ភ្នំពេញ ៖ មន្ត្រីប៉ូលិសចរាចរណ៍ខណ្ឌជ្រោយចង្វារដាក់ប៉ុស្តិ៍ត្រួតពិនិត្យចល័តនៅលើផ្លូវជាតិលេខ៦អា បានដកយកកាមេរ៉ាទូរស័ព្ទរបស់អ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា និងលុបចោលរូបថតមួយចំនួន ដែលជារូបភាពស្តីពីសកម្មភាពរបស់មន្ត្រីប៉ូលិសដែលកំពុងបំពេញភារកិច្ច ដោយចោទពីបទប្រើប្រាស់ទូរស័ព្ទក្នុងពេលកំពុងបើកបរ។
ហេតុការណ៍ខាងលើបានកើតមានឡើងនៅលើផ្លូវជាតិលេខ៦អា មុខវត្តខ្ទរ នៅម៉ោងប្រមាណជា៩ និង៣០នាទីព្រឹកថ្ងៃទ១៩ ខែតុលា ឆ្នាំ២០១៦ ក្នុងពេលអ្នកយកព័ត៌មានបានចុះទៅពិនិត្យ សកម្មភាពត្រួតពិនិត្យរបស់ប៉ូលិសចរាចរណ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មន្ត្រីប៉ូលិសក្រុមនេះ បានវាយទៅលើកញ្ចក់ទ្វាររថយន្តអ្នកដំណើរក្នុងពេលហៅត្រួតពិនិត្យ។
មន្ត្រីប៉ូលិសបានចោទអ្នកបើកបរថា បាននិយាយទូរស័ព្ទក្នុងពេលកំពុងបើកបរ តែអ្នកបើកបរអះអាងថា ទូរស័ព្ទរបស់គាត់បានដាក់លើភ្លៅ និងបើកស្ពីគ័រ (Speaker) រួចក៏លើកទូរស័ព្ទមកបិទបញ្ចប់ការសន្ទនានៅពេលបានមកដល់កន្លែងត្រួតពិនិត្យ។
ចំណែករឿងរ៉ាវរបស់អ្នកយកព័ត៌មានវិញ មិនបាននិយាយទូរស័ព្ទទេ គឺបានចុះមកថតរូបភាពស្តីពីសកម្មភាពរបស់ក្រុមត្រួតពិនិត្យ ដោយកាមេរ៉ាទូរស័ព្ទ ហើយត្រូវបានប៉ូលិសឯកសណ្ឋានចម្រុះ ឃាត់ឱ្យឈប់និងណែនាំឱ្យចុះពីលើរថយន្តទៅជួបមេ ដែលអង្គុយនៅកៅអីក្បែរតុក្រោមដើមត្របែកព្រៃ ដូចទម្លាប់ដែលគេបានធ្វើលើអ្នកបើកបរផ្សេងៗពីមុនៗមកអីចឹងដែរ។
អ្នកយកព័ត៌មានរស្មីកម្ពុជាលោក ប៉ែន ខុន មិនបានចុះពីលើរថយន្តភ្លាមៗទេ ហើយក៏បានសួរត្រឡប់ទៅប៉ូលិសចរាចរណ៍វ័យក្មេងសប្បុរសរដូចកូនកាត់ចិនម្នាក់ ដែលដូចជាប៉ូលិសទើបនឹងចូលថ្មីថា "ខ្ញុំខុសអីត្រូវទៅជួបមេ"។
ប៉ូលិសឯកសណ្ឋានមិនមែនចរាចរណ៍ពីរបីនាក់ទៀត ក៏មកដល់រួចបង្ខំឱ្យលោក ប៉ែន ខុន ចុះទៅជួបមេ ហើយថា "លោកបើកបរនិយាយទូរស័ព្ទ"។ លោក ប៉ែន ខុន បានប្រាប់ទៅវិញថា "មិនបាននិយាយទូរស័ព្ទទេ គឺខ្ញុំថតរូបពីសកម្មភាពរបស់លោកដោយកាមេរ៉ាទូស័ព្ទ"។
ភ្លាមនោះប៉ូលិសចរាចរណ៍ក្មេង ក៏បានទាញយកកាមេរ៉ាទូរស័ព្ទរបស់លោក ប៉ែន ខុន ទៅកន្លែងមេរបស់គេហើយ ក៏ចុចលប់រូបថតសំខាន់ៗរបស់គាត់ ដែលបានថតសកម្មភាពរបស់ប៉ូលិសអស់។
ពេលនោះការជជែកគ្នាក៏បានកើតមានឡើង និងមានប៉ូលិសចរាចរណ៍ម្នាក់រាងធាត់មិនសូវខ្ពស់សម្បុរខ្មៅ និងដុះក្បាលពោះបន្តិច បានទាញកាមេរ៉ាទូរស័ព្ទមកថតវីដេអូ ហើយនិយាយបែបបច្រងែងច្រងាងថា "ជិះឡានគ្មានឈៀក គ្មានបង់ព័ន្ធផ្លូវ និងធ្វើកាយវិការមិនសមជាអ្នកកាសែតដាក់ប៉ូលិសទៀត"។
