adverise with khmeread Red meat

អង្គការសុខភាពពិភពលោក: សាច់ក្រក សាច់ជ្រូកបីជាន់ និងសាច់ក្រហមអាចបង្កឲ្យកើតជំងឺមហារីក

មន្ត្រីកំពូលរបស់អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីខែតុលា ឆ្នាំ ២០១៥ថា សាច់ជ្រូកបីជាន់ បឺហ្គ័រ និងសាច់ក្រកគឺជាការគំរាមកំហែងបង្កឲ្យកើតជំងឺមហារីកដ៏ធំស្មើនឹងការជក់បារីដែរ។ របាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកសាច់កែច្នៃស្មើនឹងសារធាតុបង្កមហារីក Carcinogenic រួមជាមួយនឹងសារធាតុ Arsenic និង Asbestos។ 

ក្រុមមន្ត្រីទាំងនោះនិយាយថា សាច់កែច្នៃត្រឹមតែ ៥០ ក្រាមក្នុងមួយថ្ងៃ ក៏បង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនរហូតដល់ទៅជិត ១ ភាគ ៥ ផងដែរ។ របាយការណ៍នេះក៏បានចាត់ទុកសាច់ក្រហមជា "សារធាតុបង្កមហារីក" ផងដែរ ប៉ុន្តែបានលើកឡើងថា សាច់ក្រហមក៏មានអត្ថប្រយោជន៍អាហារូបត្ថម្ភមួយចំនួនរបស់វាដែរ។ 

ពួកអ្នកជំនាញរបស់អង្គការនេះបានជម្រុញឲ្យសាធារណៈជនចៀសវាងសាច់កែច្នៃតាមលទ្ធភាពដែលអាចធ្វើបាន និងប្តូរមកអាហារផ្សេង ដូចជា ញាំសណ្តែកជាដើម សម្រាប់អាហារថ្ងៃត្រង់ជំនួសឲ្យសាច់ទាំងនោះវិញ។ 

លោកវេជ្ជបណ្ឌិត ឃឺត ស្ត្រេហ្វ៍ (Kurt Straif) មកពីអង្គការ WHO បាននិយាយថា "សម្រាប់មនុស្សម្នាក់ៗ ហានិភ័យនៃការវិវត្តន៍ជំងឺមហារីកពោះវៀនដោយសារការទទួលទានសាច់កែច្នៃគឺមានទាបនៅឡើយទេ ប៉ុន្តែហានិភ័យនេះនឹងកើនឡើងនៅពេលទទួលទានវាកាន់តែច្រើន"។ 

មន្ត្រីជំនាញទទួលស្គាល់ថា សាច់ក្រហមពិតជាមានគុណតម្លៃអាហារូបត្ថម្ភរបស់វា និងជាប្រភពដ៏សំខាន់នៃជាតិប្រូតេអ៊ីន ដែក ស័ង្កសី និងវីតាមីន B12 ដែលជួយការពារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ 

ប៉ុន្តែសាស្ត្រាចារ្យ ធីម ឃី (Tim Key) អ្នកសិក្សារោគរាតត្បាតនៅសាកលវិទ្យាល័យអកស៍ហ្វឺដ (University of Oxford) នៃមជ្ឈមណ្ឌលស្រាវជ្រាវ Cancer Research UK បាននិយាយថា "យើងបានដឹងរួចហើយអំពីការផ្សារភ្ជាប់រវាងសាច់កែច្នៃនិងសាច់ក្រហម និងជំងឺមហារីកពោះវៀន ដោយផ្អែកលើភស្តុតាងគួរឲ្យទុកចិត្តជាច្រើន។ ការលើកឡើងពីផលប៉ះពាល់របស់សាច់កែច្នៃមិនមែនមានន័យថាអ្នកត្រូវតែឈប់ទទួលទានសាច់ក្រហមទាំងស្រុងនោះទេ។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំវាច្រើន អ្នកគួរតែពិចារណាកាត់បន្ថយវា"៕

adverise with khmeread

មតិយោបល់