adverise with khmeread Unnecessary stuff

រឿងអស្ចារ្យទាំង ៥ នេះនឹងកើតឡើងនៅពេលអ្នកឈប់ទិញរបស់របរមិនចាំបាច់

តើអ្នកធ្លាប់ចំណាយពេលច្រើនរាប់មិនអស់ដើរកាត់តូបមួយទៅតូបមួយទៀតដើម្បីរកទិញរបស់ដែលអ្នកចង់ទិញ រួចក៏បែកគំនិតដើរទិញរបស់របរផ្សេងៗតាមទំនើងចិត្តដែរឬទេ?
បន្ទាប់ពីទិញរបស់ទាំងនោះហើយអ្នកបានព្យាយាមលាក់បាំងការចំណាយ ឬនិយាយហេតុផលអំពីការទិញរបស់ទាំងនោះដល់ស្វាមី ឬភរិយារបស់អ្នក។ បន្ទាប់មកទៀតអ្នកបានព្យាយាមយករបស់ទាំងនោះទៅប្តូរយកលុយវិញ តែអ្នកលក់ភាគច្រើនគេមិនទទួលយករបស់ត្រឡប់វិញនោះទេ។ ជាការពិតយើងគ្រប់គ្នាសុទ្ធតែធ្លាប់ជួបរឿងហ្នឹង។ ខាងក្រោមនេះគឺជារឿងអស្ចារ្យទាំង ៥ ដែលនឹងកើតឡើងនៅពេលអ្នកឈប់ទិញរបស់របរមិនចាំបាច់។ 

១- អ្នកនឹងឃើញទំនាក់ទំនងកាន់តែប្រសើរឡើងក្នុងជីវិតរបស់អ្នក
ជួនកាលរឿងតូចតាចក៏អាចជួយរួមចំណែកក្នុងការធ្វើឲ្យមានទំនាក់ទំនងកាន់តែប្រសើរក្នុងជីវិតដែរ។ ការពុំសូវមានស្ត្រេស៍ ការពុំសូវឈ្លោះគ្នា ការចំណាយពេលច្រើនជាមួយគ្រួសារ
និងមិត្តភក្តិគឺសុទ្ធតែជាកត្តាជួយឲ្យទំនាក់ទំនងកាន់តែប្រសើរក្នុងជីវិត។ រឿងនេះកើតឡើងគឺនៅពេលអ្នកឈប់ទិញរបស់របរមិនចាំបាច់។ សាកស្រមៃមើលមើល៎ថាតើអ្នកនឹងរំភើបចិត្តប៉ុនណានៅពេលបានចំណាយពេលសឹងរាល់រាត្រីជាមួយមិត្តស្រីឬមិត្តប្រុស ចេញញ៉ាំក្រៅបានកាន់តែច្រើនជាមួយមិត្តភក្តិនិងគ្រួសារ លែងស្ត្រេស៍និងលែងឈ្លោះគ្នាអំពីរឿងបំណុល និងថ្លៃចំណាយផ្សេងៗគរលើគ្នា។ ហើយមួយទៀតគឺថា ជួនកាលវិធីល្អបំផុតដើម្បីសន្សំលុយគឺការកាត់បន្ថយចំណាយនេះឯង។ 

២- អ្នកនឹងមានលុយកាន់តែច្រើនដើម្បីសន្សំ
អ្នកនឹងមានអារម្មណ៍អស្ចារ្យនៅពេលមានសុវត្ថិភាពអំពីលុយកាក់។ ទោះយ៉ាងណា អ្នកត្រូវតែចេះគ្រប់គ្រងលុយឲ្យបានល្អ ចៀសវាងចំណាយច្រើន។ គោលដៅគ្រប់គ្រងលុយគឺត្រូវត្រួតត្រាទម្លាប់ក្នុងការចំណាយដើម្បីមានលុយសន្សំកាន់តែច្រើន។ អ្នកច្បាស់ជាឆ្ងល់ហើយថាតើហេតុអ្វីអ្នកត្រូវសន្សំលុយបើគេរកលុយសម្រាប់ចំណាយនោះ។ ការសន្សំលុយនឹងជួយអ្នកឲ្យឈានទៅរកគោលដៅក្នុងជីវិតរបស់អ្នក និងជួយបង្ការគ្រាមានអាសន្នផ្សេងៗ ដូចជាករណីកើតជំងឺ ខូចយានជំនិះ របួស ឬអត់ការងារធ្វើជាដើម។ 

