1

ប្អូនប្រុស​ពិធី​ការិនី​ទូរទស្សន៍ កញ្ញា​ជី​ជី បើករថយន្ត​ឆ្លង​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​មួយគ្រឿង បុក​ខ្ទេច​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្អូនប្រុស​ពិធីការនី​កញ្ញា​ជី​ជី បាន​បើករថយន្ត​បត់​ចូល​ផ្ទះ​នៅ​បុរី​ពិភពថ្មី ផ្សារ​ដី​ហុយ ត្រូវ​រថយន្ត​ប្រភេទ​កូរ៉េ​ដឹកទំនិញ បើក​លឿន​ដែរ ចាប់​ហ្វ្រាំង​អូស​ជាង​១០​ម៉ែត្រ​ទៅបុក​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ខូ​ត​ខាត​ខ្ទេច​ទៅមុខ​លែងរួច តែ​សំណាង​មិនមាន​មនុស្ស​រងរបួស​អ្វី​នោះទេ។​

    ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​នៅវេលា​ម៉ោង១​ និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី២១ តុលា​ ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ មុខ​ច្រកចូល​បុរី​ពិភពថ្មី​ផ្សារ​ដី​ហុយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    សាក្សី​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​របស់​ប្អូន​កញ្ញា​ជី​ជី ម៉ាក​កា​មរី​ហាយ​ប្រ៊ី​ត ពណ៌ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-3335 បើកបរ​តាម​បណ្តោយ​ផ្លូវ​ហា​ណូ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង យ៉ាង​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​មិនបាន​បង្អង់​ល្បឿន​ និង​អត់​ស៊ីញ៉ូ ឆ្លង​បត់​ចូល​ផ្ទះ​ក្នុង​បុរី​ពិភពថ្មី។ ​ស្របគ្នា​នោះ​ក៏មាន​រថយន្ត​កូរ៉េ​ដឹកទំនិញ​ពណ៌​មាន​ខៀវ ពាក់​ស្លាក​លេខ 1787 ភព​2 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​តាមផ្លូវ​ហាណូយ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ត្រូវ​ទិសដៅ​ចរាចរណ៍ តែ​ក្នុង​ល្បឿន​លឿន​ដូចគ្នា ចាប់​ហ្វ្រាំង​អូស​កង់​ជាង​១០​ម៉ែត្រ ទៅបុក​ផ្ទប់​រថយន្ត​ហាយ​ប្រ៊ី​ត​កំពិត​ទ្វារ​ និង​វៀច​ម៉ែត្រ​ចង្កូត​កង់​ផ្នែក​ខាងស្តាំ​ធ្ងន់ធ្ងរ​។ រី​រថយន្ត​កូរ៉េ​ផុង​កាង​ដែក​ខាងមុខ ចំណែកឯ​អ្នកបើក​បរទាំង​២ មិនមាន​នរណាម្នាក់រ​ងរ​បួស​នោះទេ។​

    ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​វត្តមាន​កញ្ញា​ជី​ជី បងស្រី​ និង​បងប្អូន​ចេញមុខ​មក​ដោះស្រាយ សុំឱ្យ​ខាង​រថយន្ត​កូរ៉េ​ចេញថ្លៃ​ជួសជុល​ទាំងស្រុង ពោលគឺ​យក​រថយន្ត​ទៅ​ជួសជុល​ឱ្យ​ដូចដើម តែ​ត្រូវ​ខាង​រថយន្ត​កូរ៉េ​បដិសេធ ព្រោះ​គាត់​ជា​អ្នកបើកបរ​ និង​ជា​កម្មករ​គេ​ដែរ​គាត់​មានលទ្ធភាព​ឯណា​សង ហើយ​គាត់​ក៏បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហើយ​ដែរ តែ​តំណាង​ក្រុមហ៊ុន​នៅ​ខេត្ត​ឆ្ងាយ​ពិបាក​ក្នុងការ​ធ្វើដំណើរ​មក​ទាំ​ង​យប់។​

    តែ​ខាង​ភាគី​កញ្ញា​ជី​ជី​មិន​ព្រម​ដោយ​ឱ្យ​ចេញមក​ដោះស្រាយ​សង​ទាំងយប់​​ទើប​ជជែក​វែក​ញ៉ែ​ក​គ្នា បែកផ្សែង។​

    ចុងក្រោយ​ទើបបាន​ឱ្យ​សមត្ថកិច្ច​ជំនាញ​វាស់វែង​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ព្រឹក​បន្តទៀត​៕​

 

មតិយោបល់