adverise with khmeread Bananas

អត្ថប្រយោជន៍សុខភាពដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ១០ នៃការទទួលទានចេក ៣ ផ្លែក្នុងមួយថ្ងៃ

ក្រៅពីមានតម្លៃធូរថ្លៃ និងរសជាតិផ្អែមឆ្ងាញ់ ចេកបានផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនដល់មនុស្ស។ ការសិក្សាជាច្រើនបានចង្អុលបង្ហាញថា ការទទួលទានចេក ៣ ផ្លែក្នុងមួយថ្ងៃគឺជាចំនួនដ៏មានប្រសិទ្ធភាពមួយសម្រាប់សុខភាព ដោយវាផ្តល់ឲ្យរាងកាយមនុស្សនូវសារធាតុប៉ូតាស្យ៉ូមប្រហែល ១៥០០ មិល្លីក្រាម និងអត្ថប្រយោជន៍សុខភាពដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។ ដូច្នេះ តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះ? 

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ១០ នៃការទទួលទានចេក ៣ ផ្លែក្នុងមួយថ្ងៃ៖ 

១- ចេកជួយបន្ថយសម្ពាធឈាមឡើងខ្ពស់
ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានចេកបីផ្លែក្នុងមួយថ្ងៃអាចជួយបន្ថយសម្ពាធឈាមឡើងខ្ពស់បាន។ ចេកទំហំធម្យមមួយផ្លែមានជាតិប៉ូតាស្យ៉ូមប្រហែល ៤២២ មិល្លីក្រាម និងសឹងតែគ្មានសារធាតុសូដ្យូមតែម្តង។ អនុបាតប៉ូតាស្យ៉ូមខ្ពស់ធៀបនឹងសូដ្យូមជួយបន្សាបឥទ្ធិពលសូដ្យូមដែលកើនឡើងក្នុងសម្ពាធឈាម។ 

២- ចេកជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារល្អប្រសើរ
ចេកផ្ទុកទៅដោយជាតិហ្វាយបឺ។ ជាតិហ្វាយបឺជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងរាងកាយ ព្រោះវាជួយសម្រួលដល់ល្បឿននៃការរំលាយអាហារ ដោយជួយកុំឲ្យប្រព័ន្ធរំលាយអាហាររំលាយអាហារលឿនពេក។ ការទទួលទានចេកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងអាចជួយជាមួយនឹងបញ្ហាទល់លាមកផងដែរ។  

៣- ចេកជួយធ្វើឲ្យសុខភាពបេះដូងល្អប្រសើរឡើង
ការទទួលទានចំណីអាហារដែលសម្បូរសារជាតិហ្វាយបឺគឺល្អសម្រាប់បេះដូង ហើយចេកគឺសម្បូរណាស់ជាតិហ្វាយបឺនេះ។ របបអាហារដែលសម្បូរជាតិហ្វាយបឺខ្ពស់ត្រូវបានផ្សារភ្ជាប់នឹងហានិភ័យទាបក្នុងការកើតជំងឺបេះដូងទាំងប្រភេទ CVD និង CHD។ 

៤- ចេកជួយបង្កើតកោសិកាដែលមានសុខភាពល្អ
ចេកសម្បូរដោយជាតិវីតាមីន B6។ ចេកផ្ទុកបរិមាណវីតាមីននេះ ២០ភាគរយដែលចាំបាច់ត្រូវមានរាល់ថ្ងៃសម្រាប់មនុស្សពេញវ័យ។ វីតាមីននេះជួយរាងកាយឲ្យផលិតអាំងស៊ុយលីន អេ​ម៉ូ​ក្លូ​ប៊ីន និងអាមីណូអាស៊ីតមិនចាំបាច់មួយចំនួន ដើម្បីបង្កើតនូវកោសិកាដែលមានសុខភាពល្អ។ វាក៏ជួយផលិតអង្គ​បដិបក្ខដើម្បីប្រឆាំងនឹងការឆ្លងមេរោគផងដែរ។ 

៥- ចេកជួយធ្វើឲ្យសុខភាពក្រពះពោះវៀនល្អប្រសើរឡើង
ដោយសារចេកងាយស្រួលកិនរំលាយ ចេកត្រូវបានគេចាត់ទុកថាជាអ្នកជួយសម្រួលដល់ក្រពះពោះវៀនរបស់មនុស្សដ៏ប្រសើរ។ ជាការពិត ចេកមិនត្រឹមតែជួយសម្រួលដល់ការរំលាយអាហារប៉ុណ្ណោះទេ តែថែមទាំងជួយធ្វើឲ្យប្រសើរឡើងដល់ក្រពះពោះវៀន និងជួយរក្សាទុកឡើងវិញនូវសារធាតុរ៉ែដែលបាត់បង់ក្រោយរាគរូសផងដែរ។ ដូច្នេះហើយបានជាចេកបានក្លាយជាអាហាររឹងដំបូងគេ ដែលគេណែនាំសម្រាប់ទារក។ 

