adverise with khmeread 1

​កប៉ាល់​ខ្មោច​នេះ​បើក​លើ​សមុទ្រ ៣៨ ឆ្នាំ​ដោយ​គ្មាន​មនុស្ស​បញ្ជា​

​    ​កប៉ាល់​ដឹកទំនិញ​ធ្វើ​ពី​ដែកថែប​មួយគ្រឿង​ពី​ប្រទេស​ស៊ុយអែត​នេះ បានធ្វើ​ដំណើរ​នៅ​សមុទ្រ​អា​ឡា​ស្កា​អស់​រយៈពេល ៣៨ ឆ្នាំ​ដោយ​គ្មាន​នាវិក​សូម្បីតែ​ម្នាក់​។​

​    ​កប៉ាល់ SS Baychimo ទម្ងន់ ១.៣២២ តោន ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ក្នុង​ឆ្នាំ ១៩១៤ មានឈ្មោះ​ពិត​គឺ Ångermanelfven ហើយ​វា​ត្រូវបាន​ផលិត​នៅ​ទីតាំង​ផលិត​កប៉ាល់ Lindholmens ក្នុង​ទីក្រុង Gothenburg ប្រទេស​ស៊ុយអែត​។​

​    ​កប៉ាល់​នេះ​ត្រូវបាន​ផលិតឡើង​គឺ​ដើម្បី​ប្រើ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​រវាង​ទីក្រុង Hamburg របស់​អាល្លឺម៉ង់​និង​ប្រទេស​ស៊ុយអែត​។ កប៉ាល់​ប្រវែង ៧០ ម៉ែត្រ​នេះ​ប្រើប្រាស់​ម៉ាស៊ីន​ដុត​ធ្យូងថ្ម អាចធ្វើ​ដំណើរ​បាន ១៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​ក្រោយ​សង្គ្រាមលោក​ទីមួយ​បានបញ្ចប់ អាល្លឺម៉ង់​បាន​សង​រាល់​កប៉ាល់​ដែល​បាន​បាត់បង់ រួមទាំង​ការបញ្ជូន​កប៉ាល់​ខាងលើ​ទៅឱ្យ​ក្រុមហ៊ុន Hudson Bay Company របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ ១៩២១​។ កប៉ាល់​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា Baychimo ហើយ​មាន​ទីតាំង​ថ្មី​នៅ​ទីក្រុង Ardrossan ប្រទេស​ស្កុ​តឡែ​ន​។ កប៉ាល់​នេះ​ប្រើ​សម្រាប់​ប្រមូល​រោមសត្វ​ងាប់ ហើយ​រាល់​រដូវក្តៅ​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ដឹក​ថ្នាំជក់ ស្ករស តែ និង​អាវុធ​តាម​ឆ្នេរ​ប្រទេស​កាណាដា​។​

​    ​ក្នុង​ឆ្នាំ ១៩២៤ កប៉ាល់​នេះ​បានធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ហើយ​បាន​បន្ត​ដឹក​រោមសត្វ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេងទៀត​រហូតដល់​ឆ្នាំ ១៩៣១ គឺ​នៅពេល​ក្រុម​នាវិក​បាន​ជាប់​ក្នុង​ផ្ទាំង​ទឹកកក​នៅ​ដើមរដូវ​រងា​។ ក្រុម​នាវិក​បាន​ដើរកាត់​ទឹកកក​រាប់គីឡូម៉ែត្រ​ទៅកាន់​ទីក្រុង Barrow រដ្ឋ​អា​ឡា​ស្កា ដើម្បី​រង់ចាំ​ដល់​ទឹកកក​រលាយ ដូច្នេះ​ពួកគេ​អាចធ្វើ​ដំណើរ​ទៅ​ទីតាំង​បន្ទាប់​។​

​    ​មួយ​សប្តាហ៍​បន្ទាប់ ទឹកកក​បាន​ហ៊ុំព័ទ្ធ​កប៉ាល់​ជុំជិត​។ ក្រុម​នាវិក​ភាគច្រើន​ត្រូវបាន​បញ្ជូនទៅ​កាន់​ទី​សុវត្ថិភាព ប៉ុន្តែ​នៅសល់​មួយចំនួន​នៅចាំ​មើល​កប៉ាល់​នេះ​។ កប៉ាល់​នេះ​ជាប់គាំង​លើ​ផ្ទៃសមុទ្រ​ទឹកកក​ពេញ​មួយ​រដូវរងា​។ ក្រុម​នាវិក​ដែល​នៅសល់​បាន​សាងសង​ជម្រក​តូចៗ​។ គម្រោង​ពួកគេ​គឺ​នៅក្បែរ​កប៉ាល់​រហូតដល់​រដូវក្តៅ​។ នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា សីតុណ្ហភាព​បាន​ធ្លាក់​ក្រោម ០ អង្សា ប៉ុន្តែ​ចំពេល​នោះ​ស្រាប់​តែមាន​ព្យុះ​ព្រិល ដែល​ធ្វើឱ្យ​ក្រុម​នាវិក​មិន​ហ៊ាន​ចេញពី​ជម្រក​។ លុះដល់​ព្យុះ​ស្ងប់ ក្រុម​នាវិក​មិន​បានឃើញ​កប៉ាល់​ទៀត​ទេ ដែល​ធ្វើឱ្យ​ពួកគេ​សន្និដ្ឋានថា វា​បាន​លិច​។​

