adverise with khmeread 14800053 1156522784434595 1419325345 o

​ចៅសង្កាត់ព្រែកប្រាអាចមានរឿងធំ! ក្រោយវាយ​សន្តិសុខ​ម្នាក់មួយ​ដៃ​ចំក្បាល​ផ្ទប់​ទៅនឹង​ជញ្ជាំង​ថ្មបាត់បង់ស្មារតី​

    ភ្នំពេញ ៖ លោក ហួរ ហួត  ចៅសង្កាត់​ព្រែកប្រា បាន​ប្រ​ព្រឹត្ត​ល្មើស​ដោយ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា មកលើ​សន្តិសុខ​កាលពី​វេលា​ម៉ោង​៥​ និង​៤០​នាទី ល្ងាច​ថ្ងៃទី​២៤ ​តុលា ​ឆ្នាំ​២០១៦ ​ចំណុច​មុខ​សាលា​វិទ្យាល័យ​ច្បារ​អំពៅ ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ពី​រឿង​ចត​ឡាន។​

    ប៉ូលិស​និយាយថា សន្តិសុខ​រូបនេះ ត្រូវ​បុរស​ម្នាក់​ដែល​អាង​ខ្លួន​ជា​ចៅសង្កាត់​ព្រែកប្រា​ឈ្មោះ ​ហួរ ហួត វាយ​មួយ​ដៃ​ចំក្បាល​ផ្ទប់​ទៅនឹង​ជញ្ជាំង​ថ្ម​កាលពី​ល្ងាច​ថ្ងៃទី​២៤ ​ខែតុលា ឆ្នាំ​២០១៦ ​បណ្ដាលឱ្យ​សន្តិសុខ​រូបនេះ​របួសធ្ងន់​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ រួច​ក៏​បញ្ជូនទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត។​

    បច្ចុប្បន្ន​សន្តិសុខ​ក្រុមហ៊ុន ​សម្បត្តិ​មាន​ហេង រូបនេះ​ពុំទាន់​មាន​ស្មារតី​ប្រសើរ​ឡើងវិញ​នៅឡើយ​ទេ ដែល​គ្រូពេទ្យ​និយាយថា "​អាច​ប៉ះពាល់​ដល់​សរសៃប្រសាទ​ខួរក្បាល​"។​

    ចៅសង្កាត់​រូបនេះ​អាង​ខ្លួន​មានអំណាច​ដើរ​ធ្វើបាប​អ្នកតូច​អ្នក​តាច​តាមតែ​អំពើ​ចិត្ត​ ​ហើយ​ប្រជាពលរដ្ឋ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​លើ​ចៅសង្កាត់​ឈ្មោះ ​ហួរ ហួត​ នេះ​ផង។​

    +​ស្តាប់​ចៅសង្កាត់​ព្រែកប្រា លោក ហួរ ហួត និយាយ​ម្តង​មើល "ខ្ញុំ​សូមបញ្ជាក់ថា​ដំបូង​ឡើយ​ករណីនេះ​កើតឡើង​ដោយ​ការភ័ន្តច្រឡំ​ប៉ុណ្ណោះ​ដែល​ដំណើររឿង​មាន​ដូច​ខា​ក្រោម៖ ​នៅវេលា​ម៉ោង​១៧ ​និង​៤០​នាទី​ថ្ងៃទី​២៤​ តុលា ខ្ញុំ​បាន​បើករថយន្ត​ត្រឡប់មកផ្ទះ​ហើយក៏​ឈប់​នៅមុខ​ផ្ទះ​រង់ចាំ​ថយ​រថយន្ត​ចូលក្នុង​ផ្ទះ។ ​គាប់​ជួន​មាន​សន្តិសុខ​បុរី​ម្នា​ក់បាន​ដេញ​រថយន្ត​របស់ខ្ញុំ​ឱ្យចេញ ដោយ​ទុក​ផ្លូវ​ឱ្យ​រថយន្ត​មេ​របស់គេ ​(​បុរី​) ​ចេញ។​

    រួចមក​ខ្ញុំ​ក៏​ទៅ​សួរ​សន្តិសុខ​នោះ​ថា ខ្ញុំ​ចត​មុខផ្ទះ​ខ្ញុំ ឱ្យ​ខ្ញុំ​ទៅណា​? រួចហើយ​សន្តិសុខ​នោះ​ក៏បាន​សុំទោស​ខ្ញុំ ដោយ​មិនបាន​ដឹងថា​ផ្ទះ​របស់ខ្ញុំ​នៅទីនេះ។ ​ពេល​កំពុង​ជជែក​គ្នា​ស្រាប់​តែមាន​សន្តិសុខ​ពីរ​នាក់​ផ្សេងទៀត​ជិះ​ម៉ូតូ​មកដល់​ក៏បាន​សួរនាំ​ដោយ​សំឡេង​ខ្លាំងៗ​ពីលើ​ម៉ូតូ​រួច​ដើរ​តម្រង់​មករក​ខ្ញុំ​ដោយ​កាយវិការ​គិតថា​នឹង​មក​វាយ​ខ្ញុំ។ ​ទន្ទឹមនឹងនេះ​ខ្ញុំ​នឹកស្មានថា​សន្តិសុខ​ដែល​ជិះ​ម៉ូតូ​នោះមក​វាយ​ខ្ញុំ ខ្ញុំ​ក៏បាន​ទះ​ចំក្បាល ធ្វើឱ្យ​សន្តិសុខ​នោះ​ដួល រួច​
​ខ្ញុំ​ក៏​លើក​សន្តិសុខ​នោះ​ហើយ​ក៏បាន​សុំទោស​ផងដែរ​។​

    ក្រោយមក​សន្តិសុខ​នោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​និង​បន្ត​ទៅកាន់​មន្ទីរពេទ្យ​ខ្មែរ សូ​វៀត​ដើម្បី​ពិនិត្យ​ស្ថានភាព​ដោយ​ខ្ញុំ​បាន​តាមដាន​ជាប់​ជាប្រចាំ​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​មាន​ស្ថានភាព​ល្អប្រសើរ​ហើយ​។ ​ចំពោះ​ហេតុការណ៍​នេះ​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​ហើយក៏​សុំ​ការ​អភ័យទោស​ចំពោះ​ហេតុការណ៍​ដែល​​បាន​ជ្រុលដៃ​ដោយ​ការភ័ន្តច្រឡំ ហើយ​ខ្ញុំ​នឹង​សម្របសម្រួល​ជួយ​ចេញថ្លៃ​ព្យាបាល​ដល់​ជនរងគ្រោះ​ទាំងអស់"​។​

    គេ​រង់ចាំ​មើល​តើ​រឿង​ខាងលើនេះ សមត្ថកិច្ច​ចាត់កា​រយ៉ា​ង​ណា​ចំពោះ​រឿងនេះ​?


 

adverise with khmeread

មតិយោបល់