ក្នុងពេលជជែកគ្នានេះ លោក ប៉ែន ខុន បានអញ្ជើញប៉ូលិសដែលថតវីដេអូឱ្យពិនិត្យថា ឡាននេះវាខុសអីខ្លះ តែគាត់បែរជាអត់ហ៊ានបែរកាមេរ៉ាមកថតទេ ព្រោះឡានមានឯកសារគ្រប់គ្រាន់។
ក្នុងពេលជជែកវែកញែកនេះប៉ូលិសចរាចរណ៍និយាយល្មមទេ តែប៉ូលិសពាក់ឯកសណ្ឋានរដ្ឋបាលសម្តីខ្លាំងជាង ដែលតាមច្បាប់ គឺគ្មានសិទ្ធិទាល់តែសោះក្នុងការបញ្ជាឱ្យយានយន្តឈប់នោះ។ លើកលែងតែករណីរថយន្តមានបទល្មើសព្រហ្មទណ្ឌ ទើបគេចេញអន្តរាគមន៍បាន។
មន្ត្រីប៉ូលិសរដ្ឋបាលដែលធ្វើការជាមួយក្រុមប៉ូលិសចរាចរណ៍ កន្លងមកមិនចំពោះក្រុមខាងលើនេះទេ គឺបានបង្កបញ្ហាច្រើនណាស់ ជាពិសេសគឺដេញចាប់ជម្រិតយកប្រាក់ពីក្មេងៗដែលជិះម៉ូតូមិនបានពាក់មួក ឬអត់ស្លាកលេខ។
មួយសន្ទុះក្រោយមកប៉ូលិសចរាចរណ៍អង្គុយក្រោមម្លប់ឈើ ដែលគេហៅថា "មេៗ " តែមិនមានពាក់ស្លាកឈ្មោះ និងអត្តលេខនៅលើអាវ កាន់ក្រដាសស្តីពីអនុក្រឹត្យដែលមានសភាពទួកៗ និង នៅលើបន្ទាត់ខ្លះមានហៃឡៃពណ៌លឿង ជាចំណុចសម្គាល់ទំនងកុំឱ្យភ្លេច បានចេញមកអន្តរាគមន៍ និងពន្យល់ថា កាន់ទូរស័ព្ទក្នុងពេលបើកបរ ទោះមិននិយាយក៏ចាត់ទុកថាប្រើប្រាស់ទូរស័ព្ទហើយ ត្រូវផាកពិន័យ តែអាចនិយាយគ្នាបាន បើជាអ្នកកាសែត និងនិយាយឱ្យស្រួល។
លោក ព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាអ្នកតាក់តែងច្បាប់ចរាចរណ៍ផ្លូវគោក និយាយឱ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា នៅក្នុងអនុក្រឹត្យស្តីពីការផាកពិន័យត្រង់មាត្រាទី៦ មិនបានចែងច្បាស់អំពីការប្រើប្រាស់កាមេរ៉ាទូរស័ព្ទ និងទូរស័ព្ទទេ គ្រាន់តែហាមប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ។
នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់ជំពូកបី មាត្រាទី៨ ចំណុច៦ បានចែងថា ហាមប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះ ដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
ឯនៅក្នុងអនុក្រឹត្យស្តីពីការផាកពិន័យត្រង់ចំណុចអក្សរ "ជ" បានសរសេរថា អ្នកបើកបរយានយន្តប្រើប្រាស់ទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនងនៅពេលកំពុងបើកបរ ត្រូវពិន័យជាប្រាក់ ២៥.០០០រៀល។ តែគ្មានចំណុចណាមួយដែលហាមមិនឱ្យប្រើប្រាស់កាមេរ៉ាទូរស័ព្ទនោះទេ។
ចំណែកលោកឧត្តមសេនីយឯក រុន រដ្ឋវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និយាយឱ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា ប្រើប្រាស់កាមេរ៉ាថតរូបក្នុងពេលកំពុងបើកបរ គឺមិនខុសច្បាប់ទេ ហើយថតប៉ូលិសធ្វើការនៅលើផ្លូវសាធារណៈនោះក៏មិនខុសដែរ។
