adverise with khmeread 14876108 1157363817683825 1898889225 o

សមត្ថកិច្ច​អះអាងថា ​" ចៅសង្កាត់​ព្រែកប្រា​ ហួរ ហួត ​គេចខ្លួន​បាត់ហើយ "

    ភ្នំពេញ ៖ សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាងថា លោក​ ហួរ ហួត ចៅសង្កាត់​ព្រែកប្រា​បាន​រត់គេចខ្លួន​ចេញពីផ្ទះ​និង​កន្លែងធ្វើការ​ដើម្បី​គេច​ពី​ការចាប់ខ្លួន​របស់​សម​ត្ថ​កិច្ច ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​វាយ​ទៅលើ​សន្តិសុខ​យាម​នៅ​បុរី​សម្បត្តិ​មាន​ហេង​៣ ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ខណៈ​ការឃោសនាបោះឆ្នោត​រើស​មេឃុំ​-​ចៅសង្កាត់​ជិត​មកដល់។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា លោក​ ហួរ ហួត ​ពាក់ព័ន្ធ​បទល្មើស​ប្រើ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​វាយ​សន្តិសុខ​ម្នាក់​បណ្តាលឱ្យ​របួសធ្ងន់ កាលពី​ថ្ងៃ២៤ ​តុលា​ ឆ្នាំ​២០១៦ ម៉ោង​៥​ និង​៤០​នាទី​ល្ងាច​នៅ​ចំណុច​ក្លោងទ្វារ​បុរី​សម្បត្តិ​មាន​ហេង​៣ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ឈ្មោះ មាស ដុំ​ដី ភេទ​ប្រុស អាយុ១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​បុរី​ សម្បត្តិ​មានហេង​៣ ​ស្នាក់នៅ ការដ្ឋាន​សំណង់​បុរី​សម្បត្តិ​មាន​ហេង​៣ ​ភូមិ​បឹង​ឈូក ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ហួរ ហួត ភេទ​ប្រុស អាយុ៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចៅសង្កាត់​ព្រែកប្រា ស្នាក់​នៅផ្ទះ​លេខ​៣៨ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​គេចខ្លួន​)​។​

    សមត្ថកិច្ច​បន្តថា កាលពី​ថ្ងៃទី២៤ ​តុលា​ ឆ្នាំ​២០១៦ ម៉ោង​៥​ និង​៤០​នាទី ល្ងាច​ជនសង្ស័យ​ឈ្មោះ ហួរ ហួត បាន​ទុក​រថយន្ត​លយ​ចេញមក​ផ្លូវ​បន្តិច។ ​ពេលនោះ​ឈ្មោះ រស់ សា​រ៉េ​ន ដែលជា​សន្តិសុខ​យាម​នៅ​ប៉ុស្តិ៍ ចេញ​-​ចូល (​ចំណុចកើតហេតុ​) ក្បែរ​ផ្ទះ​ជនសង្ស័យ​បាន​ទៅប្រាប់​ជនសង្ស័យ​ឱ្យ​យក​រថយន្ត​ចូលក្នុង បន្តិច រួច​ជនសង្ស័យ​ក៏​ស្តីបន្ទោស​សន្តិសុខ​ថា បាន​មើលងាយ​ខ្លួន រួច​សន្តិសុខ​ក៏​ដើរទៅ​ប៉ុស្តិ៍​យាម​វិញ។​

    បន្ទាប់មក​ជនសង្ស័យ​ក៏​បើករថយន្ត​ចូលក្នុង​ផ្ទះ រួច​ដើរទៅ​ប៉ុស្តិ៍​សន្តិសុខ​យាម ពេលនោះ​សន្តិសុខ​ឈ្មោះ រស់ សា​រ៉េ​ន ឃើញ​ជនសង្ស័យ ក៏​ទៅ​លុតជង្គង់​សំពះ សុំទោស​ជនសង្ស័យ។

    ស្របពេលនោះ​ជនរងគ្រោះ​ឈ្មោះ មាស ដុំ​ដី និង សន្តិសុខ​ម្នាក់ទៀត​ជិះ​ម៉ូតូ​មកដល់ រួច​ជនរងគ្រោះ​ក៏​ចុះ​សួរថា មានរឿង​អី ជនសង្ស័យ​មិនបាន​ឆ្លើយតប​ទេ រួច​ក៏​ដើរទៅ​វាយ​ជនរងគ្រោះ​មួយ​ដៃ ចំ​គុម្ពត្រចៀក​ខាងឆ្វេង ដួល​ទៅលើ​ជញ្ជាំង​ថ្ម​ប៉ុស្តិ៍​យាម បណ្តាលឱ្យ​ជនរងគ្រោះ ទាញ​ដៃ​ទាញ​ជើង​និង​ដកដង្ហើម​ថប់ៗ ក៏​នាំគ្នា​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ។

    ក្រោយ​ពិនិត្យឃើញ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូរ​វៀត​។ លុះដល់​ថ្ងៃទី​២៥ ​តុលា ​ឆ្នាំ​២០១៦ ​ម៉ោ​ង​៩​ និង៣០​នាទី តំណាង​ជនរងគ្រោះ​ទើប​មក​ដាក់ ពាក្យបណ្តឹង​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ហួរ ហួត បាន​រត់គេចខ្លួន​បាត់​ហើយ​៕

adverise with khmeread

មតិយោបល់