adverise with khmeread 14881197 1158494037570803 744152285 o

អាងមានកាំបិត​បុ័ងតោ​ដេញ​កាប់ប្លន់យកម៉ូតូគ្មានប្រណី

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព​ប្លន់​ដោយ​ប្រើ​កាំបិត​បុ័ងតោ​ដេញ​កាប់​យក​ម៉ូតូ​កាលពី​វេលា​ម៉ោង១១​ កន្លះ​ថ្ងៃទី​២៦​ តុលា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិភ្នា​ត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ណាត វណ្ណា ​ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅ និង​មុខរបរ មិន​ប្រាកដ (​ឃាត់ខ្លួន​) និង​ជនសង្ស័យ​ទី​២-​ឈ្មោះ នេ​ត ចាន់​រិទ្ធី ហៅ ធី ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ  រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ជិន ចំរើន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបររត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​ ​សម្ភារៈ​បាត់បង់​ម៉ូតូ​ ០១ ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL 2622។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ណាត វណ្ណា និង ឈ្មោះ នេ​ត ចាន់​រិទ្ធី ហៅ ធី បាន​ហៅ​ម៉ូតូឌុប​ ០១ ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL 2622 របស់​ជនរងគ្រោះ​ឈ្មោះ ជិន ចំរើន ជិះ​ចេញ​ពីមុខ​ក្លឹប​ម៉ាលី ផ្លូវ​មុន្នី​រ៉េត សង្កាត់ ស្ទឹងមានជ័យ ទៅផ្ទះ​ជួល​នៅ​ភូមិថ្មគោល សង្កាត់ចាម​ចៅ រួច​ឱ្យ​ឌុប​ត្រឡប់មក​សង្កាត់ស្ទឹងមានជ័យ​វិញ។​

    ពេលមកដល់​ចំណុច​ផ្លូវ​បេតុង ភូមិភ្នា​ត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជនសង្ស័យ​បានឱ្យ​ជនរងគ្រោះ​ឈប់​ម៉ូតូ​ហើយ​ដក​កាំបិត​បុ័ងតោ​គំរាម​ដេញ​កាប់ ជនរងគ្រោះ​ក៏បាន​រត់គេចខ្លួន​ចោល​ម៉ូតូ។​

    ពេលនោះ​ជនសង្ស័យ​ទាំង​ ០២ ​នាក់​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់ លុះ​មកដល់​វេលា​ម៉ោង​ ០២ ​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៧​ តុ​លា ​ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ប្រទះឃើញ​ជនសង្ស័យ​ទាំង ​០២ ​នាក់​ឈ្មោះ ​ណាត វណ្ណា និង ឈ្មោះ នេ​ត ចាន់​រិទ្ធី ហៅ ធី កំពុង​ដើរ​នៅ​ចំណុច​ផ្លូវ​មុន្នី​រ៉េត ភូមិភ្នា​ត សង្កាត់ស្ទឹងមានជ័យ ក៏​ឃាត់ខ្លួន​យកមក​សាកសួរ​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ​០២ ​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង៕

adverise with khmeread

មតិយោបល់