14795937 1149766538443553 1752140542 o

បុរស​ម្នាក់​ចងក​បញ្ច​ប់​ជីវិត​ខ្លួនឯង បន្ទាប់ពី​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​

    សៀមរាប ៖ ប្តី​ប្រពន្ធ​មួយ​គ្រួសារ រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប បាន​ឈ្លោះប្រកែក​គ្នា​ ២​ ទៅ ​៣​ ថ្ងៃ​មកហើយ ក្រោយពី​ឈ្លោះប្រកែក​គ្នា​រួចមក​ភាគី​ខាង​ប្តី​បានសម្រេច​ចិត្ត​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​នៅ​នឹង​ដើមឈើ​ក្បែរ​ផ្ទះ​។​

    ករណី​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង៥ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​ជនរងគ្រោះ​ចងក​ខ្លួនឯង​នឹង​ខ្សែក្រវ៉ាត់​នៅលើ​ដើមឈើ​ក្បែរ​ផ្ទះ។​

    ក្រោយពី​បាន​ពិនិត្យ​សាកសព សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ជនរងគ្រោះ​ពិតជា​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតមែន មិនមែនជា​អំពើ​ឃាតកម្ម​នោះទេ ដោយ​នៅលើ​រូបរាងកាយ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​ក្រៅពី​ចងក​នោះទេ​។​

    លោក​អនុសេនីយ៍ឯក ដា ចំរើន អធិការរង​ប៉ូលិស​ក្រុង​សៀមរាប​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡាយ សន ភេទ​ប្រុស អាយុ ​៣៣ ​ឆ្នាំ មុខរបរ​គ្មាន​។​ បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕


 

មតិយោបល់