adverise with khmeread 1

ចិន​សរសើរ​ប្រធានាធិបតី​មុខ​កាច​ហ្វីលីពីន​ថា "​មនុស្ស​រួសរាយ​"

    ​ចិន​បានផ្តល់​ការសរសើរ​ចំពោះ​ភាពរួស​រាយ​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​មក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ ទី​១៩ តុលា ដោយបាន​សាទរ​ទំនាក់ទំនង "​មិត្តភាព​" រវាង​ប្រទេស​ទាំងពីរ ខណៈដែល​មេដឹកនាំ​ហ្វីលីពីន​ចិត្តជា​អ្នក​ប្រយុទ្ធ​រូបនេះ​បានរៀបចំ​ឡើងវិញ​នូវ​សម្ព័ន្ធភាព​ការទូត​របស់​ប្រទេស​លោក​។ 

​    ​Duterte ស្ថិតនៅ​ប្រទេស​ចិន​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ ដែល​រំពឹង​ពង្រឹង​ដល់​ការ​ងាក​ចេញពី​វ៉ាស៊ីនតោន មករក​ឥទ្ធិពល​របស់​ប៉េកាំង​វិញ​។ 

​    ​គោលនយោបាយ​ការបរទេស​ក្រោម​ការដឹកនាំ​របស់លោក Duterte បាន​ផ្លាស់ប្តូរ​ទាំងស្រុង ពី​គោលនយោបាយ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​មុន Benigno Aquino ដែល​ដឹក​ដៃ​ប៉េកាំង​ទៅ​តុលាការអន្តរជាតិ ជុំវិញ​ការអះអាង​កាន់កាប់​សមុទ្រ​ចិន​ទាំងស្រុង​ស្ទើរ​ទាំងស្រុង និង​បាន​ឈ្នះក្តី​ក្នុងករណីនេះ​យ៉ាង​ត្រចះត្រចង់​។ 

​    ​ការនាំ​ចិន​ទៅ​តុលាការ​បានធ្វើឱ្យ​ចិន​ខឹង​ក្តៅក្រហាយ​ជាខ្លាំង ប៉ុន្តែ លោក Duterte ដែល​ឡើងកាន់​អំណាច​នៅ​ខែមិថុនា​មុន​ចេញ​សាលក្រម​តែ​បន្តិច​នោះ បានសម្រេច​ចិត្ត​មិន​អួតអាង​រឿង​លទ្ធផល​ឈ្នះក្តី​នេះ​ទេ​។ 

​    ​នៅ​សន្និសីទកាសែត​ជាប្រចាំ​កាលពី​ថ្ងៃ​ពុធ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying និយាយថា ប៉េកាំង​រីករាយ​នឹង​ជំរុញ​ដោះស្រាយ​ជម្លោះទឹកដី "​តាមរយៈ​ការពិគ្រោះ​យោបល់ និង​ការពិភាក្សា​"​។ 

​    ​លោកស្រី​បន្ថែមថា "​នេះ​ជា​របៀប​ដែល​អ្នកជិតខាង​ជា​មិត្ត​ទាំងពីរ​គួរ​ប្រព្រឹត្ត​ចំពោះ​គ្នា​។ គ្រប់គ្នា​ដែល​ចង់បាន​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​ពិតប្រាកដ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​គួរ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់ Duterte"​។​

​    ​លោក Duterte នឹង​ជួប​មេដឹកនាំ​កំពូលៗ​របស់​ចិន រួមមាន​ប្រធានាធិបតី Xi Jinping និង​នាយករដ្ឋមន្ត្រី Li Keqiang អំឡុង​ការ​ស្នាក់នៅ​របស់លោក និង​គ្រោង​ទៅ​ជួប​សហគមន៍​ហ្វីលីពីន​ក្នុង​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ​នោះ​ផងដែរ​។ 

​    ​មុន​ដំណើរ​ទស្សនកិច្ច​មក​ចិន​មួយថ្ងៃ លោក Duterte បាន​និយាយថា "​មានតែ​ចិន​ទេ​អាចជួយ​យើង​បាន​"​។ 

​    ​ខណៈដែល​លោក Duterte កាន់តែ​ងាក​ទៅរក​ចិន លោក​បាន​ថ្កោលទោស​អាមេរិក និង​លោក​ប្រធានាធិបតី Barack Obama ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការរិះគន់​សង្គ្រាម​ប្រឆាំង​ឧក្រិដ្ឋកម្ម​ដ៏​សម្លាប់​រង្គាល​របស់លោក​។​

​    ​លោក​ក៏បាន​ផ្អាក​ការ​ល្បាត​រួមគ្នា​រវាង​អាមេរិក​និង​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ និង​ថែមទាំង​បាន​គំរាម​បញ្ចប់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ទៀតផង​៕ 

adverise with khmeread
ប្រភព៖ straitstimes

មតិយោបល់