adverise with khmeread Unnamed %281%29

ទិញ​ថ្នាំញៀន​ពី​ប្លុក​ត្រពាំង​ឈូក​ទៅ​ជក់​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​បីនាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​បីនាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឃាត់ខ្លួន​ខណៈពេល​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​នៅក្នុង​ខ្លួន​របស់​ពួកគេ​កាលពី​វេលា​ម៉ោង​ ១ ​អា​ធ្រា​ត្រ​យប់​ឈានចូល​ថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវ​២០០២ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ខណៈ​កម្លាំងចម្រុះ​រាជធានី​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​បទល្មើស​ក្នុង​មូលដ្ឋាន​ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ​ហើយ​ពេលដែល​សមត្ថកិច្ច​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​តាម​បណ្ដោយ​ផ្លូវ​២០០២​ក៏​ប្រទះឃើញ​បុរស​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ប៊ិច​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1L-5368 ហើយ​ឃើញ​អ្នក​ទាំងបី​ជិះ​ម៉ូតូ​ក្នុង​លក្ខណៈ​សង្ស័យ​ហើយ​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​។​

    ពេលនោះ​ស្រាប់តែ​ប្រទះឃើញ​កញ្ចប់​ថ្នាំញៀន​មួយកញ្ចប់​នៅលើ​ខ្លួន​យុវជន​ម្នាក់​ក្នុងចំណោម​បីនាក់​នោះ​ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់​ជនសង្ស័យ​ខាងលើ​ហើយ​នាំខ្លួន​បុរស​ទាំងបី​នាក់​នៅ​យកទៅ​ប៉ុស្ដិ៍​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ​។​

    មន្ត្រី​ដែល​ប្រចាំការ​នៅ​ប៉ុស្ដិ៍​បានឱ្យដឹងថា យុវជន​ទាំងបី​នាក់​ខាងលើ​មានទី១ឈ្មោះ សេង ពៅ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​ ទី២ឈ្មោះ ឡុង ម៉ាប់ ភេទ​ប្រុស អាយុ ២០ ​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា​ និង​ទីឈ្មោះ យ៉ុ​ន សម្បត្តិ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា​។​

    ពួកគេ​បាន​សារភាពថា​ពួកគេ​បាន​ទិញ​ថ្នាំញៀន​ខាងលើ​មកពី​ម្ដុំ​ភូមិ​ត្រពាំង​ឈូក ​ដែលជា​កន្លែង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​ល្បីឈ្មោះ​មួយ​ក្នុងតម្លៃ​ ១៥.០០០ (ដប់ប្រាំពាន់រៀល) ​ហើយ​បំណង​យកទៅ​ជក់​ទាំង​បីនាក់​នៅក្នុង​បន្ទប់​ជួល​របស់​ពួកគេ​នោះ។​

    បច្ចុប្បន្ន​អ្នក​ទាំងបី​ព្រមទាំង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការចាត់ការ​តាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់