adverise with khmeread Unnamed %283%29

​ទិវា​កីឡា​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​​ម៉ា​រ៉ា​តុង​អន្តរជាតិ ខួប​លើក​ទី​២១ នា​ថ្ងៃទី​៤ ធ្នូ ២០១៦​ខាងមុខ​នេះ! ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា​ស្នើឱ្យ​មហាជនខ្មែរ​ចូលរួមឱ្យបានច្រើន

    ភ្នំពេញ ៖ ទិវា​កីឡា​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី​២១ នៅ​តំបន់​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​៤ ខែធ្នូ ចុងឆ្នាំ​២០១៦​នេះ កាន់តែ​ខិតជិត​ចូលមក​ដល់​ហើយ សម្រាប់​ការចុះឈ្មោះ​ចូលរួម​ប្រកួត​របស់​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​។​

    ដូច្នេះហើយ​ទើប​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្នើរ​សុំ​ឱ្យ​អ្នក​មានបំណង​ចង់​ចូលរួម​ចុះឈ្មោះឱ្យ​បាន​ទាន់ពេលវេលា និង​ឱ្យ​បាន​ច្រើន​កុះករ​។​

    លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​ជាតិ អូឡាំពិក​កម្ពុជា មានប្រសាសន៍ថា គិត​មកដល់​ត្រឹម​ថ្ងៃនេះ អត្ត​ព​លិ​កបាន​ចុះឈ្មោះ​បាន​ប្រមាណ​៥​ពាន់​នាក់​ហើយៗ​ព្រឹត្តិការណ៍​ចុងឆ្នាំ​នេះ​នឹង​ទទួលបាន​ការគាំទ្រ ពេញនិយម​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​តាមរយៈ​ការចូលរួម​ចុះឈ្មោះ​បង់ថ្លៃ​គាំទ្រ ជាពិសេស​ថវិកា​មួយចំនួនធំ ដែល​បាន​ពី​ការចុះឈ្មោះ​នឹង​បរិច្ចាគ​ទៅកាន់​កិច្ចការ​សង្គម និង​មនុសធម៌​។ 

    លោក​បាន​អះអាងថា “​ព្រឹត្តិការណ៍​ដ៏​ធំ​ចុងក្រោយ​នៃ​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ដែល​បាន​ទាក់ទាញ​ការចូលរួម​របស់ អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​បាន​ច្រើនជាងគេ​។ នៅ​ឆ្នាំនេះ ក៏ដូចជា​ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ កីឡាករ កីឡាការិនី ទាំងអស់​ប្រហែល​បាន​ពី​៦​ពាន់ ទៅ​៧​ពាន់​នាក់ ហើយ​ប្រសិនបើ​មានការ​កើនឡើង គឺ​ប្រហាក់ ប្រហែល​៨​ពាន់នាក់”​។ 

    លោក​បន្តថា  "​សូមឱ្យ​យុវជន មហាជន​នានា​អាច​ចុះឈ្មោះ​តាម​អន​ឡាញ និង​ចុះឈ្មោះ​នៅ​ទីតាំង​ដោយផ្ទាល់​នៅ រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្តសៀមរាប​ដោយផ្ទាល់ ក៏បាន​ដែរ ដោយ​អាច​ចុះឈ្មោះ​១​សប្តាហ៍ មុនពេល​ព្រឹត្តិ ការណ៍​នេះ​ចូលមក​ដល់​”​។​

    លោក សែម ផល្លា ប្រធាន​ក្រុមហ៊ុន Cambodia Events Organizer បាន​បញ្ជាក់ដែរថា កាលពី​ឆ្នាំមុន គណៈកម្មការ​រៀបចំ​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជាង ​៥ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​ជាង​ ១០​ ​អង្គការ ដែល​កំពុង បំពេញបេសកកម្ម​ជួយ​សង្គ្រោះ​ដល់​វិស័យ​សកម្ម នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​យ៉ាងសកម្ម​។ 

    លោក បន្ថែមថា ទិវា​រត់ប្រណាំង​នេះ​មាន​វិញ្ញាសា​ចំនួន​៣ គឺ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ចម្ងាយ​២១​គីឡូម៉ែត្រ ដែលជា​ចម្ងាយ​ស្តង់ដារ​អន្តរជាតិ ដោយ​ការចុះឈ្មោះ​បង់ថ្លៃ​គឺ ​៤៥ ​ដុល្លារ សម្រាប់​ជនបរទេស និង​ខ្មែរ ១៥​ ដុល្លារ​, រត់​១០​គីឡូម៉ែត្រ ត្រូវ​បង់ថ្លៃ​៤០​ដុល្លារ សម្រាប់​ជនបរទេស និង​១២ ​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​វិញ្ញាសា​រត់​កម្សាន្ត​លក្ខណៈ​គ្រួសារ ៣​ គីឡូម៉ែត្រ គឺ​បរទេស​២០​ដុល្លារ និង​ខ្មែរ​តម្រូវឱ្យ​បង់ប្រាក់​ត្រឹម​ ៥ ​ដុល្លារ ប៉ុណ្ណោះ​៕ (​រូបភាព​ឯកសារ​)​

adverise with khmeread

មតិយោបល់