adverise with khmeread Untitled 1

DJ វៀត​ណា​ម្នាក់នេះ​ត្រូវគេ​រិះគន់​ពេញ​បណ្តាញ​សង្គម​ចំពោះ​ការ​អះអាងថា​ដើរលេង​អឺរ៉ុប ៧ ប្រទេស​ចាយ​អស់​តែ​ជិត ១៩០០ ដុល្លារ​

    ​តើ​យើង​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អឺរ៉ុប​ចំនួន ៧ ក្នុង​រយៈពេល ២២ ថ្ងៃ​ដោយ​ចំណាយ​តិចជាង ២០០០ ដុល្លារ​បានដែរ​ឬទេ​? នារី​វ័យក្មេង​ជនជាតិ​វៀតណាម​ម្នាក់​អះអាងថា អាចទៅរួច ប៉ុន្តែ​មនុស្ស​ជាច្រើន​ហាក់​មិនសូវ​ជឿជាក់​ទៅលើ​ការអះអាង​នេះ​ទេ​។​

​    ​នាង Dang Ngoc Quynh Nhi ដែល​ត្រូវបាន​ប្រជាជន​វៀតណាម​ភាគច្រើន​ស្គាល់​ថា ជា DJ Yuu បាន​ដើរលេង​កម្សាន្ត​នៅ​ទ្វីបអឺរ៉ុប​ក្នុង​រយៈពេល ៣ សប្តាហ៍​ជាមួយ​មិត្ត​ប្រុស​របស់​នាង ហើយ​បាន​សម្រេចចិត្ត​ចែករំលែក​ពីបទ​ពិសោធន៍​ធ្វើដំណើរ​ទៅ​អឺរ៉ុប​ដែលមាន​តម្លៃថោក​ទៅកាន់​មនុស្ស​ជាង ៤៨ ម៉ឺន​នាក់​ដែល Follow នាង​នៅលើ​បណ្តាញ​សង្គម Facebook​។​

​    ​DJ វ័យ ២២ ឆ្នាំ​រូបនេះ​បាន​និយាយថា មនុស្ស​ម្នាក់​អាច​រៀបចំ​គម្រោង​ស្រដៀង​នាង​ដោយ​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង សាធារណៈ​ឆែក អាល្លឺម៉ង់ អ៊ី​ស្លង់ ហូ​ឡង់ ក្រិ​ក និង​អ៊ីតាលី​ដោយ​ចំណាយ​អស់​ត្រឹម ៤២ លាន​ដុង ឬក៏ ១.៨៧៥ ដុល្លារ​តែប៉ុណ្ណោះ​។ សារ​របស់​នាង​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នេះ​បាន​ទាក់ទាញ​អ្នក​ចុច Like ជាង ៤ ម៉ឺន​នាក់ និង​ការបញ្ចេញមតិ​ជាង ៣ ម៉ឺន ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ហាក់​មិនសូវ​ជឿ​នាង​ទេ​។​

​    ​* តើ​នាង​ធ្វើបាន​យ៉ាងដូចម្តេច​?
​    ​Nhi បាន​និយាយថា នាង​សុំ​ទិដ្ឋាការ Schengen នៅ​ប្រទេស​បារាំង​ដែលមាន​តម្លៃ ៦០ យូរ៉ូ​ឬ ៦៥ ដុល្លារ ហើយ​បាន​កក់​សំបុត្រ​ធ្វើដំណើរ​វិលជុំ​ពី​ប្រទេស​វៀតណាម​ទៅ​បារាំង​នៅ​តម្លៃ ១២,២៦ លាន​ដុង ឬ ៥៤៧ ដុល្លារ​។ នាង​ក៏បាន​ណែនាំ​ឱ្យប្រើ​ប្រាស់​បណ្តាញ Airbnb ឱ្យជួយ​រក​កន្លែង​ស្នាក់នៅ​មានតម្លៃ​សមរម្យ​នៅ​គោលដៅ​ទេសចរណ៍​នីមួយៗ ឬក៏​រក​សណ្ឋាគារ​ដែល​ជួនកាល​មានតម្លៃ​ត្រឹមតែ ១២ យូរ៉ូ ឬ ១៣ ដុល្លារ​ក្នុង​មួយ​យប់​។ នាង​បាន​បន្ថែមថា ដូច្នេះ លោកអ្នក​ចំណាយ​ត្រឹមតែ ២៤០ យូរ៉ូ ឬ ២៦០ ដុល្លារ​ត្រឹមតែ ២០ យប់​ប៉ុណ្ណោះ​។​

​    ​យោងតាម​គណនី Facebook របស់​នាង​ឱ្យដឹងថា តម្លៃ​សំបុត្រ​យន្តហោះ កន្លែង​ស្នាក់នៅ និង​ទិដ្ឋាការ​ទាំងអស់​ចំណាយ​ត្រឹមតែ ៨៧២ ដុល្លារ​តែប៉ុណ្ណោះ​។ ដូច្នេះ​នេះ​មានន័យថា នាង​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន ៧ និង​ថ្លៃ​ចំណីអាហារ​ត្រឹម​តម្លៃ​តិចជាង ១០០០ ដុល្លារ​តែប៉ុណ្ណោះ​ក្នុង​រយៈពេល ៣ សប្តាហ៍​។​

