adverise with khmeread 1

មន្ត្រីប៉ូលិស ​៣ ​រូប​រង​ការចោទប្រកាន់ថា​វាយ​ជនសង្ស័យ​ស្លាប់ ​(​មាន​វីដេអូ​)

    កណ្តាល ៖ បុរស​ម្នាក់​របួសធ្ងន់​ និង​ម្នាក់ទៀត​ស្លាប់​បន្ទាប់ពី​ប៉ូលិស​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​១​យប់ ហើយ​គ្រួសារ​បុរសរងគ្រោះ​បាន​ចោទប្រកាន់ថា​ប៉ូលិស​ព្រួត​គ្នា​វាយ និង​សំណូមពរ ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឱ្យ​។​

    ប្រភពពី​ក្រុមគ្រួសារ​បុរសរងគ្រោះ​បានឱ្យដឹងថា បុរស​ម្នាក់​ដែល​បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឈ្មោះ ចំរើន សីហា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាន​ង់ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ ឃួន ស្រីមុំ អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​។​

    យោងតាម​ការ អះអាង​របស់​ស្ត្រី​ជា​ភរិយា បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២១ តុលា ២០១៦ ប្តី​របស់ខ្លួន​បាន​សុំ​ទៅលេង​ផ្ទះ​បង នៅឯ​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​បាន​បបួល​មិត្ត​ភ​ក្តិ ​៤ ​នាក់​ទៀត​ទៅជា​មួយ ដោយ​ជិះ​ម៉ូតូ​ ២​ គ្រឿង​។​

    បន្ទាប់ពី​ផឹកស៊ី​រួច រហូតដល់​ម៉ោង ​៥ ​ល្ងាច ក៏​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​នៅពេល​ជិះ​មកដល់​ចំណុច​ក្លោងទ្វារវត្ត ធន​មន្ត ក្នុងភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ក៏​ស្រាប់​តែមាន​មន្ត្រីប៉ូលិស​ស្រុក​ស្អាង​ជាច្រើន​នាក់​ចាប់​ឃាត់​វាយ​ទាត់​ធាក់ ហើយ​ចោទប្រកាន់ថា ក្រុម​ប្តី​របស់ខ្លួន​ប៉ង់​ប្លន់​ម៉ូតូ​របស់​ពួកគេ និង​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​។​

    លុះ​ឃើញ​ស្ថានភាព​ប្តី​របស់ខ្លួន​ធ្ងន់ធ្ងរ​ប៉ូលិស​ក៏បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ជ័យជំនះ​បាន​មួយ​ ១ ​យប់ រហូតដល់​ម៉ោង​ ៧ ​ព្រឹក ប្តី​របស់ខ្លួន​ក៏បាន​ដាច់ខ្យល់​សា្ល​ប់​តែម្តងទៅ ដោយ​គ្រូពេទ្យ​ប្រាប់ថា ប្តី​របស់ខ្លួន​គ្រាំ​ក្នុង​ខ្លាំង ហើយ​ពេលនេះ ខ្លួនក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល ទាមទារ​ឱ្យជួយ​រក​យុត្តិធម៌​ឱ្យ​ហើយ​ដែរ ដើម្បី​នាំខ្លួន​ជនបង្ក​មក​ដាក់ទោស​ទៅតាម​ច្បាប់​។​

    ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ដែល​រួម​ដំណើរ​ជាមួយ​នោះ​ឈ្មោះ ទិ​ត លាភ ភេទ​ប្រុស បានឱ្យដឹងថា ក្រោយពី​ផឹកស៊ី​រួច ពួកខ្លួន​ទាំង​ ៥ ​នាក់ ក៏បាន​ជិះ​ម៉ូតូ​ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​វិញ​។ ​ពេលនោះ​គាត់​បាន​ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ ចំរើន សីហា ឯ​បក្ខពួក ៣​ នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ពីមុខ ពួកខ្លួន​ជិះ​តាម​ក្រោយ។​

    ក្រោយ​ចេញ​បា​នបន្តិ​ច ក៏មាន​ម៉ូតូ​ ​១ ​គ្រឿង​ជិះ​មក​វ៉ា​ជែង ក្រោយមក​ពួកខ្លួន​ក៏​វ៉ា​ជែង​វិញ ទៅវិញទៅមក ហើយ ក៏​គ្មាន​បំណង​កៀប​ប្លន់​ដូចជា​ការចោទប្រកាន់​នោះទេ​។ លុះ​មកដល់​ចំណុច​ក្លោងទ្វារវត្ត​ធន​មន្ត ស្រាប់តែ​មន្ត្រីប៉ូលិស​ស្លៀកពាក់​ស៊ីវិល ដែល​បើក​ពីមុខ ក៏​ឈប់​ហើយ​ផ្តួល ម៉ូតូ និង​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់ ឱ្យ​ឈប់​និង​បាន​ទូរ​ស័ព្ទហៅ​គ្នា​គេ​ ២ ​នាក់​ទៀត​មកជួយ​។​

