adverise with khmeread Second hand stuff

វិធី ៥ យ៉ាង​ដើម្បី​ចៀសវាង​ការចាញ់បោក​នៅពេល​ទិញ​របស់​មួយ​ទឹក​

​ការទិញ​របស់​មួយ​ទឹក​គឺជា​វិធី​អស្ចារ្យ​មួយ​ក្នុង​ការថែទាំ​សុខភាព​ហោប៉ៅ​របស់​អ្នក​។ វប្បធម៌​របស់​យើង​គឺ​ញៀន​ទៅនឹង​គំនិត​នៃ "​របស់​ថ្មីៗ​"។ ​របស់ថ្មី​ៗទាំងនោះ​នឹង​បាត់បង់​តម្លៃ​ពាក់កណ្តាល​ភ្លាម នៅពេលដែល​វា​បាន​ចាក​ចេញពី​ហាង​លក់​។ អ្នក​អាច​ទិញ​របស់​ទាំងនោះ​ក្នុងតម្លៃ​ពិតប្រាកដ​មួយ​របស់​វា នៅពេល​រកទិញវាជា​របស់​មួយ​ទឹក​។ 

​ប៉ុន្តែ​ការទិញ​របស់​មួយ​ទឹក​តែងតែ​ជាប់​មកជា​មួយ​នូវ​ហានិភ័យ​ជានិច្ច​។ នៅពេលដែលឈ្មួញលក់រ​បស់​មួយ​ទឹក​ឲ្យ​អ្នក​ហើយ វា​ជាការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​អ្នក ប្រសិនបើ​របស់​នោះ​ខូច ឬ​ប្រើ​ការមិន​ដូច​បំណង​។ ដូច្នេះ សូម​នាំគ្នា​ក្រឡេកមើល​របៀប​ដែល​អ្នក​អាច​ការពារ​ខ្លួន​ពី​អ្នកលក់​ខូចៗ​ទាំងនោះ ដូច​ខាងក្រោម​។ 

១- រថយន្ត
​ឧបមាថា អ្នក​បាន​ទិញ​រថយន្ត​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ​បានមួយគ្រឿងហើយទៅចុះ។ ប៉ុន្តែ​ស្រាប់តែពេលទិញហើយអ្នកមានអារម្មណ៍សង្ស័យថាវាជារថយន្តអេតចាយ​​។ នេះប្រហែលមកពីអ្នកមិនទាន់ចេះមើលរបស់មួយទឹក។ វា​ជា​ការល្អ​ដែល​អ្នក​ត្រូវ​ពិនិត្យមើល​វា​ដោយ​ខ្លួនឯង​តាមរយៈ​ការទិញ​ទស្សនា​វ​ដ្តី​ស្តីពី​ប្រវត្តិ​របស់​រថយន្ត​នោះ​ ឬ​អាច​ស្វែងរកព័ត៌មាន​អំពី​រថយន្ត​នេះ​តាមរយៈ​វេ​ប​សាយ​ ដូចជា VinFreeCheck ជាដើម​។ 

២- គ្រឿង​សង្ហា​រឹម
​ត្រូវ​ចាំ​: គ្រឿង​សង្ហា​រឹម​ដែល​អ្នកទិញ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​អ្នក​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​។ អ្នកនឹង​ឆាប់​ភ្លេច​ថា​របស់​នោះ​ទិញ​មក​បាន​ថោកៗ ប៉ុន្តែ​អ្នកនឹង​មិនដឹងថា​វា​ប្រើ​បានយូរ​ប៉ុនណា​នោះទេ​។ ហេតុដូចនេះ អ្នក​គួរតែ​ពិនិត្យ​គ្រប់​អ្វីៗ​ទាំងអស់​ឲ្យ​បាន​ល្អិតល្អន់​។ 

