ភ្នំពេញ ៖ កីឡាករអាយុក្រោម ១៨ ឆ្នាំរបស់កម្ពុជា៣រូបបានធ្លាក់ចេញត្រឹមវគ្គជម្រុះជុំដំបូងកាលពីម្សិលមិញ នៅ ក្នុងព្រឹត្តិការណ៍អន្តរជាតិ Tep Khunnah Memorial Cup I.T.F Junior 2016 នៅ Cambodia Country Club ខណៈកីឡាការិនីប្រកួតលើវិញ្ញាវាយគូរក៏ធ្លាក់ដែរ។
កីឡាករ ទេព ធីម៉ូធី ប្រកួតចាញ់កីឡាករមកពីប្រទេសហ្វីលីពីន ម៉ាញ៉ូអែល ដែលមានលេខរៀង នៅក្នុង ចំណាត់ថ្នាក់ពិភពលោក១៨៩៩ ក្នុងលទ្ធផល ២សិត០ ក្នុងពិន្ទុ៦ទល់០ និង៦ទល់០ដូចគ្នា។
កីឡាករ ឈាង វ៉ានសិទ្ធ ក៏បានប្រកួតចាញ់កីឡាករមកពីជប៉ុន Watanabe Ryo ដែលមានតារាងចំណាត់ពិភាពលោក៨២៧ ក្នុង លទ្ធផល២សិតទល់០ ក្នុងពិន្ទុ៦ទល់៣ និង៦ទល់២។
ឡេង សារិនរាជ ប្រកួតចាញ់កីឡាករមកពីចិនតៃប៉ិ kuyi hsien ដែលមានចំណាត់ថ្នាក់ក្នុងតារាងពិភពលោក២២៩២ ក្នុងពិន្ទុ៦ទល់១ និង៦ទល់២។
ចំណែកឯវិញ្ញាសា ប្រកួតវាយគូនារី កីឡាការិនី ហូ ស្រីនិច និងកីឡាការិនី ហូ ស្រីពៅ ប្រកួតចាញ់កីឡាការិនីមកពីប្រទេសជប៉ុន ក្នុងពិន្ទុ ៦ទល០ និង៦ទល់០ដូចគ្នាដែរ។
លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមានប្រសាសន៍ថា នេះជា ការប្រកួតដ៏តឹងតែងមួយរវាងអ្នកវាយកូនបាល់ជំនាន់ក្រោយដែលមានអាយុចាប់ពី១៤ទៅក្រោម១៨ឆ្នាំ។
លោកបន្ថែមថា ទោះបីជាកីឡាករកីឡាការិនីកម្ពុជាមិនបានឡើងទៅវគ្គបន្តក៏ដោយ និងមិនទទួលបានលទ្ធ ផលល្អប្រសើរក៏ដោយ ក៏នេះជា កាតព្វកិច្ចរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងការបណ្តុះសមត្ថភាព ពួកគេឆ្ពោះទៅរកភាពខ្លាំងនាពេលអនាគត។
អគ្គលេខាធិការរូបនេះអះអាងថា ការធ្វើជាម្ចាស់ផ្ទះទទួលបានផលចំណេញច្រើនណាស់ ព្រោះយើង មានឱកាសដាក់កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើងបានលេងច្រើន និងទទួលបាននូវបទពិសោធន៍ថ្មីៗពីបណ្តាប្រទេសនានា ដែលមកចូលរួម។
ពេលនេះកម្ពុជាបានប្ដេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះឲ្យបានល្អ ដើម្បីឆ្នាំក្រោយ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះបន្តទៀត។ លោកបញ្ជាក់ថាឆ្នាំក្រោយមាន៥ព្រឹត្តិការណ៍ឯណោះ ហេតុ នេះឆ្នាំនេះយើងត្រូវតែធ្វើឲ្យបានល្អ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានកីឡាករ កីឡាការិនី វ័យក្មេង មកពីប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបូរី ចិន ហុងកុង ម៉ាកាវ ជប៉ុន កូរ៉េ អាមេរិក អូស្ដ្រាលី និងស៊ុយអែត ដែលកីឡាករសរុប៤៧នាក់ និង កីឡាការិនី ៣៧នាក់៕