លោកបន្តថា ប៉ូលិសចរាចរណ៍ធ្វើសកម្មភាពត្រួតពិនិត្យនៅលើផ្លូវសាធារណៈ គឺជាបុគ្គលសាធារណៈ ពលរដ្ឋណាក៏អាចថតសកម្មភាពគេបានដែរ។ ប៉ូលិសដែលរារាំងមិនឱ្យគេថតរូប គឺជាប៉ូលិសខិលខូចខ្លាចគេថតបានសកម្មភាពមិនល្អរបស់ខ្លួន និងរឹតតែខុសធ្ងន់ថែមទៀតនៅពេលដកកាមេរ៉ារបស់គេ និង លុបរូបរបស់គេចោលនោះ។
លោកបន្តថា ប៉ូលិសចរាចរណ៍ចុះធ្វើការតាមផ្លូវសព្វថ្ងៃនេះ ពិបាកក្នុងការគ្រប់គ្រងណាស់ ហេតុនេះហើយទើបបានជានាយកដ្ឋានប៉ូលិសចរាចរណ៍សណ្តាប់ធ្នាប់ បង្កើតហតឡាញ់ (Hot Line) ថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មានឱ្យបានទាន់ពេលពីមន្ត្រីប៉ូលិសណា នៅកន្លែងណា ដែលបានអនុវត្តខុសឆ្គង។
លោក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ និយាយឱ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា កម្លាំងត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍នៅលើផ្លូវជាតិលេខ៦អា ត្រង់ចំណុចវត្តខ្ទរ ជាកម្លាំងរបស់ខណ្ឌជ្រោយចង្វារ មិនមែនជាកម្លាំងរបស់ក្រុងទេ។ ក្រុមដែលបានចុះធ្វើការនៅលើផ្លូវនេះ ពិបាកក្នុងការគ្រប់គ្រងណាស់។
លោកឧត្តមសេនីយ៍ ហេង ចាន់ធារី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនចរាចរណ៍ បាននិយាយដោយទទួលស្គាល់នៅថ្ងី១៩ ខែតុលាថា កម្លាំងប៉ូលិសចុះធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅតាមដងផ្លូវសាធារណៈសព្វថ្ងៃនេះ មិនមែនតែនៅរាជធានីទេ ដែលបង្កឲ្យមានបាតុភាពដោយសារតែការធ្វើមិនបានត្រឹមត្រូវតាមច្បាប់។
ប្រជាពលរដ្ឋពិតជាមិនសប្បាយចិត្ត នឹងសកម្មភាពខុសច្បាប់របស់ប៉ូលិសមួយចំនួន នៅលើផ្លូវសាធារណៈ។ ការត្រួតពិនិត្យកន្លងទៅធ្វើឱ្យការគោរពច្បាប់បានល្អប្រសើរបន្តិច តែមានការថ្នាំងថ្នាក់ក៏ច្រើនដែរ ដោយសារតែគេធ្វើមិនបានត្រឹមត្រូវ។
ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ នៅតាមផ្លូវជាតិសព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថា ស្ទើរគ្រប់គោលដៅសុទ្ធតែបានយកលុយក្រោមតុពីរថយន្តតាក់ស៊ី រថយន្តដឹកទំនិញធុនតូចនិងមធ្យម។
គោលដៅត្រួតពិនិត្យបានក្លាយជាកុងត្រូលជជុះ ដោយកន្លែងខ្លះមានទាំងកងកម្លាំងប្រជាការពារ ប៉ូលិសប៉ុស្តិ៍ ដែលមិនមានសិទ្ធិក្នុងការហៅរថយន្ត ក៏បានចេញមកជួយឃាត់រថយន្ត ដើម្បីឱ្យចូលចាប់ដៃដែរ។ គោលដៅត្រួតពិនិត្យមួយបានក្លាយជាប៉ុស្តិ៍ខ្លាញ់ហើយនៅពេលនេះ។ មន្ត្រីប៉ូលិសខ្លះពេលឃាត់ម្តងៗហាឡើងទារលុយ៥ម៉ឺន ទៅ១០ម៉ឺនរៀលឆៅៗតែម្តង ដោយសម្អាងច្បាប់ចរាចរណ៍ថ្មីផាកលុយច្រើនៗ៕
