Unnamed %282%29

អ្នកបើកបរ​ម៉ូតូ​ម្នាក់ជិះម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ជាតិ មិនមាន​ការប្រុងប្រយ័ត្ន ត្រូវ​រថយន្ត​បើក​បុក​ពីក្រោយធ្លាក់ប្រឡាយ​ស្លាប់​

    សៀមរាប ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង រថយន្ត ធ្លាក់​ប្រឡាយទឹក​ស្លាប់​ម្នាក់​កាលពី​វេលា​ម៉ោង៧​ ​និង​១៥​នាទី​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ស្នួល ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

    លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​ប៉ូលិស​ស្រុក​ពួក​បានឱ្យដឹងថា រថយន្ត និង​ម៉ូតូ​បើក​ស្រប​ទិស​គ្នា ដោយ​ម៉ូតូ​បើកមុខ ដល់​ចំណុចកើតហេតុ ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ជាតិ មិនមាន​ការប្រុងប្រយ័ត្ន ទើប​បណ្ដាលឱ្យ​ម៉ាក កាមរី ​(Camry) ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-7323 បើក​ពី​កើ​តទៅ​លិច បុក​ម៉ូតូ ស្កូ​ពី​ពណ៌​ស គ្មាន​ស្លាក​លេខ បណ្ដាល​ឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​

    លោក​អធិការ​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ គឹម មន្និ​ចាន់​រ័ត្ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​បុគ្គលិក​សណ្ឋាគារ រស់នៅ​ភូមិ​សំរោង​ត្បូង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ ​ចំពោះ​រថយន្ត និង​ម៉ូតូ រួមទាំង​អ្នកបើកបរ​ធ្លាក់​ប្រឡាយទឹក​ហូរ ជនរងគ្រោះ​ក្រោយពេល​កើតហេតុ​ ១ ​ម៉ោង​ទើប​រក​សាកសព​ឃើញ​។​

    បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ។ ​ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕

មតិយោបល់