​    ​រឿងរ៉ាវ​របស់​នាង​ស្តាប់ទៅ​ពិតជា​មិនគួរ​ជឿ​ទេ ដែលនាំឱ្យ​អ្នក​ចូល​បញ្ចេញមតិ​ខ្លះ​លើកឡើងថា​តើ​នាង​បំផ្លើស​ឬក៏​គ្រាន់តែ​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ​។ អ្នកខ្លះ​ទៀត​បាន​ឌឺដង​ឱ្យ​នាង​ថា នាង​បាន​ចំណាយ ៤២ លាន​ដុង​សម្រាប់​ចាយវាយ​ខ្លួនឯង ហើយ​សល់​ប៉ុន្មាន​ទៀត​មិត្ត​ប្រុស​របស់​នាង​ជា​អ្នករ៉ាប់រង​ទាំងអស់​។​

​    ​យ៉ាងណាក្តី Nhi បាន​ចូល​បកស្រាយ​តាមរយៈ Facebook របស់​នាង​ម្តងទៀត​បន្ទាប់ពី​មានការ​រាយការណ៍​ពី​រឿង​របស់​នាង​ដោយសារ​ព័ត៌មាន​ក្នុង​តំបន់ យ៉ាង​ដូច្នេះ​ថា បើទោះជា​នាង​អះអាងថា វា​អាចទៅរួច​សម្រាប់​មនុស្ស​ម្នាក់​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អឺរ៉ុប​ចំនួន ៧ ក្នុង​រយៈពេល ២២ ថ្ងៃ​ដោយ​ចំណាយ​ត្រឹមតែ ៤២ លាន​ដុង តម្លៃ​ចំណាយ​ពិតប្រាកដ​របស់​នាង​ជាមួយ​មិត្ត​ប្រុស​គឺ​មិនមែន​ប៉ុន​នេះ​ទេ​។​

​    ​ខណៈ​នាង​បាន​លើកឡើងថា បាន​ស្នាក់នៅ​សណ្ឋាគារ​តម្លៃ ១២ យូរ៉ូ ក្នុង​មួយ​យប់​ក្តី គេ​ឃើញ​រូបភាព​របស់​នាង​បាន​ថត​នៅ​សណ្ឋាគារ​ផ្កាយ​បួន​ដែល​នេះ​ច្បាស់​ជាមាន​តម្លៃ​ខ្ពស់​។​

​    ​ទោះយ៉ាងណា នាង​បាន​លើកឡើងថា នាង​គ្រាន់តែ​ចង់​ចែករំលែក​គន្លឹះ​ខ្លះ​សម្រាប់​អ្នក​ចង់​ធ្វើដំណើរ​ទៅ​អឺរ៉ុប​ដែល​ចង់​ចំណាយ​តាម​ស្ថានភាព​សេដ្ឋកិច្ច​របស់ខ្លួន​ប៉ុណ្ណោះ​។​

​    ​នាង​ក៏បាន​ឆ្លើយតប​ចំពោះ​ការ​រិះគន់ថា ភាគច្រើន​នៅ​អំឡុង​ដំណើរ​កម្សាន្ត នាង​ទិញ​អាហារ​នៅ​ផ្សារ​ទំនើប ខណៈ​អាហារ​អឺរ៉ុប​នាង​មិនសូវ​ចេះ ដូច្នេះ​ការចំណាយ​លើ​ថ្លៃ​អាហារ​គឺមាន​កម្រិត​ទាប​។ នៅក្នុង​ទីក្រុង Prague នាង​ក៏បាន​លើកឡើងថា នាង​មិនត្រូវ​ការចំណាយ​ថ្លៃ​អាហារ​ទេ​ព្រោះ​មាន​មិត្តភក្តិ​វៀតណាម​នៅ​ទីនោះ​។​

​    ​ម្យ៉ាងវិញទៀត នាង​បាន​ប្រាប់ទៀតថា នាង​មិនបាន​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​កម្សាន្ត​ទាក់ទាញ​មួយចំនួន​ទេ ព្រោះ​នាង​ធ្លាប់​ទៅ​អឺរ៉ុប​ពីរដង​មកហើយ ហើយ​បាន​ស្គាល់​ទីតាំង​ទាំងនោះ​សព្វ​ផងដែរ​។ នាង​គ្រាន់តែ​ផ្តិត​យក​រូបភាព​នៅ​ខាងក្រៅ​តំបន់​ទេសចរណ៍​ទាំងនោះ​ប៉ុណ្ណោះ​។​

​    ​ដូច្នេះ​ការលើកឡើង​របស់​នាង Dang Ngoc Quynh Nhi ដែលថា​ចំណាយ​ត្រឹមតែ ២០០០ ដុល្លារ​ដើម្បី​ដើរ​កម្សាន្ត​នៅ​ប្រទេស​អឺរ៉ុប​ចំនួន ៧ ត្រឹម​រយៈពេល ២២ ថ្ងៃ​គឺអាច​ទៅរួច​ប្រសិនបើ​លោកអ្នក​អាច​គ្រប់គ្រង​ការចំណាយ​ដោយ​ស្នាក់នៅ​សណ្ឋាគារ​តម្លៃ ១២ យូរ៉ូ​ក្នុង​មួយ​យប់ ទិញ​អាហារ​នៅ​ផ្សារ​ទំនើប និង​មិន​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​ទេសចរណ៍​ទាក់ទាញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់