    គ្រាន់តែ​មកដល់​ក៏បាន​បាញ់​ឡើងលើ​១​គ្រាប់​តែ​មិន​ផ្ទុះ ហើយក៏​ព្រួត​គ្នា​វាយ​ទាត់​ធាក់​មកលើ​ពួកខ្លួន​យ៉ាងធ្ងន់ធ្ងរ រួច​ក៏បាន​នាំ​ទី​កាន់​កន្លែង​គេ និង​បាន​វាយ​រហូត​មួយ​ម៉ោង​ពេញ ដោយ​ឡើង​ជង្គង់​ទាត់​ធាក់ ជាន់​ពោះ ដើមទ្រូង ជាដើម​។ លុះ​ឃើញ បង​សីហា គាត់​មានការ​ឈឺចាប់​ខ្លាំង​ទើប​បញ្ជូន​ពួកខ្លួន​ទៅ​មន្ទីរពេទ្យ​។​

    លោក វរៈសេនីយ​ន៍​ទោ សេង សុជាតិ​ អធិការ​ប៉ូលិស​ស្រុក​ស្អាង បាន​បកស្រាយ​ថា យោង​តាម​សេចក្តីរាយការណ៍ គឺ​ក្រុម​ជនរងគ្រោះ មានបំណង​ជិះ​ម៉ូតូ​កៀប​ប្លន់ មន្ត្រីប៉ូលិស​ឈ្មោះ ​ឆៃ ស៊ីណា ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង ដោយបាន​បុក​ពីក្រោយ​បណ្តាលឱ្យ​ដួល ហើយ​ថែម ទាំង​បាន​ដើរ​សំដៅ​ចូលទៅរ​កលោក ​ឆៃ ស៊ីណា ទៀត​។​ ទើប​លោក​ដក​កាំភ្លើង​ភ្ជង់ និង​បាន​ទូរ​សព្ទ័​ហៅ​លោក ភក្តី វិទូ និង​លោក ឃាង សុខ​ថេ​ង ឱ្យទៅជួយ​។​

    លោក​បន្តថា ក្នុង​ហេតុការណ៍​នោះ​ដោយ​ប្រជាពលរដ្ឋ​ស្មានតែ​ជា​អំពើ​ប្លន់ ក៏បាន​ព្រួត​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង ហើយ​ក្រោយមក​ទើប​កម្លាំង​ទៅដល់ ក៏​រំដោះ​ជម្លៀស​យកមក​អធិការដ្ឋាន ហើយដោយ​ឃើញ​ស្ថាន ភាព​ធ្ងន់ធ្ងរ​ក៏​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​។​

    លោក​អធិការ​បាន​បញ្ជាក់ថា ទាំង​លោកស្នងការ និង​រូបលោក មិន​កាន់ជើង​កូនចៅ​ទេ ប្រសិនបើ​រកឃើញថា មន្ត្រីប៉ូលិស​ទាំង ​៣​ រូប​ខាងលើ បាន​ប្រព្រឹត្តិ​ខុស​មែន​នោះ ប្រាកដជា​នឹងត្រូវ​ចាត់ការ​តាមផ្លូវ​ច្បាប់​ជាក់​ជាមិនខាន ហើយ​លោកស្នងការ​ក៏បាន​បញ្ជា​ឱ្យ​ប៉ូលិសការិយាល័យ​កណ្តាល ​យុត្តិធម៌​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ករ​ណី​នេះផងដែរ​។​

    ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ នៅ​ហ្នឹង​កន្លែងកើតហេតុ បាននិយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ប្រជាពលរដ្ឋ​មិនបាន​វាយ​ទៅលើ​ជន​សង្ស័យ​ទេ មានតែ​អង្វរ​កុំឱ្យ​វាយ​។​

    គួរ​បញ្ជាក់ដែរថា មន្ត្រីប៉ូលិស​ដែល​រង​ការចោទប្រកាន់​ទាំង​ ​៣ ​នាក់ រួមមាន​លោក ឆៃ ស៊ីណា នាយផ្នែក​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន, ​លោក ភក្តី វិទូ អធិការរង​ផ្នែក​អន្តោប្រវេសន៍ និង​លោក ឃាង សុខ​ថេ​ង នាយរង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្អាង មិនអាច​ទំនាក់ ទំនង​សុំ​ការបកស្រាយ​បានទេ ព្រោះ​ទូរ​សព្ទ័​របស់​ពួកលោក​ត្រូវបាន​បិទ និង​មិនមាន​វត្តមាន​នៅក្នុង​អង្គភាព​នោះទេ​៕

 

adverise with khmeread

មតិយោបល់