតែជំងឺផ្តាសាយតូចតាចបំផុត។ ការសិក្សានានាបង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងត្រូវបានគាបសង្កត់ប្រមាណ ៣០% នៅពេលដែលអ្នកកើតស្ត្រេស៍។ ការចំណាយពេល "មួយថ្ងៃដើម្បីសម្រាកសុខភាពផ្លូវចិត្តឲ្យល្អ" ស្តាប់ទៅដូចជាលេសដោះសារដើម្បី "គេចពីការងារ" អ៊ីចឹង ប៉ុន្តែជួនកាលត្រូវតែធ្វើបែបនេះក្នុងបំណងរក្សាសុខភាពផ្លូវចិត្ត និងរាងកាយឲ្យបានល្អ។ 

៤- ភ្លេចភ្លាំងច្រើន
នៅពេលអ្នកកើតស្ត្រេស៍ ភាគច្រើនគឺដោយសារអ្នកមានរឿងគិតច្រើនពេកក្នុងពេលតែមួយ។ ជាមួយនឹងការងារសំខាន់ៗ និងទំនួលខុសត្រូវជាច្រើនក្នុងជីវិតនៅវិលវល់ពេញក្បាលរបស់អ្នក វាពិបាកនឹងឲ្យចងចាំរាល់រឿងរ៉ាវតូចតាចផ្សេងជាច្រើនទៀតណាស់។ ប្រសិនបើអ្នកមើលឃើញខ្លួនឯងដល់ចំណុចមួយ ដែលអ្នកមិនចាំសូម្បីកន្លែងទុកសោ ឬ អ្នកភ្លេចការណាត់ជួប និងការប្រជុំជាទៀងទៀត អ៊ីចឹងអ្នកច្បាស់ណាស់គឺកំពុងជិតឈានដល់ចំណុចដែលកែលែងឡើងហើយ។ កុំទុកឲ្យវាទៅឆ្ងាយទៅៗដោយមិនរកអ្នកជួយឲ្យសោះ។ 

៥- ឈឺក្បាលរ៉ាំរ៉ៃ និងឈឺពេញរាងកាយ
ដូចដែលខ្ញុំបាននិយាយខាងដើមអ៊ីចឹង រាងកាយរបស់អ្នកមានអារម្មណ៍ធ្វើការយ៉ាងស្វាហាប់ដោយឯកឯងនៅពេលដែលអ្នកចាប់ផ្តើមស្ត្រេស៍។ ភាពអស់កម្លាំងនេះមិនត្រឹមតែប៉ះពាល់ដល់ការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់របស់អ្នកប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យឈឺរោយសព្វលើរាងកាយរបស់អ្នកទៀតផង។ រាងកាយរបស់អ្នកមានយន្តការ "តស៊ូឬក៏បោះបង់" ពីធម្មជាតិ ដែលវាកើតមានតាំងពីជំនាន់មនុស្សទើបកើតម្ល៉េះ ដែលពេលនោះយើងត្រូវតែរត់គេចពីសត្វកាចសាហាវជារៀងរាល់ថ្ងៃ។ សព្វថ្ងៃ ទោះបីជាយើងលែងបារម្ភពីសត្វតោ និងខ្លាឃ្មុំចេញមកពីកន្លែងណាមួយមកវាយប្រហារយើងក៏ដោយ ក៏រាងកាយរបស់យើងនៅតែមានប្រតិកម្មតាមរបៀបដូចគ្នាដើម្បីទប់ទល់នឹងបញ្ហាស្ត្រេស៍ ដែលកើតចេញពីការងារ និងផ្នែកផ្សេងទៀតនៃជីវិត។ ហេតុអ្វីអ្នកគិតថាបានច្របាច់ស្មាមានអារម្មណ៍ស្រួលអស្ចារ្យបន្ទាប់ពីធ្វើការពេញមួយថ្ងៃ? ព្រោះរាងការយរបស់អ្នកប្រឹងប្រែងខ្លាំងអស់រយៈពេល ៨ ម៉ោងដើម្បីដោះស្រាយជាមួយនឹងបញ្ហាឥតប្រយោជន៍ដែលអ្នកកំពុងតែដោះស្រាយជាមួយ។ 

