adverise with khmeread 0

ម៉ូតូ ២​គ្រឿង ត្រូវបាន​រថយន្ត​បើក​កៀរ​ដួល​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

​    ​សៀមរាប​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​បាន​ជ្រុល​ចង្កូត​ទៅបុក​ដើម​ចំបក់​នៅ​ខាងស្តាំ​ដៃ ហើយ​បាន​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​ពីរ​គ្រឿង​ទៀត ដែល​បើក​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត ពី​ជើង​ទៅ​ត្បូង​ដោយ​បណ្ដាល​អ្នកបើកបរ​ម៉ូតូ​រងរបួស​ហើយ​ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​    ​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ខាងត្បូង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ទាយស្រី​ចំងាយ ២០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​នៅវេលា​ម៉ោង ០៥​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦​នេះ​។​

​    ​លោក​អនុសេនីយ៍ឯក ជៀម រក្សា អធិការ​ស្តីទី​ស្រុក​បន្ទាយស្រី​បានឱ្យដឹងថា  ក្រោយពេល​កើតហេតុ រថយន្ត​បាន​បើក​រត់គេចខ្លួន​រហូត​ដល់​ភូមិ​សណ្ដាយ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី រថយន្ត​ដាច់​កង​មុខ​ផ្នែក​ខាងស្ដាំ​ទៅលេង​រួច អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​នាំមក​ដើម្បី​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​    ​លោក​អធិការ​ស្តីទី​បាន​បញ្ជាក់ថា រថយន្ត​បង្ក​ម៉ាក​កាមរី (​ឆ្លាម​) ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-6344 បើកបរ​ដោយ​ឈ្មោះ យុក សា​ប៉ូ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប​។​

​    ​ចំណែក​ជនរងគ្រោះ​ក្នុងករណី​ខាងលើនេះ​មាន ឈ្មោះ នួន វុទ្ធី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1U:9350 និង​ម្នាក់ទៀត​ឈ្មោះ ម៉ោញ ម៉ា​រី​យ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1J-7159 ជនរងគ្រោះ​ទាំង ០២​នាក់​រស់នៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រងរបួស​ស្រាល​។​

​    ​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់