adverise with khmeread Image

កូនប្រុស​លោកផ្កាយ៤ម្នាក់​ជាប់ចោទប៉ុនប៉ង​មនុស្សឃាត​ដោយចេតនា

    ភ្នំពេញ ៖ កូនប្រុស​នាយ​ឧត្តមសេនីយ៍​ផ្កាយមាស៤​ លោកចៅ​ ភិរុណ​ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ចូនមក​អយ្យការ​អមសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី​១២​ ខែ​មករា​ ឆ្នាំ​២០១៦​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ដោយ​ភ្ជាប់​សេចក្ដី​សន្និដ្ឋាន​ចោទ​ប្រកាន់​ពីបទ​ "​ ប៉ុនប៉ង​ឃាតកម្ម​​ "​ ពាក់​ព័ន្ធ​ការបាញ់​ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិបណ្តាលឲ្យសន្តិសុខ​ពីរនាក់នៅមុខ​ក្លឹប​កម្សាន្តមេនហាត​ធេ​ន​ហូលីដេ​ បណ្តាល​ឲ្យ​រងរបួស​ ។
     រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មករា​​ លោក​ព្រះរាជ​អាជ្ញា​រង​ ស៊ិន​ វីរៈ​ បានចោទប្រកាន់រួចហើយ នៅឡើយតែលោកចៅក្រមនៅពុំទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។
    គួររំលឹកថា មានអំពើបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិលើហ្វូងមនុស្សក្នុងក្លឹបកម្សាន្តមេនហាតធេនហូលីដេ(HOLIDAY)បណ្តាលឲ្យសន្តិសុខ២នាក់រងរបួស ហើយជនដៃដល់ត្រូវបានអាវុធហត្ថចាប់ខ្លួន ។
    ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១១មករាឆ្នាំ២០១៦កន្លងទៅនេះ នៅចំណុចក្លោងទ្វារចូលក្លឹបកំសាន្ត មេនហាតធេនហូលីដេ ផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីបុរសម្នាក់នេះ បានបាញ់ជា ច្រើនគ្រាប់ចូលក្នុងក្លឹបបណ្តាលឱ្យរបួសសន្តិសុខយាមកាម២នាក់ ។
    មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញអន្តរាគមន៍ ចាប់ខ្លួនបុរសម្នាក់ ឈ្មោះ ចៅ រង្សី អាយុ៣០ឆ្នាំ មុខរបរយោធាអគ្គសេនាធិការ ស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ជាកូនប្រុសបង្កើតលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ចៅ ភិរុណ។
     បន្ទាប់មកកម្លាំងអាវុធហត្ថបានចុះពិនិត្យនៅកន្លែងកើតហេតុនិងសាកសួរទៅលើសាក្សីថា ដំបូងឡើយ ជនសង្ស័យបានដឹកប្រពន្ធទៅរាំលេងនៅក្លឹបហូលីដេ ដោយមានគ្នា៧នាក់ ក្នុងនោះមានបងថ្លៃនិងមិត្តភ័ក្ត្រផងដែរ។
    ពេលកំពុងរាំលេង ក៏មានក្រុមផ្សេងមកប៉ះចង្កេះប្រពន្ធ ហើយជនសង្ស័យជាប្តីបានខឹងបានឈ្លោះគ្នាក្នុងក្លឹបហើយសន្តិសុខក៏បានដេញចេញមកក្រៅ ។ រំពេចនោះប្រពន្ធក៏បានទៅជាមួយបងថ្លៃបាត់ហើយសង្ស័យក៏បានជិះម៉ូតូ ទៅយកកាំភ្លើងនៅផ្ទះ ។
    ក្រោយមកក៏ជិះត្រឡប់មកវិញឈប់នៅមុខក្លឹប ហើយបានទាញកាំភ្លើងចេញពីកែបម៉ូតូ រួចស្រែករកឈ្មោះ"៧៩ជាប្រធានសន្តិសុខ" ឲ្យហៅក្រុមដែលប៉ះចង្កេះប្រពន្ធរបស់គាត់នោះ ចេញមកក្រៅដើម្បីដោះស្រាយគ្នា។ ប៉ុន្តែសន្តិសុខបាននិយាយសម្រួលចរចា មិនឲ្យចូលក្នុងក្លឹបខ្លាចមានរឿងធំ ព្រោះជនសង្ស័យមានកាន់កាំភ្លើងហើយស្ថិតក្នុងស្ថានភាពស្រវឹងទៀតផង។
    ពេលនោះឈ្មោះ ដុំ ធី ហៅ២៩ បានព្យាយាមសម្រួលឲ្យជនសង្ស័យត្រឡប់ទៅវិញ ប៉ុន្តែជនសង្ស័យមិនព្រមក៏បានដកកាំភ្លើងបាញ់រះមកលើក្រុមសន្តិសុខហូលីដេតែម្តងបណ្តាលឲ្យរបួស២នាក់បញ្ជូនទៅពេទ្យកាល់ម៉ែត។
    ក្រៅពីនោះសមត្ថកិច្ចបានដកហូតអាវុធវែង១ដើមម៉ាក AR15 លេខ5677 គ្រាប់ក្នុងបង់៦គ្រាប់ និងសំបកគ្រាប់បាញ់ហើយចំនួន៦គ្រាប់និងម៉ូតូ០១គ្រឿងម៉ាកPCXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-9233 ។
    ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាកាំភ្លើងនោះរូបគាត់បានទិញពីទាហានម្នាក់នៅខេត្តប៉ៃលិន។
    មន្ត្រីងាវុធហត្ថបន្តថា ជនរងគ្រោះទី១-ឈ្មោះ កង ចិត្រា អាយុ៤៦ឆ្នាំ ជាប្រធានសន្តិសុខ និង ទី២ -ឈ្មោះ ដុំ ធី អាយុ៤២ឆ្នាំ ជាសន្តិសុខ ហើយពេលនេះជនរងគ្រោះកំពុងត្រូវសង្រ្គោះ បន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីម្នាក់ត្រូវចំ ពោះនិងម្នាក់ទៀតត្រូវចំដៃខាងស្តាំ ៕

adverise with khmeread

មតិយោបល់