៦- លែងនឹកនារឿងផ្លូវភេទ
នៅពេលអ្នកកើតស្ត្រេស៍ និងមានបញ្ហារាប់តោនក្នុងខួរក្បាលរបស់អ្នក នោះចំណង់ផ្លូវភេទរបស់អ្នកក៏ថយចុះតាមនោះដែរ។ អ្នកអាចនឹងមានការខកចិត្តចំពោះរឿងនេះ និងប្រាថ្នាឲ្យខ្លួនអ្នកអាចធ្វើអ្វីមួយចំពោះវា ប៉ុន្តែនៅពេលដែលឱកាសល្អមកដល់ អ្នកបែរជាមិនអាចផ្តោតអារម្មណ៍ ឬលែងមានអារម្មណ៍អ្វីទាល់តែសោះអំពីរឿងលើគ្រែ។ ចូរព្យាយាមបំបាត់ស្ត្រេស៍តាមរយៈការហាត់ប្រាណឲ្យបានញឹកញាប់។ 

៧-​ ចាប់ផ្តើមមានបញ្ហាផ្លូវចិត្ត
លោកបណ្ឌិត Lucie Hemmen អ្នកចិត្តសាស្ត្រនៅទីក្រុង Santa Cruz បានបកស្រាយថា "នៅពេលដែលអ្នកកើតស្ត្រេស៍ខ្លាំង ផ្នែកខាងក្រោមនៃខួរក្បាល ជាផ្នែកដែលទន់ខ្សោយបំផុតនៃខួរក្បាលរបស់អ្នក ក៏ចូលមកគ្របដណ្តប់ ហើយធ្វើឲ្យអារម្មណ៍របស់អ្នកងងឹតសូន្យសុង"។ ការនេះបានពន្យល់ថាហេតុអ្វីបានជាការកើតស្ត្រេស៍នឹងបណ្តាលឲ្យអ្នកយំគ្រាន់តែរឿងធ្វើឲ្យកំពប់ទឹកដោះគោ ឬ ខឹងសម្បារមួយរំពេចប្រសិនបើនរណាម្នាក់ស្រែកជំទាលដាក់អ្នក។ ចាំទេនៅពេលអ្នកនៅក្មេង និងមិនព្រមចូលគេងដល់យប់ជ្រៅ ស្រាប់តែផ្ទុះសំណើចក្អាកក្អាយទាំងបែបភ័យ? អារម្មណ៍នេះក៏នៅតែមានរហូតដល់អ្នកធំ។ រាងកាយរបស់អ្នកមានបញ្ហាស្ត្រេស៍ខ្លាំងពេកដោយសារតែការអស់កម្លាំងរហូតដល់ថ្នាក់រឿងតូចមួយសោះក៏អាចធ្វើឲ្យអ្នកសើចតែម្នាក់ឯងដូចមនុស្សឆ្កួតដែរ។ នៅពេលអ្នកជាមនុស្សធំ ហើយបញ្ហាស្ត្រេស៍របស់អ្នកបានធ្វើឲ្យអ្នកលើកម្រាមដៃកណ្តាលដាក់នរណាម្នាក់ដែលបានដើរប៉ះអ្នកនៅផ្លូវក្រោមដី វាលែងជារឿងគួរឲ្យចង់សើចទៀតហើយ។ 

