ចាប់ខ្លួន​ទណ្ឌិត​ជន​ សោម ឯក នៅ​ភ្នំ​គូលែន​ក្រោយ​រត់គេច​ពី​ពន្ធនាគារ​បាន​១៦​ថ្ងៃ

    ភ្នំពេញ ៖ សមត្ថកិច្ច​ខេត្ត​សៀម​រា​បានឱ្យដឹងថា ទណ្ឌិត​ជន​ឈ្មោះ សោម ឯក ដែល​បាន​រត់គេចខ្លួន​ចេញពី​ពន្ធនាគារ​កាលពី​យប់​ថ្ងៃទី៩ តុលា ឆ្នាំ ២០១៦​ ដោយសារ​ការធ្វេសប្រហែស​របស់​អនុ​រ័ក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ី ​ភ្នំពេញ​នោះ ត្រូវបាន​កងកម្លាំង​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​នាយក​ដ្ឋា​ន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ចាប់ខ្លួនបាន​មកវិញហើយ​កាលពី​ព្រឹក​ថ្ងៃទី២៦ តុលា ឆ្នាំ២០១៦។​

    តាម​ប្រភព​ព័ត​មាន​ឱ្យដឹងថា ទណ្ឌិត​សោម ឯក​នឹងត្រូវ​បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ​វិញ​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ហើយ​ត្រូវ​ប្រឈមមុខ​ការកសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ជាថ្មី​អំពី​បទល្មើស​រត់គេចខ្លួន។​

    សូម​រំលឹកថា ទណ្ឌិត ​សោម ឯក បាន​រត់គេចខ្លួន​ពី​មន្ទីរពេទ្យ​រុស្ស៊ីកាលពី​យប់​ថ្ងៃទី​០៩ តុលា ឈានចូល​ថ្ងៃទី១០ តុលា​ដោយសារ​ការធ្វេសប្រហែស​របស់​ឆ្មាំ​គុក​ខណៈ ​សោម ឯក បានទទួល​ការអនុញ្ញាតឱ្យ​ចេញមក​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​រុស្ស៊ី។​

    សោម ឯក ហៅ​ក្រៅ ជា គឹមហួន ត្រូវបានតុលាការ សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ បានបើកសវនាការ លើ បទចោទប្រកាន់ សមគំនិតមនុស្សឃាតគិតទុកជាមុន ដែលបានប្រព្រឹត្តកាលពី ឆ្នាំ២០០៣។​

    សោម ឯក ត្រូវបាន តុលាការសម្រេចផ្តន្តាទោស ដាក់ពន្ធនាគារ ចំនួន ៤៦ ឆ្នាំ កាលពីពេលថ្មីៗ នេះ លើបទចោទប្រកាន់ពីរករណីក្នុងរឿង បង្កើតចលនាប្រដាប់អាវុធខុសច្បាប់ និងការដាក់ គ្រាប់បែកបំផ្ទុះធ្វើអំពើភាវរកម្ម។​

    ការចោទប្រកាន់ ពីបទ សមគំនិតលើករណីមនុស្សឃាត គិតទុកជាមុន ដែលតុលាការលើកយកមកកាត់ទោស នៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០១១ គឺជា សំណុំរឿង ដែលបានកើតឡើង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០០ នៅចំណុច ផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    សោម ឯក នៅក្នុង សវនាការ បានបដិសេធនូវរាល់ការចោទប្រកាន់ ហើយទាមទារឱ្យមានការ តទល់គ្នា នៅក្នុងសវនាការរវាងលោក ជាមួយនិងប្រពន្ធ ដែលជាដើមបណ្តឹង ចោទប្រកាន់លើរូបលោក។​

    ទណ្ឌិត​​ ជន​សោម ឯក ហៅ ជា គឹម ហ៊ួ ន ជាអតីតទាហាន ចូលបម្រើការ នៅក្រសួងការពារជាតិ តាំងពី ឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ២០០៣។ លោក សោម ឯក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ សរុបចំនួន ៤៦ ឆ្នាំ។​

    ក្នុងនោះ ករណីទី១ ពីបទបង្កើតចលនាកងទ័ពក្បាលខ្លា ដោយខុសច្បាប់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន ១៨ ឆ្នាំ និង មួយ ករណីទៀត ពីបទបំផ្ទុះគ្រាប់ធ្វើ ភាវរកម្ម នៅមុខក្រសួងការពារជាតិ កាលពី ថ្ងៃទី៧ ខែមករា ឆ្នាំ ២០០៩ ដោយ តុលាការ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន ២៨ ឆ្នាំ៕


 

Unnamed
adverise with khmeread
Loading ad ...