adverise with khmeread Unnamed %281%29

រកឃើញ​សត្វ​អណ្តើក​ចំនួន ៩៣ ក្បាល​យកទៅ​លែង​នៅ​ទឹកស្រះ​ធម្មជាតិ​មុខ​ប្រាសាទ​បាណន់

    បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង បាន​រកឃើញ​សត្វ​អណ្តើក​រស់​ចំនួន ៩៣ ក្បាល ដែល​ជនល្មើស​ដាក់ បង្កប់​ក្នុង​កេស​ក្រដាស​ចំនួន ​០៣ ផ្សេងគ្នា​ក្បែរផ្លូវ ក្នុង​បំណង​ជួញដូរ​ដោយ​ខុសច្បាប់ ក្នុងខណៈដែល​កម្លាំង​ល្បាត​របស់​ស្នងការដ្ឋាន​ធ្វើ​សកម្ម ភាព​ល្បាត​តាម​ដងផ្លូវ​ស្ថិតនៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង។​

    ផ្តើមចេញពី​ការ សង្ស័យ​ចំពោះ​កេស​ទាំងបី​នោះ​ទើប​ឈានដល់​ការត្រួត​ពិនិត្យមើល​ហើយ​ឃើញ​សត្វ​អណ្តើក​ទាំងនេះ។ ក្រោយ​ការរកឃើញ និង​ដកហូត​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​រាយការណ៍​ជូន​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ឯកភាព​នាំយកទៅ​ប្រលែង​នៅ​ព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នេះ​នៅ​ចំណុច​ទឹកស្រះ​ធម្មជាតិ​ (មុខ​ប្រាសាទ​បាណន់) ក្នុងស្រុក​បាណន់។​

    មាន​វត្តមាន​នាឱកាស​នោះ​មាន​លោក​ព្រះរាជអាជ្ញា នួន សាន លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ឈឹម វ​ជ្ជ​រ៉ា លោក​វរ​ស​នី​យ៍​ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស លោក​វរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យ​នគរ បាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន ព្រមទាំង​អស់លោក ជា​កងកម្លាំង​នគរបាល​ជាច្រើនរូប​ទៀត។​

    លោក​វរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានបញ្ជាក់​ថា ថ្វីបើ​ជនសង្ស័យ​ដែល​នាំយក​សត្វ​អណ្តើក​ទាំងនេះ​មិនទាន់​ត្រូវបាន ចាប់ខ្លួន​ប៉ុន្តែ​ឆ្លង​តាមរយៈ​វិធានការ​ជំនាញ លោក​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​ហើយ​ដើម្បី​វែកមុខ​អ្នកប្រព្រឹត្តិ។​

    លោក ព្រះរាជអាជ្ញា នួន សាន បានស្នើឱ្យ​មន្ត្រីប៉ូលិស​ជំនាញ​ខិតខំ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកជួញដូរ​សត្វ​អណ្តើក ដែល​មកដល់ ពេលនេះ​ប៉ូលិស​ខេត្តបាត់ដំបង​រកឃើញ​ចំនួន ០២ ករណី​ហើយ ដើម្បី​ឱ្យ​អ្នកប្រព្រឹត្តិមក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។​

    លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ប្តេជ្ញា​ខិតខំ​ស្រាវជ្រាវ​រក​ឱ្យឃើញ​នូវ​អត្តសញ្ញាណ​អ្នកជួញដូរ​សត្វ​ទាំងនេះ លោក​បន្តថា តាម​ទិដ្ឋភាព​ដែល​នគរបាល​រកឃើញ​លើក​នេះ​ក៏​ដូច​លើក​មុន​ដែរ ជនល្មើស​មាន​គោលដៅ​ដឹកនាំ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តបាត់ដំបង យកទៅ​ខេត្ត​ផ្សេង ហើយ​ករណីនេះ គឺ​ផ្តើមចេញពី​ការ​ល្បាត​តាម​ដងផ្លូវ​របស់​សម​ត្ថ​កិច្ច​យើង​ និង​ពិនិត្យឃើញ​វត្ថុ​គួរ​សង្ស័យ​ប៉ូលិស​ធ្វើការ​ពិនិត្យ​ក៏​ប្រទះឃើញ​សត្វ​អណ្តើក​ទាំងនេះ៕

adverise with khmeread

មតិយោបល់