adverise with khmeread Untitled 1

កងកម្លាំង​ចម្រុះ​មកពី ៦០ ប្រទេស​ពួតដៃគ្នា​ជាមួយ​ទាហាន​អ៊ីរ៉ាក់​និង​ឃឺ​ត​ជាង​៤​ម៉ឺន​នាក់​វាយយក​ទីក្រុង​ Mosul ពី ISIS

​    ​យោងតាម​ប្រភពព័ត៌មាន Daily Mail របស់​អង់គ្លេស​បានឱ្យដឹងថា យន្តហោះ​ចម្បាំង​អង់គ្លេស​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សមរភូមិ​វាយ​រំដោះ​ទីក្រុង Mosul កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ  ជាមួយ​កង​យន្តហោះ​ចម្បាំង Typhoon ផ្តោត​គោលដៅ​លើ​ទីតាំង​របស់​ក្រុម ISIS ក្នុង​បំណង​ដណ្តើម​កាន់កាប់​ទីតាំង​រឹងមាំ​សំខាន់​ចុងក្រោយ​របស់​ក្រុម​ភេរវកម្ម​នេះ​ក្នុងប្រទេស​អ៊ីរ៉ាក់​។ 

​    ​មេៗ​យោធា​និយាយថា កងទ័ព​ជើង​អាកាស​អង់គ្លេស​គាំទ្រ​កងទ័ព​អ៊ីរ៉ាក់​អំឡុង​ការវាយលុក​ដ៏​សំខាន់ ដែល​បាន​បណ្តាលឱ្យ​បាត់បង់​ជីវិត​និង​សម្ភារៈ​យ៉ាងច្រើន​រួចមកហើយ​លើ SIS ក្នុង​ក្រុង Mosul ដែលមាន​ប្រជាជន​រស់នៅ​និង​កំពុង​ជាប់​ក្នុង​ទីក្រុង​ជាង ១,៥ លាន​នាក់​។ 

​    ​ទាហាន​អ៊ីរ៉ាក់ និង ទាហាន​ឃឺ​ត​ជាង ៤០.០០០ នាក់​បាន​កំពុង​ដឹកនាំ​ការវាយលុក​នេះ ដោយមាន​ការគាំទ្រ​ពី​អាកាស​និង​លើគោក​ពី​កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ចំនួន ៦០ ប្រទេស ក្នុង​អ្វីដែល​គេ​រំពឹងថា​នឹង​ជាការ​វាយលុក​ដ៏​លំបាក​មួយ ដែល​អាច​ចំណាយពេល​ច្រើន​សប្តាហ៍ ឬ រាប់​ខែ​។ 

​    ​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស លោក Michael Fallon និយាយថា ជាមួយ​ការជួយ​ពី​អង់គ្លេស កងទ័ព​អ៊ីរ៉ាក់ "​នឹង​យកឈ្នះ​" ខណៈ​ក្រុម ISIS "​កំពុង​ចាញ់​ច្រាប​"​។ 

​    ​លោក Michael Fallon និយាយថា "​ការចាប់ផ្តើម​ហ៊ុំព័ទ្ធ​ទីក្រុង Mosul ថ្ងៃនេះ (​ថ្ងៃ​ចន្ទ​) គឺជា​ឱកាស​ដ៏​ធំ​មួយ​ក្នុងការ​ប្រឹងប្រែង​របស់​យើង​ដើម្បី​កម្ចាត់​ពួក ISIS នៅ​អ៊ីរ៉ាក់​។ Mosul ជាទី​ក្រុង​ធំ​និង​ស្មុ​គ្រ​ស្មាញ ហើយ​ប្រតិបត្តិការ​នៅ​ទីនោះ​នឹងមាន​ការលំបាក ប៉ុន្តែ​ជាមួយ​ការគាំទ្រ​របស់​កងទ័ព​ចម្រុះ កងកម្លាំង​អ៊ីរ៉ាក់​នឹង​យកឈ្នះ​"​។​

     ​លោក​បន្តថា "​ចក្រភព​អង់គ្លេស​នឹង​ដើរតួនាទី​ដឹកនាំ​នៅ​ជើង​អាកាស​និង​ជើងគោក រួមទាំង​បេសកកម្ម​វាយប្រហារ ការ​ស៊ើបការណ៍​ពោរពេញ​ដោយ​ជំនាញ ការគាំទ្រ​មនុស្សធម៌ និង ការត្រួតពិនិត្យ និង​បណ្តុះបណ្តាល​កងកម្លាំង​អ៊ីរ៉ាក់​របស់​យើង​"៕

adverise with khmeread

មតិយោបល់