adverise with khmeread 3333

បន្លំស្លៀកពាក់ប៉េអឹមពាក់ស័ក្តិ២ត្រូវប៉ូលិសចាប់ខ្លួន

    ភ្នំពេញ ៖ បុរស​ម្នាក់​បន្លំ​ស្លៀកពាក់ ឯកសណ្ឋាន​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ពាក់​ស័ក្តិ​ពីរ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​បាន​ឃាត់ខ្លួន​ភ្លាមៗ ប្រគល់​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ចាត់ការ​បន្ត​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦  នៅ​ចំណុច​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក  ។​
     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ ហ៊ុន រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់​ស័ក្តិ​២ ។​
    ប៉ូលិស​បន្តថា មុនពេល​ឃាត់ខ្លួន​បុរស​ខាងលើ គឺ​សមត្ថកិច្ច​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​ស្រាប់​តែមាន​មនុស្ស​មួយក្រុម ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​បាន​ស្រែក​និង​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ ហើយ​ភ្លាមនោះ​បុរស​ម្នាក់​ដែល​ស្លៀកពាក់ ឯកសណ្ឋាន​ជា​
​មន្ត្រី​កងរាជអាវុធហត្ថ ក៏​ជិះ​ម៉ូតូ​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ​ដែល​កំពុងបើក​ស្របគ្នា​នោះ  បណ្តាល​ឲ្យ​គេ​ដួល​ម៉ូតូ​នៅលើ​ថ្នល់ ។​
    ដោយ​ឃើញបែបនេះ​កម្លាំង​សមត្ថកិច្ច​ល្បាត ក៏​ចុះ​សួរនាំ​ទៅលើ​បុរស​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​ភ្លាម ថា​មានរឿង​អ្វី​កើតឡើង ហើយ​បុរស ដែល​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះបាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច ថា​គេ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ចឹ​ង​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​គេ​ផង​ព្រោះ​គេ​ត្រូវ​ក្មេង​មួយក្រុម​ដេញ​វាយ​គេ ។​
    សមត្ថកិច្ច​មានការ​សង្ស័យ ព្រោះថា​មន្ត្រី​រូបនេះ​ដូចជា​មិន​ធ្លាប់​ឃើញ​និង​ស្គាល់​សោះ​ទើប​សមត្ថកិច្ច​សម្រេច​ឃាត់​ខ្លួនគេ​តែម្តង ។ បន្ទាប់ពី​ឃាត់​បុរស​ខាងលើនេះ​យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ហើយ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅខាង មន្ត្រី​អាវុធហត្ថ​ខណ្ឌទួលគោក ពិតប្រាកដ ដើម្បី​ចុះមក​មើលថា​គេ​ជា​មន្ត្រី​អាវុធហត្ថ​មែន​ឬក៏​ក្លែងបន្លំ ?​។​
     ក្រោយ​កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌទួលគោក ចុះមក​ត្រួត​ពិនិត្យមើល​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មិនមែនជា​មន្ត្រី​រាជ​អាវុធហត្ថ​របស់គាត់​ឡើយ ។  ជាក់ស្ដែង​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​បាន​ឆ្លើយ​សារភាព​នៅមុខ​សមត្ថកិច្ច​ថា គេ​មិនមែនជា​មន្ត្រី​កងរាជអាវុធហត្ថ​ទេ គឺ​គ្រាន់តែ​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដើរ​គំរាម​គេឯង​យកលុយ​ប៉ុណ្ណោះ ។​
   បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន​រួមទាំង​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​មួយគ្រឿង យកទៅ​មូល​ដ្ថា​ន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់