adverise with khmeread 2

អាវុធហត្ថ​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​បុរស​ម្នា​ក់នៅ​ចោមចៅ​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បំបែកសំណុំរឿង​ដោយបាន​ស្រាវជ្រាវ​រកឃើញ​ឃាតករ​កាលពី​ថ្ងៃទី​២០ ​តុលា ​ឆ្នាំ២០១៦ ​ម្សិលមិញ ដែល​ពាក់ព័ន្ធ​ករណី​សម្លាប់​បុរស​ម្នាក់​ហើយ​យកទៅ​ទម្លាក់ចោល​នៅក្នុង​ទឹក​ប្រឡាយ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន ជ័យ​កាលពី​វេលា ម៉ោង​១០​ និង៣៥នាទី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅ។​

    មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់ថា សំណុំរឿង ឃាតកម្ម​ខាងលើនេះ សម្លាប់​អ្នកបើក​ឡាន​ឈ្នួល​នេះ​ជា​ផែនការ របស់​ប្រពន្ធដើម​នៃ​សព​ក្លាយជា​ឃាតករ​សម្លាប់​ប្តី ព្រោះតែ​ "គំនុំ​ស្នេហ៍" ​ប្តី​មាន​ប្រពន្ធចុង​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា សាកសព​ឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ឈ្មួ​ល ស្វាយរៀង​-​កំពង់ចាម​-​ភ្នំពេញ រស់នៅ​ភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង។​

    បុរស កៅ ផា  មាន ប្រពន្ធ​ចំនួន​២​នាក់ ទី​១- ជា​ប្រពន្ធដើម​ឈ្មោះ សៅ សំអឿន អាយុ​៤៦​ឆ្នាំ មុខរបរ​នៅផ្ទះ មានកូន ចំនួន​៤​នាក់ ប្រុស​៣​នាក់ ស្រី​១​នាក់ រស់នៅក្នុង​បន្ទុកគ្រួសា​រ និង​ទី​២ ជា​ប្រពន្ធចុង ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ចុង​ព្រែក ឃុំ​កំពង់​ព្រែក ស្រុក​រមាសហែក មាន​ស្រុកកំណើត ភូមិ​តា​ហង់ ឃុំ​អណ្តូង​ពោធិ៍​ស្រុក​រមាសហែក ខេត្តស្វាយរៀង។ ចំណែក​សម្ភារៈ​ពាក់ព័ន្ធ រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4728 និង ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៥​ជី។​

    បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ កោសល្យវិច្ឆ័យ ស្រាវជ្រាវ រយៈពេល​១​ថ្ងៃ​ទើប​រកឃើញ​អត្តសញ្ញាណ សាច់ញាតិ និង​បន្ត​ស្រាវជ្រាវ​ទីបំផុត ការស្លាប់​របស់​បុរស​ខាងលើ​ជា​ផែនការ​រៀបចំ គ្រោងទុកជាមុន​របស់ ស្ត្រី​ជា​ប្រពន្ធដើម​ទាំងអស់ ជួល​ឃាតករ​សម្លាប់ ប្តី​របស់ខ្លួន​ចោល។​

    ករណីនេះ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ វែកមុខ​រកឃើញ ឃាត់ខ្លួន​បាន​មនុស្ស​៣​នាក់ ស្រី​២​នាក់ ប្រុស​ម្នាក់ កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ថ្ងៃទី២០​​ តុលា​ ឆ្នាំ២០១៦ ស្ថិតនៅ​ដី​វាល​ខាងក្រោយ​សួន​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    មន្ត្រី​អាវុធហត្ថ​បាន​បន្តថា មនុស្ស​៣​នាក់ ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​ខាងលើ ហើយ​ឃាត់ខ្លួន​បាន ទី​១ ស្ត្រី​ជា​ប្រពន្ធដើម ឈ្មោះ សៅ សំអឿន អាយុ​៤៦​ឆ្នាំ , ទី​២ ឈ្មោះ សូរ ផា ហៅ​អ៊ួ​ក អាយុ​៣០​ឆ្នាំ មុខរបរ បើកបរ​រថយន្តឈ្នួល មាន​ទីលំនៅ​ក្បែរ​ខាង​គ្នា ជា​អ្នក​ប្រើល្បិច ជួល​រថយន្ត​ជិះ​ទៅខាង​ខេត្តសៀមរាប ហើយ​ជា​អ្នក​វាយ​សម្លាប់​ផ្ទាល់ដៃ និង ទី​៣ស្ត្រី​ម្នាក់ មិនទាន់ ស្គាល់ ឈ្មោះ គ្រាន់តែ​ដឹងថា ជា​សង្សារ របស់​ឈ្មោះ សូរ ផា ហៅ​អ៊ួក។​

    ប្រភព​បន្តទៀតថា ជនរងគ្រោះ​ក្រោយពី ជនដៃដល់ ឈ្មោះ​សូរ ផា ជួល​រថយន្ត ជិះ​ទៅខាង ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា។ ​លុះ​ពេល​វិលត្រឡប់​មកវិញ ក្នុង​ថ្ងៃទី​១៣ ខែតុលា មកដល់ ក្នុង​ទឹកដី​ខេត្តកំពង់ធំ ឃាតករ ឈ្មោះ សូរ ផា ដែល​ត្រូវបាន ស្ត្រី​ជា​ប្រពន្ធដើម ឈ្មោះ សៅ សំអឿន ជួល​សម្លាប់​ប្តី​ក្នុងតម្លៃ​ ១.០០០ ​ដុល្លារ​។​

    បន្ទាប់មក​បានធ្វើ​សកម្មភាព​វាយ ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់រួចហើយ ដឹក​សាកសព​តាម​រថយន្ត​ផ្សេង​មួយគ្រឿង​ទៀត ចូលមក​ទីក្រុង​ភ្នំពេញ ដើម្បី​យក​សព ទៅ​ទម្លាក់ចោល​ក្នុង​ទឹក​ប្រឡាយ ត្រង់ចំណុច​ខាងលើ ហើយ​គេចខ្លួនបាត់។​

    លុះ​រហូតដល់ ព្រឹក​ថ្ងៃទី​១៤ ខែតុលា សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ហើប អណ្តែត​ផុតពី​ទឹក សមត្ថកិច្ច​ពិនិត្យ​និង​កោសល្យវិច្ឆ័យ ហើយ​ធ្វើការ​ស្រាវជ្រាវ រហូតដល់ ព្រលប់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦​ត្រូវបាន លេចមុខ ប្រពន្ធដើម ប្រពន្ធចុង របស់​ជនរងគ្រោះ មកដល់​ប៉ុស្តិ៍​ចោមចៅ​សាកសួរ ដំណើររឿង​អង្គហេតុ​កម្លាំង​ជំនាញ ទាំង​ប៉ូលិស ទាំង​កម្លាំង អាវុធហត្ថ​ក្រុងភ្នំពេញ​។​

    មកដល់ ថ្ងៃទី​១៨ ខែតុលា រថយន្ត​សាំ​យ៉ុង របស់​ជនរងគ្រោះ បើកបរ នោះ​ត្រូវបាន ជនមិន​ស្គាល់មុខ​យកទៅ​ផ្លុ​ង​ចោល​នៅឯ​ស្រុក​រមាសហែក​ក្បែរ​ផ្ទះ ជនរងគ្រោះ​វិញ។​

    បច្ចុប្បន្ន ឃាតករ និង​ជន​ពាក់ព័ន្ធ សរុបមានគ្នា​៣​នាក់ ត្រូវបាន​នាំខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ អាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​សាកសួរ និង​ចាត់ការ​ទៅតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់