តាកែវ ៖ ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតដោយលោតពីលើដងទង់ដែលមានកម្ពស់ប្រហែល៥០ម៉ែត្រ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងវត្តសម្ដេចពាន់ ស្ថិតក្នុងឃុំក្ដាញ់ ស្រុកព្រៃកប្បាស កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។
លោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាសបានឱ្យដឹងថា ភិក្ខុដែលធ្វើអត្តឃាតមានព្រះនាម ម៉េង សាម៉ីឌី មានព្រះជម្មាយុ២៤ព្រះវស្សា ដែលគង់ចាំព្រះវស្សាក្នុងវត្ត ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ បានឡើងទៅលើដងទង់នៅក្នុងវត្តដែលមានកម្ពស់ប្រហែល៥០ម៉ែត្រ រួចលោតចុះមកក្រោមបណ្ដាលឱ្យសុគត។
ក្នុងហេតុការណ៍នេះមិនមានអ្នកណាដឹងថាព្រះសង្ឃនោះមានវិបត្តិអ្វីនោះទេ ទើបបានជាធ្វើអត្តឃាតបែបនេះ។
អ្នកឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញព្រះសង្ឃខាងលើបានកាន់កាំបិតផ្គាក់មួយដើម រួចនិមន្តឡើងទៅលើដងទង់នោះ។ ពេលឡើងលើទៅដល់ក៏ស្រែកថា "លាហើយអ្នកទាំងអស់គ្នា" រួចលោតចុះមកក្រោមបណ្ដាលឱ្យសុគតតែម្ដង៕
