adverise with khmeread Untitled 1

គ្រប់គ្នា​មាន​អារម្មណ៍​ស្តាយក្រោយ ពេល​ស្តាប់​រឿងរ៉ាវ​របស់​ក្មេងប្រុស​រត់​លេង​ក្រោម​ដើម​ប៉ោម​ម្នាក់នេះ​

    ​ការ​ពី​ដើមឡើយ​នៅ​កន្លែង​មួយ​មាន​ដើម​ផ្លែ​ប៉ោម​យ៉ាង​ធំ​នៅ​ទីនោះ​។ មាន​ក្មេងប្រុស​ម្នាក់​ធ្លាប់​មកលេង​ជិត​ដើម​ផ្លែ​ប៉ោម​នោះ ដោយ​គាត់​អាច​ស្វែងរក​ផ្លែ​ប៉ោម​បរិភោគ លេង​ក្បែរ​ដើម​ប៉ោម និង​សម្រាក​ក្រោម​ដើមឈើ​នោះ​។​

​    ​ដើម​នោះ​រីករាយ​មែនទែន បន្ទាប់ពី​ជួប​ក្មេងប្រុស​នោះ​។ ថ្ងៃមួយ​ដើមឈើ​នោះ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ឃើញ​ក្មេងប្រុស​នោះ​បង្ហាញខ្លួន​ដោយ​មុខក្រញូវ​។​

​    ​ដើមឈើ​នោះបាន​និយាយថា "​មក​ខាង​នេះ​លេង​ជាមួយ​ខ្ញុំ​"​។​

​    ​ក្មេងប្រុស​នោះ​ឆ្លើយតប​វិញ​ថា "​ខ្ញុំ​មិនមែនជា​ក្មេង​ម្នាក់​ដែល​លេង​ក្រោម​ដើមឈើ​នោះ​ទៀត​ទេ​។ ខ្ញុំ​ត្រូវការ​តុក្កតា ខ្ញុំ​ត្រូវ​ការប្រាក់​ដើម្បី​ទិញ​ពួកវា​"​។​

​    ​ដើមឈើ​នោះ​ឆ្លើយតប​ថា "​សុំទោស​! ខ្ញុំ​មិនមាន​ប្រាក់​ទេ ប៉ុន្ដែ​អ្នក​អាច​យក​ផ្លែ​ប៉ោម​ទាំងអស់​របស់ខ្ញុំ និង​លក់​ពួកវា​យកប្រាក់​បាន​"​។​

​    ​ក្មេងប្រុស​នោះបាន​បេះ​ផ្លែ​ប៉ោម​ទៅ​ទាំងអស់ និង​ត្រឡប់​ដោយ​ក្ដី​រីករាយ​។ ផុតពីរ​បី​រដូវ​កន្លងទៅ ពុំ​ឃើញ​ក្មេងប្រុស​ម្នាក់​នោះ​ត្រឡប់មកវិញ​សោះ​។​

​    ​អស់​រយៈពេល​យ៉ាងយូរ នៅ​ព្រឹក​មួយ​ដើមឈើ​នោះបាន​ឃើញ​មិត្ត​របស់ខ្លួន ក្មេងប្រុស​នោះបាន​ធំធាត់​ក្លាយជា​មនុស្ស​ធំ​។ ដើមឈើ​នោះបាន​និយាយថា "​មក​ទីនេះ​លេង​ជាមួយ​ខ្ញុំ​"​។​

​    ​បុរស​ម្នាក់​នោះបាន​និយាយថា "​ខ្ញុំ​មិនអាច​លេង​បានទេ ខ្ញុំ​មានគ្រួសារ​ហើយ​។ យើង​ត្រូវការ​ផ្ទះមួយ​សម្រាប់​ស្នាក់នៅ តើ​ឯង​អាចជួយ​ខ្ញុំ​បាន​អត់​?"​។​

​    ​ដើមឈើ​នោះ​ឆ្លើយតប​ថា "​សុំទោស​! ខ្ញុំ​មិនមាន​ផ្ទះ​ទេ ប៉ុន្ដែ​ឯង​អាច​កាត់​មែកឈើ​របស់ខ្ញុំ​យកទៅ​ធ្វើ​ផ្ទះ​បាន​"​។​

