លោក Kiyoto Saito កសិករវ័យក្មេងមកពី Kengo ក្នុងអាណាខេត្ត Yamagata ប្រទេសជប៉ុន កំពុងព្យាយាមផ្លាស់ប្តូរផ្នត់គំនិតប្រជាជនអំពីការងារកសិកម្មតាមរយៈឈុតអាវធំដ៏សង្ហារបស់គាត់។ មិនថាគាត់បើកត្រាក់ទ័រ កាត់ស្មៅ ឬ ឈរលើម៉ាស៊ីនត្រាក់ទ័រព្យួរស្រែ លោក Kiyoto Saito តែងតែស្លៀកពាក់ឈុតអាវធំមានទាំងអាវក្នុង និងក្រវ៉ាត់កត្រឹមត្រូវជានិច្ច នេះមិនខុសអីពីរដ្ឋមន្ត្រីម៉ាំល្ហុងស្រុកខ្មែរនោះឡើយ។
គ្រួសាររបស់លោក Kiyoto Saito ធ្វើស្រែនៅ Kengo អស់ ៤០០ ឆ្នាំមកហើយ ប៉ុន្តែកាលនៅជំទង់ គាត់យល់ឃើញថាប្រពៃណីជនបទគួរឱ្យធុញទ្រាន់ណាស់ ហើយក៏សម្រេចចិត្តទៅនៅទីក្រុង។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានវិលត្រឡប់មកស្រុកកំណើតវិញដើម្បីបង្កើតគ្រួសារ និងបើកមុខរបរលក្ខណៈគ្រួសារ ប៉ុន្តែគាត់សម្រេចចិត្តច្នៃប្រឌិតការងារនោះឱ្យប្លែកពីគេ។
គំនិតក្នុងការស្លៀកពាក់ឈុតធំធ្វើស្រែដំបូងឡើយគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ថ្ងៃមួយ នៅតុអាហារថ្ងៃត្រង់ បងប្រុសគាត់និយាយកំប្លែងលេងថា ធ្វើស្រែពាក់អាវធំមិនដឹងឡូយយ៉ាងណា ប៉ុន្តែ Kiyoto Saito យល់ថាគំនិតនេះល្អសម្រាប់គាត់។ គាត់យល់ឃើញថាគំនិតនេះជាមធ្យោបាយដ៏ល្អឥតខ្ចោះដើម្បីផ្លាស់ប្តូរផ្នត់គំនិតប្រជាជនអំពីការធ្វើកសិកម្មក្នុងប្រទេសជប៉ុន។
លោកបានប្រាប់ទូរទស្សន៍ Zoomin TV ថា "មនុស្សភាគច្រើនគិតថាកសិករមានខ្លួនប្រាណកខ្វក់ពេញមួយថ្ងៃ និងរកលុយមិនបានច្រើនទេ។ ខ្ញុំចង់ឱ្យក្មេងៗគិតថា ការធ្វើស្រែពិតជាសប្បាយណាស់"៕
