Unnamed

ក្មេងប្រុស​អាយុ ​១២ ​ឆ្នាំ​លង់ទឹក​ស្លាប់​ដោយ​ចុះ​មុជទឹក​ស្លៀកខោ​ខូវប៊យ​

    សៀមរាប​ ៖ នៅ​ខាងកើត​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ពួក ចំណុច​ស្ពាន​តា​ហ៊ីង មាន​ក្មេង​ម្នាក់​ចុះ​ងូតទឹក​បណ្ដាលឱ្យ​លង់​ស្លាប់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទី​នោះ​ជាច្រើន​នាក់​ចោមរោម​មើល​នៅ​ខាងកើត​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ពួក ចំណុច​ស្ពាន​តា​ហ៊ីង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប កាលពី​វេលា​ម៉ោង០៩ ​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​។​

    លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​ប៉ូលិស​ស្រុក​ពួក​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៩ ​តុលា​ថា មូលហេតុ​ដែល​នាំ​ឱ្យក្មេងប្រុស​ម្នាក់​លង់ទឹក​ស្លាប់ បណ្ដាលមកពី​ក្មេងរងគ្រោះ​ចុះ​ងូតទឹក​ទាំង​ខោ​ខូវ​ប៉ូ​យ ធ្វើឱ្យ​ក្មេង​ហែល​ទឹក​មិន​រួចហើយ​បាន​លិច​ចូលទៅក្នុង​ទឹក​បាត់​ប្រហែលជា ០១​ ​ម៉ោង ក៏​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ស្រុក ចុះ​រាវ​រកឃើញ យកមក​ជួយ​ធ្វើ​ចលនា តែ​អកុសល​ក្មេង​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

    លោក​អធិការ​ស្រុក​បាន​បន្តថា ក្មេងរងគ្រោះ​មានឈ្មោះ គង់ ភក្តី ហៅ​គល់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

មតិយោបល់