យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃពុធនេះបានឱ្យដឹងថា បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ លោកដូណាល់ ត្រាំ និយាយថា ផែនការគោលនយោបាយរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងប្រទេសស៊ីរីអាចនឹងបង្កសង្គ្រាមលោកលើកទីបី។
លោកត្រាំនិយាយថា អាមេរិកគួរផ្តោតលើការបំបាក់ក្រុមអាយស៊ីស ជាជាងបញ្ចុះបញ្ចូលឱ្យប្រធានាធិបតីស៊ីរី បាសា អាល់អាស្សាដ ចុះចេញពីតំណែង។
លោកស្រីគ្លីនតុនបានស្នើឱ្យមានតំបន់គ្មានការហោះហើរលើប្រទេសស៊ីរី ដែលអ្នកខ្លះនិយាយថា អាចនាំឱ្យមានជម្លោះជាមួយយន្តហោះចម្បាំងរុស្ស៊ី។
យុទ្ធនាការរបស់លោកស្រីគ្លីនតុនបានចោទដូណាល់ ត្រាំថា "លេងល្បែងបំភ័យពលរដ្ឋអាមេរិក"។
លោកត្រាំក៏បានវាយប្រហារអ្នកនៅបក្សសាធារណរដ្ឋផងដែរ ដែលមិនរួបរួមគ្នានៅពីក្រោយបេក្ខភាពរបស់លោក។
លោកត្រាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅរមណីយដ្ឋាន Trump National Doral ក្នុងទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា យ៉ាងដូច្នេះ "ប្រសិនបើយើងមានការឯកភាពបក្ស យើងនឹងមិនចាញ់ហ៊ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោតទេ"។
លោកត្រាំបានតម្លើងសំឡេងខ្លាំងៗ ពេលរិះគន់ផែនការរបស់បេក្ខជនបក្សប្រជាធិបតេយ្យ ហ៊ីលឡារីគ្លីនតុន ដើម្បីគ្រប់គ្រងដែនអាកាសស៊ីរី។
លោកត្រាំនិយាយថា "អ្នកនឹងទៅរកសង្គ្រាមលោកលើកទីបីនៅស៊ីរី ប្រសិនបើយើងស្តាប់ហ៊ីលឡារី គ្លីនតុន។ អ្នកមិនមែនវាយស៊ីរីទៀតទេ អ្នកកំពុងប្រយុទ្ធជាមួយស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ ត្រូវទេ? រុស្ស៊ីជាប្រទេសនុយក្លេអ៊ែរមួយ ប៉ុន្តែប្រទេសមួយ ដែលប្រើនុយក្លេអ៊ែរប្រឆាំងប្រទេសមួយទៀតទើបជាបញ្ហា"។
លោកត្រាំក៏លើកឡើងដែរថា លោកស្រីគ្លីនតុននឹងមិនអាចជជែកជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានឡើយ បន្ទាប់ពីការរិះគន់ខ្លាំងៗរបស់លោកស្រីទៅលើលោកពូទីន៕
ប្រភព៖ BBC