​ជាដំបូង តើ​គ្រឿង​សង្ហា​រឹម​នោះ​មាន​ខូច ឬ​ធ្លាប់​ជួសជុល​ដែរឬទេ​? ប្រសិនបើ​អ៊ីចឹង​មែន តើ​វា​ត្រូវបាន​ជួសជុល​ត្រឹមត្រូវ​ទេ​? ត្រូវ​សាក​គ្រឿង​សង្ហា​រឹម​នោះ កុំ​ខ្មាសអៀន​ឲ្យ​សោះ ដូចជា​អង្គុយ​លើ​កៅអី​, ឆែក​មើល​ថតតុ​ការិយាល័យ​ទាញ​ចុះឡើង​បាន​ស្រួល​ដែរឬទេ និង​ពិនិត្យ​មើលថា​តើ​តុ​នោះ​មាន​ស្នាម​ប្រេះ​ឬក៏​អត់​។ ប្រសិនបើ​មាន​អ្វីមួយ​ខូច អ្នកមិនត្រូវ​ទិញយក​វា​ភ្លាម​នោះទេ តែ​ត្រូវ​វាយតម្លៃ​មើលថា​តើ​របស់​នោះ​អាច​ប្រើការ​បានដែរ​ឬក៏​អត់​, តើ​អ្នក​អាច​ជួសជុល​វា​បានដែរ​ឬក៏​អត់ តើ​វា​នឹងត្រូវ​ចំណាយ​ប៉ុន្មានសម្រាប់ជួសជុល ហើយ​ប្រសិនបើ​អ្នកលក់​មិនបាន​និយាយ​អំពី​រឿង​ទាំងអស់នោះ​ឲ្យ​បាន​មុនទេ អ្នកត្រូវតែ​តថ្លៃ​ឲ្យ​ទាប​ផ្អែក​តាម​ស្ថានភាព​របស់​គ្រឿង​សង្ហា​រឹម​នោះ​។ 

៣- ផ្ទះល្វែង
​ផ្ទះល្វែង​មួយ​ទឹក​ស្តាប់ទៅ​ដូចជា​ចម្លែក​បន្តិច ប៉ុន្តែ​អ្នក​មិនអាច​ចៀស​រួច​ពី​ទិញ​វា​នោះទេ ប្រសិនបើ​អ្នក​គ្មាន​លុយ​ទិញ​ផ្ទះ​ថ្មី​។ នៅពេល​អ្នកមាន​បំណង​ទិញ​ផ្ទះល្វែង​មួយ​ទឹក អ្នក​ត្រូវតែ​យកចិត្តទុកដាក់​លើ​ចំណុច​ផ្សេងៗ​ជាច្រើន​។ ទោះយ៉ាងណា ល្បិច​ដែល​ប្រើ​ដោយ​ភ្នាក់ងារ​លក់​ខិលខូច​គឺ​សុទ្ធតែ​ដូចគ្នា​ទាំងអស់​។ ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ប្រសិនបើ​ភ្នាក់ងារ​នោះ​និយាយថា រូបគេ​មាន​អ្នកចរចា​ទិញ​ល្អប្រសើរ​រួចហើយៗ​ប្រសិនបើ​អ្នក​ចង់​ទិញ​ផ្ទះ​នោះ​ទៀត អ្នកនឹង​ត្រូវចំ​ណាយ​ឲ្យ​ច្រើនជាង​អ្នក​មុន​។ ឬ​មិន​អ៊ីចឹង​ទេ ភ្នាក់ងារ​លក់​នោះ​អាច​នឹង​ប្រឹង​បញ្ចុះបញ្ចូល​អ្នក​យ៉ាងខ្លាំង​ដើម្បី​ឲ្យ​អ្នកសម្រេចចិត្ត​ចុះ​កិច្ចព្រមព្រៀង​ទិញ​ផ្ទះ​នោះ​ឥឡូវ​ភ្លាម និង​ផ្តល់​ការបញ្ចុះ​តម្លៃ ឬ​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​។ ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នកទទួលបាន​របាយ​ការណ៍​អំពី​ស្ថានភាព​ផ្ទះ​នោះ ធ្វើ​ដូចនេះ​ទើប​អ្នក​អាចមាន​លទ្ធភាព​ដាក់ពាក្យ​ប្តឹង​ភ្នាក់ងារ​ម្នាក់​នោះ ប្រសិនបើ​អ្នករក​ឃើញថា​គុណវិបត្តិ​មួយចំនួន​ត្រូវបាន​លាក់បាំង (​ឧ​. ជញ្ជាំង​ប្រេះ​ទេ​តែ​ត្រូវគេ​លាបថ្នាំ​ពីលើ​បិទបាំង​) ក្រោយ​ពេលដែល​ទិញ​ផ្ទះ​នោះ​រួច​។ 