​    ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ជនជាតិភាគតិច​អាមេរិក​ម្នាក់​បាន​រាយការណ៍​ថា កប៉ាល់​នេះ​បាន​អណ្តែត​ចេញពី​ផ្ទាំង​ទឹកកក​អំឡុង​ព្យុះ​ព្រិល ហើយ​បាន​អណ្តែត​ចេញពី​ទីក្រុង Barrow ៧២ គីឡូម៉ែត្រ​។ នៅពេល​កា​ពី​តែ​នក​ប៉ាល់​គឺ​លោក Sydney Cornwell បានសម្រេច​ចិត្ត​ប្រមូល​របស់របរ​ពី​កប៉ាល់ Baychimo ហើយ​ចាកចេញ ព្រោះ​វា​មិនមាន​សុវត្ថិភាព​បើកបរ​ទៀត​ទេ បើទោះបីជា​មិនមាន​ការខូចខាត​ទ្រង់ទ្រាយ​ខាងក្រៅ​ក៏ដោយ​។​

​    ​ទោះយ៉ាងណា Baychimo នៅតែ​អាចធ្វើ​ដំណើរ​បាន​យ៉ាង​សុវត្ថិភាព​។ ប៉ុន្មាន​ខែក្រោយ​មក កប៉ាល់​នេះ​បាន​អណ្តែត​ទៅ​ភាគ​ខាងកើត​ដល់​ទៅ ៤០២ គីឡូម៉ែត្រ​។ មួយឆ្នាំ​ក្រោយមក បុរស​ម្នាក់​ឈ្មោះ Leslie Melvin ដែលជា​អ្នកធ្វើដំណើរ​តាម​ទឹកកក​ដោយ​ប្រើ​ហ្វូង​ឆ្កែ​បាន​រាយការណ៍​ថា ឃើញ​កប៉ាល់​នេះ​នៅក្បែរ​ទីក្រុង Nome ហើយ​ប្រាប់​ក្រុម​នាវិក​ឱ្យមក​យក​កប៉ាល់​នេះ​មកវិញ ប៉ុន្តែ​ប៉ុន្មាន​ខែក្រោយ​មក ក្រុម​អ្នក​ផ្សងព្រេង​បាន​រាយការណ៍​ថា គ្មាន​នា​រិ​កណា​ម្នាក់​ទៅយក​ឡើយ​។​

​    ​ក្នុង​ឆ្នាំ ១៩៣២ ក្រុម​ជំនួញ​មួយ​បាន​ព្យាយាម​យក​កប៉ាល់​នេះ​នៅក្បែរ​ទីក្រុង Wainwright រដ្ឋ​អា​ឡា​ស្កា​។ មួយឆ្នាំ​ក្រោយមកទៀត ក្រុម​ជនជាតិភាគតិច Eskimos បាន​ចូល​កប៉ាល់​នេះហើយ​ក៏បាន​ជាប់​ក្នុងនោះ​អស់​រយៈពេល ១០ ថ្ងៃ​ដោយសារ​ព្យុះ​។ ប៉ុន្មាន​ខែក្រោយ​មក ក្រុមហ៊ុន Hudson Bay Company បានទទួល​ដំណឹង​ថា កប៉ាល់​នេះ​នៅតែ​អណ្តែត ប៉ុន្តែ​បាន​បោះបង់ចោល​ដោយសារ​វា​នៅ​ឆ្ងាយ​ពេក​។​

​    ​មួយឆ្នាំ​ក្រោយមកទៀត ក្រុម​អ្នក​ផ្សងព្រេង​បាន​ព្យាយាម​ចូល​កប៉ាល់​នេះ​ប៉ុន្តែ​ក៏បាន​ត្រឡប់​ទៅ​កប៉ាល់​របស់​ពួកគេ​វិញ​។ កប៉ាល់​នេះ​ត្រូវបាន​គេ​រាយការណ៍​ម្តងថា ឃើញ​វា​នៅ​ឆ្នេរ​ភាគ​ពាយ័ព្យ​រដ្ឋ​អា​ឡា​ស្កា​នៅ​មួយឆ្នាំ​បន្ទាប់​ទៀត​។​

​    ​ក្នុង​ឆ្នាំ ១៩៣៥ កា​ពី​ទែន​ឈ្មោះ Hugh Polson បាន​ព្យាយាម​ជួយសង្គ្រោះ​កប៉ាល់​នេះ ប៉ុន្តែ​មិនអាច​ធ្វើបាន​ដោយសារ​ជាប់​ក្នុង​ទឹកកក​។ មានការ​រាយការណ៍​ជាច្រើន​ថា​បានឃើញ​កប៉ាល់​នេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ដោយ​រាប់ទាំង​ឆ្នាំ ១៩៦២​។​

​    ​ក្នុង​ឆ្នាំ ១៩៦៩ កប៉ាល់​នេះ​ត្រូវ​បានឃើញ​ជាប់​ក្នុង​ផ្ទាំង​ទឹកកក​ជា​លើកចុងក្រោយ​នៅ​សមុទ្រ Chukchi Sea​។ ១០ ឆ្នាំក្រោយ រដ្ឋាភិបាល​សហព័ន្ធ​អា​ឡា​ស្កា​បាន​បញ្ចេញ​គម្រោង​មួយ​ដើម្បី​ស្វែងរក Baychimo ដោយ​រុករក​ទាំង​លើ​សមុទ្រ និង​ក្រោយ​ទឹក ប៉ុន្តែ​ខណៈ​លោកអ្នក​កំពុង​អាន​អត្ថបទ​នេះ ខ្មោច​កប៉ាល់​នៅ​សមុទ្រ​អាក់​ទិ​កមួយ​នេះ​នៅតែ​មិនទាន់​រកឃើញ​វិញ​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់