adverise with khmeread Unnamed %281%29

ពលរដ្ឋ​ភ្នំពេញ​កាន់​បណ្ណ​បើកបរ​ផុតកំណត់​ សូមអញ្ចើញទៅផ្សារ​ទំនើប AEON MALL ដើម្បីប្តូរ និង​ពន្យារ​បណ្ណ​បើកបរ

    ភ្នំពេញ ​៖ លោក មាស ចន្ថា ប្រធាន​អង្គភាព​ផ្តល់​បណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹងថា គិតពី​ឆ្នាំ​២០០៨ ដល់​ថ្ងៃទី​១៨ តុលា ២០១៦​នេះ អង្គភាព​បានផ្តល់​បណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍​ជូន​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​ចំនួន ​១៥៨.៤៤៩ ​បណ្ណ ក្នុងនោះ​ផុត​សុពលភាព​ចំនួន ​២៥.២០៧ ​បណ្ណ បាន​ប្តូរ​រួច​ចំនួន ​៣១.៧២១ ​បណ្ណ និង​មិនទាន់ បាន​ពន្យារ​មាន​ចំនួន ៣៨,៩៧៩​បណ្ណ។​

    លោក​បន្តថា ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​មាន​ជិត​៩​សែន​នាក់ ប៉ុន្តែ​អ្នកមាន​បណ្ណ​បើកបរ​រថយន្ត​ប្រើប្រាស់ មានតែ​ជាង​១​សែន​នាក់ ក្នុងនោះ ផុត​សុពលភាព​ជាង​៦​ម៉ឺន​នាក់។​

    ទាក់ទិន​ទៅនឹង​ការទទួលប្តូរ និង​ពន្យារ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប AEON MALL ​រាជធានី​ភ្នំពេញ ដែល​បាន​ដំណើរការ កាលពី​ថ្ងៃទី​១៥ មិថុនា ​២០១៦​កន្លងមកនេះ លោក មាស ចន្ថា បានឱ្យដឹង​ទៀតថា ជា​លទ្ធផល​ក្នុង​រយៈពេល​បួន​ខែ គិត​ចាប់ពី​ថ្ងៃទី​១៥ មិថុនា ដល់​១៤​តុលា​នេះ ក្រុមការងារ​ទទួល​ធ្វើបាន​ចំនួន​ ១៦.០៩០ ​បណ្ណ ក្នុងនោះ ប្តូរ​ចំនួន​ ១៥.០៧៧ ​បណ្ណ និង​ទុតិយតា បាន​ចំនួន ​១.០១៣ ​បណ្ណ​ផងដែរ គឺ​ក្នុង​មួយថ្ងៃៗ​មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់។​

    លោក​បាន​បញ្ជាក់ថា បើតាម​លទ្ធភាព​ក្រុមការងារ​ធ្វើបាន​រាប់រយ​ក្នុង​មួយថ្ងៃ​ដោយហេតុថា ការធ្វើ​បណ្ណ​បើកបរ​ដែល​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ​នេះ មាន​លក្ខណៈ​ទំនើប គឺ​បម្រើសេវា រហ័ស​ទាន់​ចិត្ត ប្រើ​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ម្នាក់។​

    នេះ​ប្រសិនបើ​មាន​ឯកសារ​គ្រប់គ្រាន់ តែ​ពេលនេះ​ប្រជាពលរដ្ឋ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន ដែល​ធ្វើ​នៅ​ផ្សារ​ទំនើប AEON MALL ​នេះ​ឱ្យ​បាន​ស៊ី​ជុំរៅ​នោះទេ។ ​ចំពោះ​ការផ្តល់សេវា ធ្វើជា​រៀងរាល់ថ្ងៃ ចាប់ពី​ផ្សា​របើក និង​បិទ​ទៅវិញ និង​ទទួល​សម្រាប់​ ២៥ ​រាជធានី ខេត្ត ឬ​ទូទាំងប្រទេស​តែម្តង។​

    សូមបញ្ជាក់ថា ការរៀបចំ​ឱ្យ​មាន មណ្ឌល​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប AEON MAll នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្ខិត​សេវាឱ្យ​ទៅជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល ចំណេញ​ពេលវេលា កាត់បន្ថយ​ការចំណាយ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​ខ្មែរ​ទូទាំង​២៥​រាជធានី​-​ខេត្ត អាច​ទៅ​ទទួល​សេវា​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ​យានយន្ត រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​០៩​ព្រឹក រហូតដល់​ម៉ោង ១០ ​យប់​ផងដែរ៕ (​ច​ន ណា​រិ​ទ្ធ​)​

adverise with khmeread

មតិយោបល់