Untitled 1

កុំ​វាយតម្លៃ​តែ​សំបក​ក្រៅ​! នេះ​ជា​សណ្ឋាគារ​បណ្តែត​ទឹក មួយ​យប់​តែ ៥០ សេន​ប៉ុណ្ណោះ​!

    ​ពេល​និយាយ​ដល់​កន្លែង​ស្នាក់នៅ នរណា​ក៏​ចង់បាន​កន្លែង​ស្នាក់នៅ​តម្លៃថោក​ដែរ ប៉ុន្តែ​ទន្ទឹមនេះ លោកអ្នក​ក៏​នឹង​ទទួលបាន​នូវ​អ្វីដែល​សម​នឹង​ការចំណាយ​របស់លោក​អ្នក​ដែរ​។​

​    ​វា​ជា​រឿង​ភ្ញាក់ផ្អើល​មួយ ដែល​សណ្ឋាគារ​ថោក​បំផុត​របស់​ពិភពលោក​នេះ មិន​ស្ថិតនៅ​ទីតាំង​ប្រកបដោយ​ផាសុកភាព​សម្រាប់​អ្នកដំណើរ​។ 

​    ​ដោយ​ផ្តល់​ការ​ស្នាក់នៅ​មួយ​យប់​ត្រឹមតែ ៣០ តា​កា លុយ​បង់​ក្លា​ដែ​ស ឬ (០,៥០ សេន​ដុល្លារ​) សណ្ឋាគារ Faridpur Hotel ក្នុងប្រទេស​បង់​ក្លា​ដែ​ស​នេះ​ត្រូវគេ​និយាយថា​ជា​សណ្ឋាគារ​តម្លៃថោក​បំផុត​តែមួយគត់​ក្នុង​ពិភពលោក​។ 

​    ​ហើយ​នេះ​ជា​អ្វីដែល​អ្នកនឹង​ទទួលបាន​សម្រាប់​តម្លៃ​ដ៏​ថោក​នេះ​។ 

​    ​សម្រាប់​ភ្ញៀវ​ថ្មីថ្មោង សណ្ឋាគារ​នៅ​ច្រាំងទន្លេ Buriganga ក្នុង​រដ្ឋធានី Dhaka មិនមែនជា​អគារ​ទេ តែ​ជា​ទូក​បណ្តែត​ទឹក ៥ ដាច់ដោយឡែក​ពីគ្នា​។ 

​    ​សណ្ឋាគារ​នេះ​មាន ៤៨ បន្ទប់ ហើយ​ភ្ញៀវ​ត្រូវ​ដេក​លើ​គ្រែ​ធម្មតា គ្មាន​ពូក គ្មាន​បង្គន់ គ្មាន​កង្ហា និង គ្មាន​ទឹក​ផឹក​ទេ​។ សណ្ឋាគារ​នេះ​ផ្តល់​ឱ្យតែ​ហឹប​តូច​មួយ​សម្រាប់​ដាក់​រប​ស់មាន​តម្លៃ​ប៉ុណ្ណោះ​។ 

​    ​ហើយ​បន្ទប់​នីមួយៗ​ក៏​មិនមាន​លក្ខណៈ​ឯកជន​ដែរ គឺ បន្ទប់​មួយ​គ្រែ​មួយ​ល្ហល្ហេវ​តម្រៀប​ក្បែរៗ​គ្នា ហេតុ​ដូច្នេះហើយ​ទើប​សណ្ឋាគារ​នេះ​មួយ​យប់​ថ្លៃ​ត្រឹម ៥០ សេន​។ 

​    ​បន្ទប់​ឯកជន​ពិតជា​មាន ប៉ុន្តែ​ទាល់តែ​ភ្ញៀវ​នោះ​ពិសេស និង​ត្រូវ​បង់ ២ ដុល្លារ​ក្នុង​មួយ​យប់​។​

​    ​លោក Muhammad Mustafa Miyan ម្ចាស់​សណ្ឋាគារ បាន​ប្រាប់ Mail Online ថា "​យើង​មាន​ភ្ញៀវ​ប្រហែល ៤០ នាក់​ស្នាក់នៅ​សណ្ឋាគារ​យើង​គ្រប់ពេល ហើយ​ពួកគេ​ស្នាក់នៅ​រហូតដល់​ទៅ ៣ ខែ​ឯណោះ​"​។ 

​    ​ក្រៅពី​សម្រាប់​ភ្ញៀវទេសចរ សណ្ឋាគារ​នេះ​ក៏​ពេញនិយម​ក្នុងចំណោម​កម្មករ ដែល​ធ្វើដំណើរ​ពី Dhaka និង​អ្នក​ដែល​ត្រូវការ​ស្នាក់នៅ​ក្បែរ​តំបន់ Sadarghat ដ៏​អ៊ូអរ​៕ 

អ្នកនឹងចូលចិត្ត

មតិយោបល់