៦- ចេកសម្បូរវីតាមីន C
នៅពេលអ្នកគិតដល់វីតាមីន C អ្នកច្បាស់ជាគិតដល់ផ្លែក្រូច និងស្ត្របឺរីមុនគេ។ តែផ្លែចេកត្រឹមបីផ្លែនឹងអាចធ្វើឲ្យមនុស្សទទួលបានវីតាមីន C ចំនួន ១៥% ដែលចាំបាច់សម្រាប់រាងកាយរៀងរាល់ថ្ងៃ។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ ដែលបន្សាបរ៉ាឌីកាល់សេរីដ៏គ្រោះថ្នាក់ក្នុងរាងកាយ។ រ៉ាឌីកាល់សេរីគឺជាអាតូម ម៉ូលេគុល ឬជាតិដែក ដែលមិនផ្លាស់ប្តូរ ដែលបំផ្លាញកោសិកាក្នុងរាងកាយរបស់អ្នកឥតឈប់ឈរ។ វីតាមីន C ក៏ជួយរក្សាសរសៃឈាមឲ្យមានសុខភាពល្អ និងផលិតជាតិខូឡាជែន (Collagen) ដែលធ្វើឲ្យសាច់ដុំ ឆ្អឹង និងជាលិកាផ្សេងៗឱបជាប់គ្នាបានល្អ។  

៧- ចេកជួយឲ្យការប្រកួតកីឡាបានល្អប្រសើរឡើង
ប្រសិនបើអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាអត្តពលិកចូលចិត្តញ៉ាំចេក អ៊ីចឹងនេះគឺជាហេតុផល៖ ចេកជួយពង្រឹងដល់សាច់ដុំ និងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមនានាតាមបែបធម្មជាតិ។ យោងតាមការសិក្សាមួយនៅមន្ទីរពិសោធន៍ផ្នែកការអនុវត្តសកម្មភាពរបស់មនុស្សនៅសាកលវិទ្យាល័យ Appalachian State University ការទទួលទានចេកមួយកំណាត់រាល់ ១៥ នាទីអំឡុងពេលធ្វើតេស្តប្រណាំងកង់គឺមានប្រសិទ្ធភាពដូចគ្នាទៅនឹងការផឹកភេសជ្ជៈប៉ូវកម្លាំងពេលហាត់កីឡារាល់ ១៥ នាទីដូច្នោះដែរ។   

៨- ចេកជួយប្រយុទ្ធប្រឆាំងនឹងការខ្វះឈាម
ដោយសារចេកសម្បូរទៅដោយជាតិដែក ដូច្នេះការទទួលទានចេកអាចបង្កើនការផលិតអេម៉ូក្លូប៊ីន (Hemoglobin) ក្នុងឈាម និងជួយប្រយុទ្ធប្រឆាំងនឹងការខ្វះឈាម។ ការខ្វះឈាមគឺជាអាការៈមួយ ដែលកោសិកាឈាមក្រហមថយចុះ ឬអេម៉ូគ្លូប៊ីនថយចុះក្នុងឈាម ដែលនាំឲ្យអស់កម្លាំង ស្លេកស្លាំង ឬពិបាកដកដង្ហើម។ 

៩- ចេកជួយទប់កុំឲ្យមានអារម្មណ៍ឃ្លានអាហារ
រឿងនេះកើតឡើងមិនមែនដោយសារតែការទទួលទានចេកធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរមួយមុខនោះទេ ប៉ុន្តែក៏ដោយសារតែក្លិនដ៏រីករាយរបស់វាផងដែរ។ ជាការពិត ក្លិនរបស់ចេកអាចទប់កុំឲ្យមានចំណង់ និងអារម្មណ៍ឃ្លានអាហារបាន! យោងតាមការសិក្សាមួយដោយវេជ្ជបណ្ឌិត Alan Hirsch នៃមូលនិធិ Smell and Taste Treatment and Research Foundation នៅ Chicago ការហិតក្លិនចេកនៅពេលអ្នកឃ្លានអាចឲ្យបញ្ឆោតខួរក្បាលរបស់អ្នកឲ្យយល់ច្រឡំថាអ្នកពិតជាបានញ៉ាំចេករួចហើយ។ ដូច្នេះទើបអ្នកមិនមានអារម្មណ៍ឃ្លានពេលហិតចេក។ 

១០- ចេកជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អ
ចេកទំហំមធ្យមមួយផ្លែផ្តល់នូវម៉ាញ៉េស្យូមប្រហែល ២៧ មិល្លីក្រាម។ សារធាតុរ៉ែមួយនេះអាចជួយអ្នកឲ្យមានអារម្មណ៍ល្អ និងជួយឲ្យគេងលក់ស្រួលផងដែរ។ បុរសនិងស្ត្រីត្រូវការជាតិម៉ាញ៉េស្យូម ៤២០ ក្រាម និង ៣២០ ក្រាមរៀងរាល់ថ្ងៃ រៀងៗខ្លួន។ ប្រសិនបើអ្នកមានជាតិម៉ាញ៉េស្យូមទាប អ្នកច្បាស់ជានឹងមានអារម្មណ៍ធុញថប់ ឆាប់ខឹង បាក់ទឹកចិត្ត និងអាការៈផ្សេងៗទៀតជាច្រើន៕   

adverise with khmeread

មតិយោបល់