adverise with khmeread 1

ឃាត់ខ្លួន​ក្មេងស្ទាវ​ដេញ​កាប់​គ្នា​នៅ​ខេត្តសៀមរាប​

​    ​សៀមរាប​៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​បង្កឡើង​ដោយ​ក្រុមក្មេងស្ទាវ​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា បណ្ដាលឱ្យ​ភាគី​ម្ខាង​រងរបួស​ធ្ងន់​ខណៈ​យុវជន​ម្នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​សៀមរាប​ឃាត់ខ្លួន នៅមុខ​សណ្ឋាគារ​សុខា​ថ្មី តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង ៦​ព្រលប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៦​។​

​    ​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​ប៉ូលិស​ក្រុង​សៀមរាប បានឱ្យដឹងថា ជនរងគ្រោះ​នៅក្នុង​ករណី​ហិង្សា​ខាងលើនេះ​ឈ្មោះ មួន វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប មុខរបរ​ជា​សិស្ស ត្រូវបាន​ជនសង្ស័យ​កាប់​ត្រូវ ២​កន្លែង បោះដៃផុត​ខាងស្តាំ ១​កន្លែង និង​ត្រូវ​ម្រាមដៃ​ស្តាំ​១​កន្លែង​ទៀត ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

​    ​ក្រោយពេល​កើតហេតុ កម្លាំង​ប៉ូលិស​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក ៣​នាក់​។​

​    ​លោក​អធិការ​បាន​បន្តថា ជនសង្ស័យ​មានឈ្មោះ វ៉ូ មករា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប រីឯ​ជនសង្ស័យ ០២​នាក់​ទៀត​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ប៉ូលិស​ក្រុង បានរៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​៕​

adverise with khmeread

មតិយោបល់