adverise with khmeread Unnamed %281%29

ក្រុម ALLN គ្រង​ម្ចាស់​ជើងឯក​បាល់បោះ​លី​គ រដូវ​កាល ២០១៦

    ភ្នំពេញ  ៖ ក្រុម ALLN Supermen បាន​គ្រង​ម្ចាស់​ដំណែង​ជើងឯក លី​គ​បាល់បោះ រដូវ​កាល​២០១៦ បន្ទាប់ពី​បាន​យកឈ្នះ​លើ​គូប្រកួត ក្រុម Extra Joss Fighters នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​វិមាន​កី​ឡដ្ឋា​ន​ជាតិ​។​

    ការប្រកួត​វិលជុំ​ដំបូង មាន​១១​ក្រុម​ចូលរួម ហើយ​បាន​ចាប់ដំណើរការ​ប្រកួត តាំងពី​ថ្ងៃទី​២ ខែកក្កដា មក​នោះ ក្រុម ALLN ធ្លាប់បាន​ចាញ់​ក្រុម Extra Joss ម្តង​ហើយ ប៉ុន្តែ​ការវិល​មកជួប​គ្នា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម ALLN ដែលមាន​សមាជិក​ភាគច្រើន​ជា​កីឡាករ​បរទេស​នោះ បានបង្ហាញ​ការប្រកួត​យ៉ាង​ល្អ​បំផុត ក្នុងការ​យកឈ្នះ​ក្រុម Extra Joss ជាមួយ​ពិន្ទុ ៨០​ទល់នឹង​៥៥​។​

    ក្រុម​ជើងឯក ALLN ទទួលបាន​ពានរង្វាន់​១ អម​ជាមួយ​ទឹកប្រាក់ ៣០០០ ដុល្លារ ហើយ​ក្រុម​ជើងឯក​រង Extra Joss ប្រាក់រង្វាន់​ចំនួន ២០០០ ដុល្លារ​។ ចំណែក​ក្រុម Bayon Airlines បាន​យកឈ្នះ​ក្រុម MSGM Beast ជាមួយ​ពិន្ទុ ៦៨​ទល់​៦៦ ដើម្បី​ទទួលបាន​លេខ​៣ អមដោយ​ទឹកប្រាក់​ចំនួន ១០០០​ដុល្លារ​។​

    លោក កៅ កាន់​ណា​លី អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បាន​និយាយថា កម្រិត​នៃ​ការលេង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​ប្រែប្រួល និង​រីកចម្រើន​ឡើង គឺ​មិនមាន​ក្រុម​ណាមួយ​អាច​លើក​ពាន​បាន​២​ឆ្នាំ​ជាប់​គ្នា​នោះទេ​។ 

    កីឡាករ​ជម្រើសជាតិ​ត្រូវបាន​បាន​បែងចែក ទៅតាម​ក្រុម​ក្លឹប ឬ​ក្រុម​ផ្សេងៗ ដើម្បី​ប្រកួត ដែល​សកម្មភាព​នេះ​បានធ្វើឱ្យ​បច្ចេកទេស​របស់​ពួកគេ​មានការ​រីកចម្រើន​ជា​លំដាប់ ហើយ​នៅពេល​ប្រកួត​ស៊ី​ហ្គេម ក៏ត្រូវ​ជ្រើសរើស​អ្នកលេង​នៅក្នុង​លី​ក​នេះ​មក​ប្រកួត​ដែរ រួមជាមួយ​កីឡាករ​កូនកាត់​ខ្មែរ នៅ​បណ្តា​ប្រទេស​មួយចំនួនទៀត​។​

    លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា​ក្នុងនាម​ឱ្យ​ក្រសួង​អប់រំ សូម​អរគុណ​ដល់​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា និង​ម្ចាស់​ឧបត្ថម្ភ ដែល​បាន​ប្រឹងប្រែង​រៀបចំ​ឲ្យ​មានការ​ប្រកួត​នេះ​ឡើង ហើយ​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានបង្ហាញ​ឱ្យឃើញ​ថា វិស័យ​បាល់បោះ កាន់តែ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ស្របតាម​គោលការណ៍​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញឱ្យ​វិស័យ​កីឡា​មានការ​រីកចម្រើន ដើម្បី​ត្រៀម​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ពិសេស​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​៕​

adverise with khmeread

មតិយោបល់