៤- សម្លៀកបំពាក់
​សម្លៀកបំពាក់​ជជុះ​គ្មាន​ការធានា​ណាមួយ​ពី​អ្នកលក់ ឬ​រោងចក្រ​ផលិត​នោះទេ ដូច្នេះ​អ្នក​គួរតែ​ប្រយ័ត្នប្រយែង​មែនទែន​នៅពេល​ពិនិត្យ​រកមើល​កន្លែង​ខូច​។ ទោះបីជា​អ្នកហួសពីមានលទ្ធភាពទិញវាក៏ដោយ ក៏ប៉ុន្តែ​វាជារឿងគួរឲ្យរំខានណាស់​នៅពេល​យក​សម្លៀកបំពាក់មកដល់​ផ្ទះ​ទើប​ដឹងថា​វាខូចត្រង់នេះឬត្រង់នោះ​។ មួយវិញទៀត ​ហាង​លក់​របស់​ជជុះ​មួយចំនួន​ពុំមាន​បន្ទប់​ប្តូរ​សម្លៀកបំពាក់​ដើម្បី​ឲ្យ​អ្នក​ល៎មើ​ល​មុនពេល​ទិញ​នោះទេ​។ ដូច្នេះ​ត្រូវ​ស្លៀកពាក់​ស្តើងៗ​នៅពេល​ទៅ​ទិញ​នៅ​ហាង​ទាំងនោះ​។ 

៥- ទូរស័ព្ទដៃ
​ការទិញទូរស័ព្ទដៃ ឬ​របស់​អេ​ឡិច​ត្រូ​និ​ចផ្សេងទៀត​អាចក្លាយ​ការទិញ​មួយ​ដ៏​សមរម្យ ឬ​ជា​ការទិញ​មួយ​ដែល​នាំទុក្ខ​ដាក់ខ្លួន នៅពេល​អ្នក​បាន​ទិញ​វា​ជា​របស់​មួយ​ទឹក​។ រឿង​ទាំងអស់នេះ​គឺ​វា​ពាក់ព័ន្ធ​នឹង​ការចេះ​មើល​ត្រង់​កន្លែង​ណាខ្លះ​នៃ​របស់​មួយ​ទឹក​នោះ​។​

​ត្រូវ​សួររក​វិក័យប័ត្រ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​អ្នក​មិនបាន​ទិញយក​របស់​លួច​គេ​នោះទេ​។ ត្រូវ​ស្រាវជ្រាវ​មើល​ឧបករណ៍​នោះ​ឲ្យ​បាន​ហ្មត់ចត់​មុនពេល​ទិញ ដូច្នេះ​ទើប​អ្នកដឹង​រាល់​មុខងារ​របស់​វា និង​អាច​ឆែក​មើលថា​តើ​ឧបករណ៍​នោះ​ដំណើរការបាន​ស្រួល​ដែរ​ឬក៏​អត់ មុនពេល​ហុច​លុយ​ឲ្យ​គេ​។ កុំ​ទិញ​របស់​អេ​ឡិច​ត្រូ​និ​ច​ដោយ​មិនបាន​ពិនិត្យមើល​ដោយ​ខ្លួនឯង​ជាមុន​ឲ្យ​សោះ​។ ត្រូវ​ឆែក​មើលថា​តើ​អេក្រង់​ថាច់​ស្គ្រី​ន ឃី​ចុច និង​អ្វីៗ​ផ្សេងទៀត​ដំណើរការបាន​ស្រួល​ឬទេ​។​

​អ្នកទិញ​ដែលមាន​បទពិសោធន៍​អាច​សន្សំ​លុយ​បាន​ច្រើនណាស់​តាមរយៈ​ការទិញ​របស់​មួយ​ទឹក​។ អ្នក​គួរតែ​រៀន​​អំពី​ជំនាញ​ពិនិត្យរបស់មួយទឹក​។ មនុស្ស​ភាគច្រើន​ខ្វះ​ការប្រុងប្រយ័ត្ន​ដោយសារតែ​ការធានា និង​គោលការណ៍​ប្រគល់​របស់​ត្រឡប់មកវិញ​៕  

adverise with khmeread

មតិយោបល់