ភ្នំពេញ ៖ លោកតាម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែកបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរលោកសង្ឃ បន្ទាប់ពីបើកម៉ូតូបុកកង់ពីក្រោយ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៤៥រំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតមុខក្រុមហ៊ុនអេសប៊ី អាហរណ៍នីហរណ៍ដឹកជញ្ជូនស្ថិតក្នុង ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុលោកតាជិះកង់ម្នាក់ឯងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1K-7754 ជិះម្នាក់ឯងស្របទិសដៅគ្នាជាមួយកង់។ ហើយបានបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យលោកតា ដួលបោកបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ចំណែកបុរសបង្កហេតុរងរបួសធ្ងន់ ហើយត្រូវរថយន្តមកកិនពីលើថែមទៀត។ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃតែមិនសង្ឃឹមថាអាចសង្គ្រោះបាននោះទេព្រោះស្ថានភាពធ្ងន់ធ្ងរពេក។
រីឯសពលោកតារងគ្រោះមិនបានស្គាល់អត្តសញ្ញាណអាយុប្រហែល៧០ឆ្នាំជាង។ ចំណែកបុរសបង្កមិនស្គាល់អត្តសញ្ញាណដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយបានទំនាក់ទំងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូបង្កនិងកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ។ ចំណែកសពលោកតារងគ្រោះត្រូវសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខរងចាំស្រាវជ្រាវរកសាច់ញាតិ៕
