adverise with khmeread Unnamed

​ក្រសួង​អប់រំ​, អូឡាំពិក និង​សហព័ន្ធ​កីឡា​ជាតិ​ទាំង ​១៥ ជជែក​គ្នា​បន្ថែម​ពី​បច្ចេកទេស​ប្រកួត​កីឡា​ជាតិ​លើក​ទី​១

    ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១៥ បានមក​ជួបជុំគ្នា កាលពី​ម្សិលមិញ ដើម្បី​ផ្តល់​ការណែនាំ និង​ទទួលយក​នូ​វបច្ចេកទេស និង​ត្រួតពិនិត្យ​កិច្ចការ សម្រាប់​ការត្រៀម​ការប្រកួត​កីឡា​ជាតិ លើក​ទី​១ របស់​កម្ពុជាឱ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

    លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា រាល់​ទំនាស់ ក្នុងការ​ប្រកួត​អាច​នឹង​កើតមាន​ដោយ​ខានមិនបាន ដូច្នេះហើយ អ្វីៗ​ត្រូវ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​រាជធានី​-​ខេត្ត ជាមួយ​គណៈកម្មការ​ប្រកួត​។ បញ្ហា​បន្ទាន់​អាច​ទំនាក់ទំនង​គ្នា​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​។ 

    លោក​រដ្ឋមន្ត្រី​បាន ត្រួតពិនិត្យ​កិច្ចការ​ត្រៀមលក្ខណៈ​ការប្រកួត​កីឡា​ជាតិ លើក​ទី​១​ពិសេស​គឺ​កម្មវិធី​ពិធី​បើក​ដ៏​ធំ​សម្បើម​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន នា​ល្ងាច​ថ្ងៃទី​២៨ ​តុលា ក្រោម​អធិបតីភាព​លោក ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​

    លោក​បានស្នើ​សុំឱ្យ​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុងគោលដៅ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​មួយ​នេះ​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បញ្ជាក់ដែរថា កិច្ចប្រជុំ នេះ​មានការ​ចូលរួម​តំណាង​សហព័ន្ធ​ជាតិ​ទាំង​១៥ ដែលមាន​ឈ្មោះ​ក្នុង​ការប្រកួត និង​រាជធានី​-​ខេត្ត​ទាំង​២៥ មក​ប្រជុំ​បច្ចេកទេស​។ ការប្រកួត​ត្រូវ​ដំណើរការ​ពីថ្ងៃ​ទី​២៥ ​តុលា ដល់​៥​វិច្ឆិកា ប៉ុន្តែ​ប្រភេទ​កីឡាបាល់ទាត់ បានចាប់ផ្តើម​ប្រកួត​មុន​ថ្ងៃទី​២៥ នៅ​មជ្ឈមណ្ឌល​បាទី។​

    លោក​បន្តថា ចំណែកឯ​ប្រភេទ​កីឡាបាល់ទះ បាល់បោះ តេ​ក្វាន់​ដូ និង​វាយ​កូនឃ្លី​លើ​តុ ទើបនឹង​ដំណើរ​ប្រកួត នៅ​ថ្ងៃទី​២៦​ តុលា​ប៉ុណ្ណោះ រីឯ​ប្រភេទ​កីឡា​មួយចំនួនទៀត​នឹងត្រូវ​ដំណើរ ជា​បន្តបន្ទាប់​ទៀត​។ 

    លោក​ជឿថា ការប្រកួត​នេះ​នឹងមាន​អ្នកចូលរួម​ពី ៥ ​ម៉ឺន​នាក់ ទៅ ៦ ​ម៉ឺន​នាក់ ដែលមាន អត្ត​ព​លិ​ក​ចូលរួម​ចំនួន​ ២.៧០០ ​នាក់ លើ​១៥​ប្រភេទ​កីឡា​។ ប្រភេទ​កីឡា​ទាំង​១៥ រួមមាន​អត្តពលកម្ម ហែល​ទឹក បាល់បោះ​បុរស​-​នារី ប្រដាល់ បាល់ទាត់​បុរស​-​នារី ចំបាប់ វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ វាយ​កូន​បាល់ បាល់ទះ (​ឆ្នេរ​ខ្សាច់​បុរស បា​ទះ​លើ​ក្ដារ​បុរស​-​នារី​) ប៉េតង់ ល្បុក្កតោ កាយសម្ព័ន្ធ Shorinji Kempo និង​វាយ​សី​៕​

adverise with khmeread

មតិយោបល់