​    ​បុរស​ម្នាក់​នោះបាន​កាប់​មែកឈើ​ទាំង​អស់ពី​ដើមឈើ​នោះ ហើយ​ចាកចេញ​ដោយ​ក្ដី​រីករាយ​បំផុត​។ ហើយ​ដើមឈើ​នោះ​មាន​ក្ដី​សោម​ន្ស​ជាខ្លាំង ដែល​ឃើញ​មិត្តភក្តិ​របស់គាត់​ញញឹម​ម្ដងទៀត​។​

​    ​ជាច្រើន​ឆ្នាំ​មកទៀត​បុរស​ម្នាក់​នោះបាន​ត្រឡប់មក​ម្ដងទៀត ហើយ​ដើមឈើ​បាន​និយាយ​ពាក្យ​ដូច​សព្វដង​។​

​    ​បុរស​ម្នាក់​នោះបាន​និយាយថា "​ខ្ញុំ​ចាស់​ហើយ​។ ខ្ញុំ​ចង់​ជិះទូក​លំហែកាយ​ម្នាក់ឯង​។ តើ​ឯង​អាចជួយ​យើង​បាន​អត់​?"​។​

​    ​ដើមឈើ​ឆ្លើយតប "​ប្រើ​ដងខ្លួន​របស់ខ្ញុំ​ដើម្បី​ធ្វើ​ទូក​ជិះ​ទៅ​"​។ បុរស​នោះបាន​ចាកចេញ​និង​មិនដែល​បង្ហាញខ្លួន​អស់​រយៈពេល​យ៉ាងយូរ​។​

​    ​បុរស​នោះបាន​ត្រឡប់មកវិញ​ម្ដងទៀត បន្ទាប់ពី​ច្រើន​ឆ្នាំ​កន្លងទៅ​។ ប៉ុន្ដែ​លើក​នេះ​ដើមឈើ​បាន​និយាយ​ដោយ​ក្ដី​ឈឺចាប់​ថា "​សុំទោស​សម្លាញ់​! គ្នា​មិនមាន​អ្វី​សម្រាប់​ឯង​ទៀត​ទេ សូម្បីតែ​ផ្លែ​ប៉ោម​មួយ​ផ្លែ ឬក៏​ដើម​សម្រាប់​ឱ្យ​តោង​លេង​ក៏​គ្មាន​ដែរ​"​។​

​    ​បុរស​នោះបាន​ឆ្លើយតប​ថា "​គ្មាន​បញ្ហា​ទេ ខ្ញុំ​មិនមាន​ធ្មេញ​ដើម្បី​ខាំ ហើយ​ខ្ញុំ​ចាស់​ខ្លាំងណាស់​មិនអាច​តោង​ដើមឈើ​លេង​បានទេ​។ ខ្ញុំ​គ្រាន់តែ​ត្រូវការ​កន្លែង​មួយ​ដើម្បី​សម្រាក បន្ទាប់ពី​ពេលវេលា​មួយជីវិត​នេះ​ប៉ុណ្ណោះ​"​។​

​    ​ដើមឈើ​ចំណាស់ នៅសល់តែ​គល់​នោះបាន​ឱ្យ​បុរស​ចំណាស់​នោះ​អង្គុយ​ពីលើ និង​រីករាយ​ទាំង​ហូរ​ទឹកភ្នែក​។​

​    ​* ដើមឈើ​ប្រៀបដូចជា​ឪពុកម្ដាយ​របស់​យើង​អ៊ីចឹង​។ នៅពេល​យើង​នៅ​ក្មេង យើង​មិនអាច​ស្រមៃ​រស់នៅក្នុង​ជីវិត​របស់​យើង​ដោយ​គ្មាន​ឪពុកម្តាយ​នោះទេ​។ ប៉ុន្ដែ​នៅពេល​យើង​ធំ​ឡើង យើង​ចាក​ចេញពី​ពួកគាត់​។ មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ ឪពុកម្ដាយ​តែងតែ​នៅ​ទីនោះ និង​ផ្ដល់​អ្វី​គ្រប់យ៉ាង​មកឱ្យ​ពួកយើង​ជានិច្ច​។ សូម​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់