adverise with khmeread Unnamed

ក្រុម​ធនាគារ​អេស៊ីលីដា​សាក​កម្លាំង​ពិតជា​មួយក្រុម​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន

    ប៉ៃលិន ៖ ក្រុមបាល់ទាត់​ធានា​គារ​អេស៊ីលីដា ដែលមាន​សមាសភាព​កីឡាករ​ជា​ថ្នាក់ដឹកនាំ បាន​ណាត់ជួប​ប្រកួត មិត្តភាព សាមគ្គីភាព​ជាមួយ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​ទីលាន ខេត្ត​ប៉ៃលិន ក្នុងឱកាស​បើកសម្ពោធ​ការិយាល័យ​ថ្មី​នៅ​ទីនោះ​។​

    លោក នេ​ត ពិសិដ្ឋ នាយក​ប្រតិបត្តិ​សេវា​ហិរញ្ញវត្ថុ​ធនាគារ​អេស៊ីលីដា ភី​.​អិ​ល​.​ស៊ី និង​ជា​ប្រធាន​ក្រុម ដឹកនាំ​បាល់ទាត់​មានប្រសាសន៍ថា នៅក្នុង​ជំនួប​មិត្តភាព​នេះ​ក្រុម​ស្នងការដ្ឋាន នគរបាល​ខេត្ត​ប៉ៃលិន​បាន​យកឈ្នះ​ក្រុម​អេស៊ីលីដា ដោយ​លទ្ធផល ៦​ទល់​៥​។ 

    លោក​បន្ថែមថា នៅក្នុង​ឱកាស បើកសម្ពោធ​សាខា​ថ្មី​នេះ គឺ​ថ្នាក់ដឹកនាំ​សាខា​នានា​ទូទាំងប្រទេស​បាន​ចូលរួម​ប្រជុំ​នៅ​ទីនោះ ហើយ​ជា​ឱកាសល្អ ធនាគា​របស់លោក​បាន​ណាត់ជួប​ជាមួយ​ក្រុម​ស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន ដើម្បី​ប្រកួត​មិត្តភាព រិត​ចំណង​សាមគ្គី ភាព​ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត ដោយ​នេះ​ការលើក​ទី​១​ដែល​ធនាគារ​មួយ​នេះ​ណាត់ជួប ប្រកួត​ជាមួយ​ក្រុម​អាជ្ញាធរខេត្ត​។​

    នាយក​ប្រតិបត្តិ​សេវា​ហិរញ្ញវត្ថុ​ធនាគារ​អេស៊ីលីដា​រូបនេះ​បន្ថែមទៀតថា អត្ថប្រយោជន៍​នៃ​ការប្រកួត​នេះ គឺ​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ល្អ និង​ជិតស្និទ្ធ​ជាមួយគ្នា​កាន់តែ​រឹងមាំ ពីព្រោះ​ការធ្វើ​អាជីវកម្ម ក៏ត្រូវ​ការសហការ ជាមួយ​អាជ្ញាធរ​ដែរ ហើយ​អាជ្ញាធរ​គ្រប់​បណ្តា​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស គឺជា​អតិថិជន​របស់ខ្លួន ពីព្រោះ​មន្ត្រីរាជការ​មាន​គណនី​បើក​ប្រាក់ខែ នៅ​ធនាគារ​អេស៊ីលីដា​ដែរ​។ 

    ដោយសារតែ​កីឡាករ​ជា​ថ្នាក់​គ្រប់ គ្រង​មកពី​សាខា​នានា​ត្រូវបាន​បង្កើតឡើង​បែបនេះ ហើយ​ទទួលបាន​ការគាំទ្រ​ពី​អាជ្ញាធរខេត្ត​ប៉ៃលិន​បែបនេះ គឺ​នៅពេល​ដែលមាន​កិច្ចប្រជុំ​រៀងរាល់​៣​ខែម្តង​នៅតាម​បណ្តា​ខេត្ត​នានា លោក​គ្រោង​នឹង​បង្កើត​ការប្រកួត​មិត្ត មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​អាជ្ញាធរខេត្ត​ផ្សេងៗ នាពេលខាងមុខ​ជា​បន្ត​ទៀត​។​

    សូមបញ្ជាក់ថា ក្រៅពី​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​នេះ ធនាគារ​អេស៊ីលីដា​ក៏បាន​បង្កើត​ព្រឹត្តិការណ៍ កីឡាបាល់ទាត់ ដណ្តើមពាន​រង្វាន់​រប​ស់​ខ្លួន​ប្រចាំឆ្នាំ​ផងដែរ ដោយ​គិត​មកដល់​ឆ្នាំ​២០១៦​នេះ មាន​រយៈពេល​៦ ឆ្នាំ​មកហើយ ដោយមាន​ក្រុម​ចូលរួម​មកពី​បណ្តា​សាខា​នានា​ទូទាំងប្រទេស​មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ។​

    គោលដៅ​ចម្បង​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​នេះ គឺ​ដើម្បី​ឲ្យ​កីឡាករ​ជា​បុគ្គលិក​របស់ខ្លួន​បាន​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព​ឲ្យ​កាន់តែ​ល្អ ជាពិសេស​គឺ​បាន​បំផុសស្មារតី​ដល់​យុវជន​នានា​ឲ្យ​លេង​កីឡា ជៀស​ឆ្ងាយ​ពី​អំពើ​អសកម្ម​ផ្សេងៗ​ក្នុងសង្គម និង​រួមចំណែក​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ទៀត ផង​៕​

adverise with khmeread

មតិយោបល់