៨- ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ
ខ្ញុំមិនអាចបញ្ជាក់បានគ្រប់គ្រាន់អំពីថាតើការស្ថិតក្រោមសម្ពាធស្ត្រេស៍ខ្លាំងអាចនាំឲ្យមិនស្រួលដល់រាងកាយកម្រិតណានោះទេ។ ការកើតអារម្មណ៍ចង់ក្អួតនៅពេលអ្នកចូលចតឡាននៅការិយាល័យរបស់អ្នកគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងភាពស្ត្រេស៍ ដែលអ្នកមានអារម្មណ៍ដឹងរួចជាស្រេចនៅចំពោះមុខ។ ប៉ុន្តែវាមិនមែនសាមញ្ញដូចជាការដែលមានសម្លេងកូរនៅក្នុងពោះរបស់អ្នកនោះទេ។ វាអាចបង្កឲ្យកើតបញ្ហាជាច្រើនជាមួយនឹងប្រព័ន្ធរំលាយអាហាររបស់អ្នក ដែលអាចនាំទៅដល់ការក្អួត ឬបញ្ហាផ្សេងៗ។ 

៩- មានអារម្មណ៍វិលមុខធេងធោង
គ្រប់គ្នាចេះដកដង្ហើមវែងៗ និងព្យាយាមសម្រាក នៅពេលពួកគេមានអារម្មណ៍ស្ត្រេស៍ ពិតមែនទេ? ការនេះដើរតួជាអ្នករម្លឹកមួយដល់អ្នកឲ្យដកដង្ហើមវែង នៅពេលអ្នកមានអារម្មណ៍ដឹងថាខ្លួនឯងចាប់ផ្តើមធេងធោង។ នៅពេលសភាវគតិចាប់ផ្តើមគិតបែបនេះ អ្នកប្រាកដជាធ្វើឲ្យថមថយអុកស៊ីសែនពីខ្លួនអ្នកជាមួយនឹងការដកដង្ហើមខ្លីៗ ដោយនាំទៅដល់ការវិលមុខ និង "ញាក់ញ័រ" ដែលអាចឈានដល់ការសន្លប់បាត់ស្មារតី។ កុំទ្រាំវាតទៅទៀត នៅពេលស្ត្រេស៍បានវាយលុកអ្នកខ្លាំងក្លា។ ត្រូវប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីចៀសពីបញ្ហានេះមុនពេលអ្នកធ្វើឲ្យខូចរាងកាយ និងខួរក្បាលរបស់អ្នកកាន់តែខ្លាំង។ 

១០- អ្នកងាកទៅរកវិធីផ្សេងៗដើម្បីទប់ទល់ស្ត្រេស៍
បន្ទាប់ពីការប្រឹងប្រែងធ្វើការពេញមួយថ្ងៃ អ្នកប្រហែលជាចង់ទៅតែផ្ទះ និងចាប់យកដបស្រាបៀរពីទូរទឹកកកតែប៉ុណ្ណោះខណៈអ្នកបើកទូរទស្សន៍មើល។ ទោះគ្មានអ្វីខុសដោយគ្រាន់តែផឹកស្រាបៀរមួយដប ឬពីរដបបន្ទាប់ពីអ្នកមកផ្ទះ និងសម្រាកមួយសន្ទុះក៏ដោយ ក៏ប៉ុន្តែវាពិតជាសញ្ញាបង្ហាញថាអ្នកមានបញ្ហា ជាពិសេសការដែលត្រូវផឹកស្រាបៀរដើម្បីអាចសម្រាកបាន។ ពេលផឹកស្រាបៀរ ឱកាសកើនស្ត្រេស៍នៅព្រឹកបន្ទាប់នឹងមានខ្ពស់ជាងការដែលអ្នកមកដល់ផ្ទះភ្លាមចូលដេកភ្លែតទៅទៀត។ ប្រសិនបើអ្នកឃើញខ្លួនឯងពឹងលើថ្នាំ ឬគ្រឿងស្រវឹងដើម្បីកាត់បន្ថយស្រ្តេស៍ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគួរតែរកគ្រូពេទ្យជួយជាបន្ទាន់ភ្លាម៕ 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់