កណ្តាល ៖ យុវជនម្នាក់ស្រវឹងស្រាចូលផ្ទះយប់ពេកបងប្អូនបិទទ្វារចោល បែកគំនិតសុំផ្ទះអ្នកជិតខាងដេក ឆ្លៀតឱកាសល្អក៏បានចាប់រំលោភកូនស្រីម្ចាស់ផ្ទះដែលមានសតិមិនប្រក្រតី រហូតដល់នាងមានផ្ទៃពោះ៥ខែ ត្រូវបានឪពុកម្តាយខាងស្រីប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី២៤ តុលា ឆ្នាំ២០១៦។
ប៉ូលិសនិយាយថា ករណីរំលោភសេពសន្ថវ:កើតឡើងនៅថ្ងៃមិនចាំ ក្នុងខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១ និង៥០នាទី យប់ចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះ វ.ស.រ.វ ភេទស្រី អាយុ២១ឆ្នាំ (មានផ្ទៃពោះ៥ខែ មានសតិមិនប្រក្រតី) មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះ ប៉ោក ទុយ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិត្រពាំង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដែលបច្ចុប្បន្ន ស្នាក់នៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់។
ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើ ជនល្មើសបានផឹក ស្រាស្រវឹងជោកខ្លួនលុះទៅដល់ផ្ទះយប់ពេកត្រូវ បងប្អូនបិទទ្វារចោល ក៏បានទៅសុំផ្ទះជនរងគ្រោះដេកដោយផ្ទះជនល្មើស និងជនរងគ្រោះនៅ ជិតគ្នា(រំលង១ផ្ទះ)។
លុះដល់ពេលយប់ជ្រៅជនល្មើសបានចូលទៅធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះបានសម្រេចចំនួន១ដងដោយ ពេលនោះឱកាសល្អ ព្រោះជនសង្ស័យបាន ដេកនៅគ្រែជាប់គ្រែជនរងគ្រោះដែរ។
នៅពេលនោះ ឪពុកម្តាយជនរងគ្រោះ ក៏បានដឹងហេតុការណ៍នេះដែរ តែមិនមានធ្វើការ ប្តឹងសមត្ថកិច្ចទេ ដោយយល់ថាកូនខ្លួនជាមនុស្សវិកលចរិក។ លុះប៉ុន្មានខែក្រោយមក ជនរងគ្រោះមានផ្ទៃពោះកាន់តែធំឡើងៗ ទើបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ម្តាយ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសរដ្ឋបាលព្រែកហូរ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ធ្វើការសាកសួរ រួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារ ភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅ លើជនរងគ្រោះពិតប្រាកដមែន ដោយសារខ្លួនស្រវឹងស្រា ចំពោះបញ្ហាគ្រឿងញៀនវិញ ខ្លួនមិនធ្លាប់ប្រើប្រាស់ឡើយ៕