៣- អ្នកនឹងមានលុយកាន់តែច្រើនដើម្បីវិនិយោគ
អ្នកអាចនឹងមិនទាន់បានត្រៀមខ្លួនសម្រាប់វិនិយោគក្នុងភាគហ៊ុន ឬសញ្ញាប័ណ្ណ ប៉ុន្តែមានជម្រើសផ្សេងទៀតអាចឲ្យអ្នកវិនិយោគបានផងដែរ ដូចជាការអប់រំ មុខរបរផ្ទាល់ខ្លួន
ឬអចលនទ្រព្យ។ ការវិនិយោគលើមុខរបរផ្ទាល់ខ្លួនអាចជាជម្រើសល្អបំផុតមួយ រីឯការវិនិយោគលើការអប់រំអាចនឹងត្រូវការរយៈពេលយូរ ហើយអាចនឹងមិនទទួលផលដូចចិត្តទេ
ដូចជាការសិក្សានៅសាកលវិទ្យាល័យជាដើម អ្នកអាចជាប់ ឬរៀនចេះ និងអាចធ្លាក់ឬរៀនមិនចេះក៏ថាបាន។ តែអ្នកអាចបង្វែរមកវិនិយោគលើការអប់រំរយៈពេលខ្លីបានដូចជា
ចូលរួមសិក្ខារសាលា អានសៀវភៅ ឬ ចូលរួមវេទិកាលើអ៊ីនធឺណេត។ 

៤- អ្នកនឹងក្លាយជាមនុស្សដែលចេះឲ្យតម្លៃលើរបស់ដែលលុយមិនអាចទិញបាន
នៅពេលអ្នកឈប់ទិញរបស់ឥតប្រយោជន៍អ្នកនឹងរៀនកា្លយជាមនុស្សដែលចេះឲ្យតម្លៃលើរបស់ដែលលុយមិនអាចទិញបាន។ សុភមង្គលកើតឡើងមិនចាំបាច់ទាល់តែមានទ្រព្យសម្បត្តិឬរបស់របរទាំងនោះនោះទេ។ មានរឿងអស្ចារ្យច្រើនណាស់ក្នុងជីវិតដែលអាចរកបានដោយមិនអស់ប្រាក់នោះទេ។ រឿងទាំងនោះមានដូចជា ការកម្សាន្តនៅឆ្នេរសមុទ្រជុំគ្រួសារការស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយគ្រួសារ និងសកម្មភាពផ្សេងៗទៀតដែលអាចកសាងទំនាក់ទំនងគ្រួសារ ដោយមិនចាំបាច់ចំណាយអស់មួយសេនទេ។ 

៥- អ្នកនឹងមានអារម្មណ៍ប្រសើរឡើងអំពីខ្លួនអ្នក
នៅពេលអ្នកឈប់ទិញរបស់របរមិនចាំបាច់ទាំងនោះ​ អ្នកនឹងមានអារម្មណ៍ល្អប្រសើរឡើងអំពីខ្លួនអ្នក។ អ្នកនឹងមើលឃើញជីវិត និងខ្លួនអ្នកក្នុងពន្លឺថ្មីមួយទាំងស្រុង។ អ្នកនឹងលែងមានកូនចិត្តក្នុងការចំណាយឥតប្រយោជន៍តទៅទៀត។ អ្នកនឹងលែងមានស្ត្រេស៍ព្រោះអ្នកលែងប្រឹងរកលុយសម្រាប់តែចំណាយឥតប្រយោជន៍។ អ្នកនឹងលែងលាក់បាំងការចំណាយខ្ជះខ្ជាយរបស់អ្នក និងប្រថុយប្រថានធ្វើឲ្យខូចទំនាក់ទំនងតទៅទៀត។ ការខ្ចីលុយពីមនុស្សម្នាក់យកទៅចំណាយមិនត្រឹមតែធ្វើឲ្យខូចទំនាក់ទំនងប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យជំពាក់បំណុលគេកាន់តែច្រើនទៀតផង៕

adverise with khmeread

មតិយោបល់